GuidePedia

0
វិស័យ​កីឡា​ប្រដាល់​នៅ​​​កម្ពុជា​បាន​រីក​ចម្រើន​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្នែក​​សង្វៀន​ប្រដាល់​ និង​តម្លៃ​ខ្លួន​ ហើយ​ស្ទើរ​តែ​រក​កីឡាករ​ឲ្យ​ប្រកួត​មិន​គ្រប់​ផង​ជា​រៀង​រាល់​សប្តាហ៍ ប៉ុន្តែ​បើ​និយាយ​ពី​គុណភាព​វិញ​អាច​ខ្សោយ​ជាង​សម័យ​លោក​ អេ​ ភូថង​។ Sabay សូម​លើក​យក​កត្តា​អវិជ្ជមាន​​៦​​យ៉ាង​ដែល​​កើត​មាន​ក្នុង​ពិភព​ប្រដាល់​ខ្មែរ។

ការ​ប្រកួត​របស់ ពេជ្រ សីហា (ក្រហម) និង​កីឡាករ​បរទេសនាពេលកន្លងមក

១- ​អាជ្ញា​​កណ្ដាល​​មិន​ដឹង​ច្បាស់​ពី​​សញ្ញា​របស់​កីឡាករ
កន្លង​មក​ធ្លាប់​មាន​អាជ្ញា​កណ្ដាល​ប្រដាល់​កម្ពុជា​បាន​បញ្ឈប់​ការ​ប្រកួត​ដោយ​មិន​បាន​ស្គាល់​ច្បាស់​ពី​សញ្ញា​របស់​កីឡាករ​ ប៉ុន្តែ​ករណី​បែប​នេះ​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​កីឡាករ​បរទេស​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា។

ជាក់​ស្តែង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ លោក​អាជ្ញា​កណ្តាល​ ធន់ សុភា​ បាន​បញ្ឈប់​ការ​ប្រកួត​កីឡាករ​ថៃ​ម្នាក់​ដោយ​បាន​ផ្ដល់​ជ័យជម្នះ​ទៅ​កីឡាករ​ ប៊ឹត ខាំ។ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​ពីរ​នៅ​ទឹក​ទី​​ទី​៤​ ប៊ឹត ខាំ​ ត្រូវ​បាន​​កីឡាករ​​ថៃ​ឡើង​ជង្គង់​រហូត​លោក​អាជ្ញា​កណ្ដាល​រាប់​៨​ម្តង​ ប៉ុន្តែ​កីឡាករ​កម្ពុជា​ម្នាក់​នេះ​បាន​ងើប​ឡើង​ និង​បាន​វាយ​ពីរ​កែង​លើ​កីឡាករ​ថៃ​​ដែល​បណ្ដាល​ឲ្យ​ស្រុត​ចុះ​បន្តិច។ ឃើញ​បែប​នេះ ធន់ សុភា បាន​រាប់​កីឡាករ​ថៃ​ និង​បញ្ឈប់​​ការ​ប្រកួត​តែ​ម្តង​ដោយ​ឃើញ​គ្រវី​ក្បាល​​​ទាំង​រូប​គេ​នៅ​កម្លាំង​រឹង​មាំ​នៅ​ឡើយ។ តាម​មើល​​អាការៈ​​គឺ​ថា​ កីឡាករ​ថៃ​ម្នាក់​នេះ​ទំនង​ជា​មិន​ពេញ​ចិត្ត​នឹង​ការ​រាប់​របស់​អាជ្ញា​កណ្ដាល​ ឬ​អាច​បណ្ដាល​មក​ពី​ ប៊ឹត ខាំ​ វាយ​ចំ​កន្លែង​ហាម​ឃាត់​ទើប​ធ្វើ​ឲ្យ​រូប​គេ​មិន​អស់​ចិត្ត​ និង​បាន​គ្រវី​ក្បាល​ពេល​អាជ្ញា​កណ្ដាល​រាប់​លើ​រូប​គេ​ ប៉ុន្តែ​​បែរ​ជា​​អាជ្ញា​កណ្ដាល​​បាន​បញ្ឈប់​តែ​ម្តង។

២- ការ​ផ្គូផ្គង​ខុស​ទម្ងន់​គ្នា​
ស្ទើរ​គ្រប់​សង្វៀន​ប្រដាល់​ទាំង​អស់​នៅ​​រាជ​ធានី​ភ្នំពេញ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​រឿយ​ៗ​ថា មាន​ការ​ផ្គូផ្គង​​ឲ្យ​កីឡាករ​ប៉ះ​គ្នា​ ប៉ុន្តែ​ទម្ងន់​មិន​សូវ​ត្រូវ​គ្នា​ក្នុង​នោះ​ទាំង​កីឡាករ​កម្ពុជា​ និង​កម្ពុជា​ ព្រម​ទំាង​កីឡាករ​កម្ពុជា​និង​កីឡាករ​បរទេស។ ប្រសិន​បើ​កីឡាករ​ដែល​មាន​មាឌ​តូច​ទាប​ជាង​ឈ្នះ​ គឺ​គ្មាន​បញ្ហា​អ្វី​ទេ​ ប៉ុន្តែ​ប្រសិន​បើ​ចាញ់​វិញ​នោះ​ ពួក​គេ​តែង​តែ​យក​ឡេះ​ថា​ «ទៅ​មិច​រួច​នឹង​គេ​ បើ​គេ​​លើស​ទម្ងន់​យើង»។

ចំណុច​នេះ​ អ្នក​ប្រដាល់​ពូកែ​ល្បិច​ ផល​ សោភ័ណ្ឌ​​ ធ្លាប់​ប្រកួត​ចាញ់​ ពេជ្រ​ សីហា​ នៅ​សង្វៀន​បាយ័ន​ដែល​អ្នក​ទាំង​ពីរ​មើល​ទៅ​ទម្ងន់​ខុស​គ្នា។ សោភ័ណ្ឌ​ធ្លាប់​និយាយ​ថា​ ធ្វើ​ម៉េច​ឲ្យ​គេ​ប្រកួត​ឈ្នះ​​ទៅ​ បើ​សីហា​មាន​មាឌ​ធំ​ និង​ទម្ងន់​លើ​ច្រើន​គីឡូ​​នោះ។ ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឡើង​ប្រកួត? កីឡាករ​ឆ្លើយ​ថា ពេល​ផ្គូផ្គង​គឺ​យល់​ព្រម​ឲ្យ​ភាគី​ទម្ងន់​ធ្ងន់​ជាង​ត្រូវ​សម្រក​គីឡូ ហើយ​អ្នក​ទម្ងន់​តិច​ជាង​ត្រូវ​បង្កើន​ ប៉ុន្តែ​ដល់​ថ្ងៃ​ប្រកួត​មិន​បាន​សម្រេច​ដូច​បំណង​ ដូច្នេះ​ក៏​ប្រកួត​ទាំង​ទម្ងន់​ខុស​គ្នា។

៣- ការ​ប្រកួត​ដើម្បី​​ប្រាក់​ចិញ្ចឹម​ក្រពះ​
ដោយ​សារ​ជីវភាព​ខ្វះ​ខាត​ និង​គ្មាន​ចំណេះ​ដឹង​ខ្ពស់​ កីឡាករ​មួយ​ចំនួន​ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ​​គឺ​ឡើង​ប្រដាល់​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​ ពី​ព្រោះ​មិន​អាច​ស្វែង​រក​ការងារ​ល្អ​ៗ​ធ្វើ​បាន។ ប្រសិន​បើ​កីឡាករ​មាន​ប្រពន្ធ​កូន​នោះ​ ពួក​គេ​គ្មាន​ពេល​ច្រើន​ដើម្បី​ហ្វឹកហាត់​ឡើយ​ គឺ​អាច​ហាត់​បាន​តែ​ពីរ​ឬ​បី​ថ្ងៃ​មុន​ការ​ប្រកួត​ប៉ុណ្ណោះ​មុន​ពេល​ឡើង​ប្រកួត។ ដូច្នេះ​សមត្ថភាព​នៃ​ការ​ឡើង​ប្រកួត​របស់​ពួក​គេ​មិន​អាច​ឈាន​ឡើង​ដល់​កម្រិត​ខ្លាំង​បាន​ឡើយ​ ពី​ព្រោះ​ពួក​គេ​គ្មាន​​ពេល​ហ្វឹកហាត់​គឺ​ឡើង​ប្រកួត​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​តែ​ប៉ុណ្ណោះ។ កីឡាករ​ដែល​មិន​ទាន់​មាន​ប្រពន្ធ​កូន​មួយ​ចំនួន​ក៏​មិន​ប្រឹង​ហ្វឹកហាត់​ថែម​ទៀត។ ដល់​ពេល​ថ្ងៃ​ប្រកួត​ ពួក​គេ​ឡើង​ប្រកួត​ដើម្បី​បាន​ប្រាក់​តែ​ប៉ុណ្ណោះ​ ហើយ​ប្រសិន​បើ​មើល​ទៅ​ដៃ​គូ​ខ្លាំង​មិន​អាច​តស៊ូ​បាន​ ពួក​គេ​ធ្វើ​សន្លប់​តែ​ម្តង​គ្រាន់​តែ​ត្រូវ​តិច​តូច។

កីឡាករ​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​​គឺ សរ ស៊ី នៅ​តែ​បន្ត​អាជីព​ប្រដាល់​​បាន​និយាយ​ថា ​រូប​គេ​មិន​ចង់​ល្បី​ ឬ​ឈ្នះ​ខ្សែ​ក្រវាត់​អ្វី​ឡើយ​គឺ​ឡើង​ប្រកួត​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ប្រពន្ធ​កូន​ប៉ុណ្ណោះ។ ចំណក​គ្រូ​បង្វឹក​ប្រដាល់​ម្នាក់​បាន​និយាយ​ថា​ កីឡាករ​មួយ​ចំនួន​អត់​ប្រឹង​ហ្វឹកហាត់​ទេ​​គឺ​ចាំ​តែ​ដល់​ថ្ងៃ​ប្រកួត​ ក៏​ឡើង​ប្រកួត​ដើម្បី​បាន​លុយ​តែ​ប៉ុណ្ណោះ។ កូន​សិស្ស​របស់​គាត់​ម្នាក់​​ដល់​​ថ្ងៃ​ប្រកួត​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ​​ដណ្ដើម​ខ្សែ​ក្រវាត់​ហើយ​ ក៏​អត់​ខំ​ប្រឹង​ហាត់ ហើយ​ទៅ​ចាញ់​អ្នក​ខ្សោយ​ជាង​ខ្លួន។

៤​-​ ការ​ផ្គូផ្គង​គូ​ប្រកួត​ដោយ​ប្រកាន់​បក្ស​ពួក​
ការ​ផ្គូផ្គង​​ដោយ​ប្រកាន់​បក្ស​ពួក​និយម​ក៏​ជា​​ចំណែក​មួយ​​ដ៏​អាក្រក់​កើត​ឡើង​នៅ​ក្នុង​សង្គម​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ​ដែល​​ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​គ្មាន​ឱកាស​ឡើង​បង្ហាញ​សមត្ថភាព​លើ​សង្វៀន​ និង​បង្ខំ​ចិត្ត​ដើរ​ចេញ​ពី​ពិភព​ប្រដាល់។ ផ្ទុយ​ទៅ​វិញ​ កីឡាករ​មួយ​ចំនួន​បែរ​ជា​បង្ហាញ​ខ្លួន​ញឹក​ញាប់​ ទោះ​សមត្ថភាព​នៅ​មាន​កម្រិត​ក៏​ដោយ។

កីឡាករ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ Sabay ថា រូប​គេ​ពិត​ជា​ឧស្សាហ៍​បាន​ឡើង​ប្រកួត​ញឹកញាប់​មែន​ដែល​យ៉ាង​ហោច​ណាស់​ក៏​២​ដង​ក្នុង​មួយ​ខែ​ដែរ​ដោយ​សារ​គ្រូ​បង្វឹក​របស់​គេ​ស្និទ្ធស្នាល​ជា​មួយ​គណៈកម្មការ​ផ្គូផ្គង​ការ​ប្រកួត។ ចំណែក​កីឡាករ​ម្នាក់​ទៀត​ដែល​បាន​ដើរ​ចេញ​ពី​ភព​ប្រដាល់​ហើយ​លើក​ឡើង​ថា រូប​គេ​កម្រ​បាន​ឡើង​ប្រកួត​ណាស់​ពោល​គឺ​យូរ​ទើប​អាច​បាន​ប្រកួត​ម្តង​ ដូច្នេះ​ក៏​បង្ខំ​ចិត្ត​ឈប់​ពី​ប្រដាល់។

៥- ហេតុ​អ្វី​គុណភាព​ប្រដាល់​មិន​ខ្លាំង​ដូច​សម័យ​មុន
ទោះ​ជា​បច្ចុប្បន្ន​មាន​សង្វៀន​ប្រដាល់​រីក​ដូច​ផ្សិត​ និង​ប្រាក់​តម្លៃ​ខ្លួន​ក៏​កើន​ឡើង​ខ្ពស់​គួរ​សម​ ប៉ុន្តែ​បើ​និយាយ​ពី​​គុណភាព​ប្រដាល់​វិញ​គឺ​នៅ​មាន​កម្រិត​ បើ​ប្រៀប​ធៀប​នឹង​សម័យ​កាល​លោក​ អេ ភូថង​ដែល​មិន​​សូវ​មាន​សង្វៀន​ប្រកួត​ និង​តម្លៃ​ខ្លួន​ក៏​ទាប់។ សម័យ​លោក​ អេ ភូថង ឬ នួន ភិរម្យ​ត្រូវ​បាន​គេ​ដឹង​ថា មាន​កីឡាករ​ខ្លាំង​ៗ​មួយ​ចំនួន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ជា​ពិសេស​នៅ​ប្រទេស​ថៃ​ និង​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​​នៅ​​ទីនោះ​​ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​មិន​ទាន់​មាន​កីឡាករ​កម្ពុជា​ណា​​ខ្លាំង​ទៅ​សាង​កេរ្តិ៍​ឈ្មោះ​នៅ​ក្រៅ​ប្រទេស​ឡើយ។

តើ​ចំណុច​នេះ​បណ្ដាល​មក​ពី​ខ្វះ​កីឡាករ​ ឬ​ប្រាក់​តម្លៃ​ខ្លួន​ទាប?​ លោក តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ ធ្លាប់​បាន​និយាយ​ថា​ សព្វ​ថ្ងៃ​នេះ​ សហព័ន្ធ​ខ្វះ​កីឡាករ​ល្អ​ៗ​​ដើម្បី​ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួត ហើយ​សង្វៀន​ទូរទស្សន៍​មួយ​ចំនួន​ច្រណែន​គ្នា​ជុំ​វិញ​ការ​ចាប់​កីឡាករ​ឲ្យ​ប្រកួត​នៅ​សង្វៀន​នេះ​​ នៅ​សង្វៀន​នោះ​​ដោយ​លើក​ឡើង​ថា កីឡាករ​នេះ​​ល្អ​ជាង​ កីឡាករ​អន់​​ជា​ដើម​ពោល​គឺ​ពួក​គាត់​ចង់​បាន​កីឡាករ​ល្អ​ដើម្បី​ទាក់​ទាញ​អ្នក​គាំទ្រ។​ ​បច្ចុប្បន្ន​នេះ​កីឡាករ​ល្អ​ៗ​ជួរ​មុខ​​ដែល​ត្រូវ​ប៉ាន់​នឹង​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​មាន​ស្ទើរ​មិន​ដល់​៣០​នាក់​ផង​ ខណៈ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​កើត​ឡើង​រាល់​សប្ដាហ៍។

៦- ប្រដាល់​សកល​កាន់​តែ​ស្ងាត់
ប្រដាល់​សកល​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​ស្ងប់ស្ងាត់​ខ្លាំង​ឡើង​ហើយ បើ​ទោះ​ជា​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ក៏​ប្រដាល់​សកល​មួយ​​នេះ​​មិន​មាន​សកម្មភាព​គួរ​ឲ្យ​កត់​សំគាល់​​នៅ​លើ​សង្វៀន។ ប្រដាល់​សកល​ជា​ប្រភេទ​កីឡា​មួយ​ដែល​ពេញ​និយម​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ផ្លូវ​ការ​ទាំង​កម្រិត​តំបន់​​ ទ្វីប​ និង​ពិភព​លោក។

សព្វ​ថ្ងៃ​នេះ​ ​​សហព័ន្ធ​​កីឡា​ប្រដាល់​កម្ពុជា​មិន​សូវ​យក​ចិត្ត​ទុក​ឡើយ​ចំពោះ​​ប្រដាល់​សកល​ ប៉ុន្តែ​បាន​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ប្រដាល់​សេរី​ដែល​​គ្មាន​ក្នុង​ការ​ប្រកួត​​​​ស៊ីហ្គេម​។ ស្រប​ពេល​ដែល​កម្ពុជា​គ្រោង​រៀប​ចំ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ តើ​កម្ពុជា​ដាក់​បញ្ចូល​វិញ្ញាសា​ប្រដាល់​សកល​​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ដោយ​របៀប​ណា​​​ បើ​មិន​ខំ​ប្រឹង​ពី​ពេល​នេះ​ទៅ?

Post a Comment

 
Top