GuidePedia

0
ខ្សែ​ប្រយុទ្ធ Theo Walcott និង​ខ្សែ​បម្រើ Santi Cazorla បាន​ស៊ីញ៉េ​កុងត្រា​ថ្មី​នៅ Arsenal ហើយ ដែល​ក្នុង​នោះ Walcott បន្ត​ ៤ឆ្នាំ រហូត​ដល់​ឆ្នាំ​២០១៩ ឯ Cazorla បន្ត​២ឆ្នាំ​ទៀត ដល់ឆ្នាំ​២០១៧។

Walcott បង្ហោះ​រូប​នេះ​លើ Instagram របស់​ខ្លួន

កុងត្រា​ថ្មី​នេះ នឹង​ធ្វើ​ឲ្យ​កីឡាករ​អង់គ្លេស វ័យ​២៦ឆ្នាំ​ Walcott ​​ទទួល​បាន​ប្រាក់​កម្លាំង​ពលកម្ម​ ១៤ម៉ឺន​ផោន​ (ជាង​២១ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍។ ចំណែក​កីឡាករ​អេស្ប៉ាញ Cazorla ដែល​មាន​វ័យ​៣០ឆ្នាំ​ហើយ​នោះ មិន​មាន​ការ​បញ្ជាក់​នោះ​ទេ។

លោក Arsene Wenger អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​របស់​កាំភ្លើង​ធំ​បាន​និយាយ​ថា៖ “ពួក​គេ​ទាំង​២​ សុទ្ធ​តែ​ជា​កីឡាករ​មាន​គុណភាព​កំពូល​ ដែល​សំខាន់ និង​មាន​ឥទ្ធិពល​ដល់​ក្រុម​ទាំង​មូល។ ក្រៅ​ពី​រួម​ចំណែក​យ៉ាង​ធំធេង​នៅ​លើ​ទីលាន ពួក​គេ​ទាំង​២​ក៏មាន​ភាព​ល្បីល្បាញ​នៅ​ក្រៅ​ទីលាន​ផង​ដែរ”។

Walcott បាន​បង្ហាញ​ខ្លួន​​ក្នុង​លីក​កំពូល​អង់គ្លេស​ឲ្យ Arsenal បាន​២០៨ប្រកួត និង​ស៊ុត​បញ្ចូល​ទី​​បាន​៥០គ្រាប់ ក្រោយ​​ផ្លាស់​ចេញ​ពី Southampton កាល​ពី​ឆ្នាំ​២០០៦ ក្នុង​តម្លៃ​ខ្លួន ១២,៥លាន​ផោន។ បើ​គិត​លើ​រយៈ​ពេល កីឡាករ​អង់គ្លេស​រូប​នេះ ស្ថិត​នៅ​កាំភ្លើង​ធំ​បាន​យូរ​ជាង​គេ​ធៀប​កីឡាករ​បច្ចុប្បន្ន។

ចំណែក​ឯ Cazorla វិញ បាន​ចេញ​ពី Malaga មក Emirates Stadium កាល​ពី​ឆ្នាំ​២០១២។ រយៈ​ពេល​៣ឆ្នាំ​កន្លង​មកនេះ រូប​គេ​អាច​រក​គ្រាប់​បាល់​បាន​២៣គ្រាប់ ក្នុង​១០៦ប្រកួត។


ក្រៅ​ពី​បន្ត​កុងត្រា​ជាមួយ​កីឡាករ​ទាំង​២​ខាង​លើ កាំភ្លើង​ធំ​​ក៏​​បញ្ចេញ​​យុវជន​២នាក់​ផង​ដែរ ពោលគឺ ខ្សែ​ការពារ Isaac Hayden ដែល​មាន​វ័យ​២០ឆ្នាំ ត្រូវ​ Hull ខ្ចី​ជើង​មួយ​រដូវ​កាល ឯ​ខ្សែ​បម្រើ Dan Crowley អាយុ​១៧ឆ្នាំ ត្រូវ Barnsley ខ្ចី​ជើង​ដល់​ខែ​មករា៕​​​

Post a Comment

 
Top