GuidePedia

0
កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ ១៥ ឆ្នាំ​របស់​កម្ពុជា (U-15) ទទួលបាន​ប្រាក់​លើកទឹកចិត្ត​ចំនួន ១៦០០០ ដុល្លារ​សហរដ្ឋអាមេរិក ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល អំឡុងពេល​សម្ដេច​អញ្ជើញ​ទៅ​ចូលរួម​ក្នុង កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី៧ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន។


ពេល​ដំណាល​នឹង​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន លើក​ទី៧ នេះ ក្រុម​U-15 របស់​កម្ពុជា បាន​ចូលរួម​ក្នុង​បេសកកម្ម​ប្រកួត​ពានរង្វាន់ Japan-Mekong Football Exchange ពីថ្ងៃ​ទី១ ដល់​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៥ នៅ​ប្រទេស​ជប៉ុន​ដែរ។

រំលឹក​លទ្ធផល​នៅ​កម្មវិធី Japan-Mekong Football Exchange ក្រុម U-15 ជប៉ុន បាន​លេខ​មួយ ក្រុម Sanfrecce Hiroshima បាន​លេខ២ ក្រុម​វៀតណាម បាន​លេខ៣ ក្រុម​ឡាវ បាន​លេខ៤ ក្រុម Vissel Kobe បាន​លេខ៥ ក្រុម​មី​យ៉ាន់​ម៉ា បាន​លេខ៦ ក្រុម​ថៃ បាន​លេខ៧ និង​ក្រុម​កម្ពុជា បាន​លេខ។

យោងតាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) នា​ជំនួប​នោះ​សម្ដេច​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុម​កីឡាករ​កម្ពុជា បន្ត​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ឆ្ពោះ​ទៅយក​លទ្ធផល​ដ៏​ល្អ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា មុនពេល ពួកគេ ចេញដំណើរ​ទៅ​បន្ត​ការហ្វឹកហាត់​នៅ ទីក្រុង Sendai ប្រទេស​ជប៉ុន រយៈពេល ២ សប្ដាហ៍។

ភាគច្រើន​នៃ​សមាជិក​ក្រុម U-15 កម្ពុជា ជា​សិស្ស​នៅក្នុង​សាលា​បាល់ទាត់​ជាតិ ដែល​សហព័ន្ធ​កម្ពុជា បង្កើតឡើង​ដើម្បី​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ក្នុង​ឆ្នាំ ២០២៣ ខាងមុខ។


ការហ្វឹកហាត់​ចេញទៅ​ប្រកួត​និង​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​របស់​ក្រុម U-15 កម្ពុជា នេះ​គឺ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ពានរង្វាន់ ជើងឯក​យុវជន​ក្រោម​អាយុ១៦ឆ្នាំ២០១៥ របស់ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF U16 Championship 2015 ) ចាប់ពី ថ្ងៃ ២៧ ខែកក្កដា ដល់ ថ្ងៃ ០៩ ខែសីហា ឆ្នាំ ២០១៥៕

Post a Comment

 
Top