GuidePedia

0
លោក Kim Kyong Ho ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ I.T.F ទ្វីបអាស៊ី បានទៅទស្សនកិច្ចនៅក្លឹបហ្វឹកហាត់ របស់កីឡាជម្រើសជាតិ តេក្វាន់ដូ I.T.F កម្ពុជានៅ ពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៥ កន្លងទៅ ។


ក្នុងការចុះទៅពិនិត្យមើលការហ្វឹកហាត់នេះដែរ លោក Kim Kyong Ho បានប្រគល់សញ្ញាប័ត្រគ្រូបង្វឹកកម្រិតអន្តរជាតិដល់លោក ប៊ួន ហ៊ីងសុធីយ៉ា ដែលជាអគ្គ លេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូទទួលបន្ទុក I.T.F (International Taekwondo Federation) ។

លោក ប៊ួន ហ៊ីងសុធីយ៉ា ដែលមានកម្រិត ខ្សែក្រវាត់ខ្មៅ៦ដាន់នោះ បានចេញទៅប្រឡងគ្រូអន្តរជាតិនៅប្រទេសចិន ដែលការប្រឡងនោះ ស្ថិតក្រោមការត្រួត ពិនិត្យរបស់សហព័ន្ធ I.T.F អាស៊ីដោយផ្ទាល់ ។

លោក សុធីយ៉ា បាននិយាយឲ្យដឹងថា សម្រាប់ I.T.F នៅស្រុកខ្មែរ អាជ្ញាកណ្ដាលអន្តរជាតិមាន២នាក់គឺរូបលោក និងលោកវេជ្ជបណ្ឌិត ហ៊ឹម លីដា តែសម្រាប់ គ្រូបង្វឹកកម្រិតអន្តរជាតិ ទើបតែមាន រូបលោកម្នាក់ប៉ុណ្ណោះ ។ កីឡាករតេក្វាន់ដូម្នាក់ៗដែលអាចចេញទៅចូលរួមប្រឡងអាជ្ញាកណ្ដាលអន្តរជាតិ និងគ្រូបង្វឹក អន្តរជាតិ គឺត្រូវតែមានកម្រិតខ្សែក្រវាត់យ៉ាងហោចណាស់ ចាប់ពី៤ ដាន់ឡើងទៅ ។

ជាមួយនឹងការមានខ្សែក្រវាត់កម្រិតនេះហើយនោះ គេត្រូវតែឆ្លងកាត់វគ្គសិក្សាអាជ្ញាកណ្ដាល គ្រូបង្វឹកដែលការចេញទៅសិក្សាវគ្គបែបនេះសុទ្ធតែត្រូវចំណាយ លុយផ្ទាល់ខ្លួនឯង ។ ជាមួយនឹងការចំណាយលុយបែបនេះក៏នៅមិនទាន់ច្បាស់ថា អាចប្រឡងជាប់ផងទេ ។ លោក Kim Kyong Ho បានផ្ដល់នូវ ឯក សណ្ឋាន តេក្វាន់ដូដល់គ្រូបង្វឹក និងកីឡាករ-កីឡា ការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាទៀតផង ។

លោក Kim បានថ្លែងដោយមានជំនឿចិត្តថា ក្នុងការប្រកួតតេក្វាន់ដូ I.T.F ជើងឯកពិភពលោកនៅប្រទេស ប៊ុលហ្គារីនាពេលខាងមុខនេះ លោកមាន ជំនឿចិត្ត ថាកម្ពុជានឹងដណ្ដើមបានមេដាយជាមិនខានឡើយ ។ នៅចំពោះមុខសិស្សតេក្វាន់ដូកម្ពុជាចំនួន២៣ក្លឹបនោះ ប្រធានសហព័ន្ធតេក្វាន់ដូទ្វីប អាស៊ីរូបនេះមាន ជំនឿចិត្តថាកីឡាតេក្វាន់ដូកម្ពុជានឹងកាន់តែមានសក្ដានុពលខ្លាំងជាងនេះ ។


ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជាលោក Kim Kyong Ho បានសំដែងការគួរសមជាមួយលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា និងលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បញ្ជាការងកងរាជអាវុធ ហត្ថផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕

Post a Comment

 
Top