GuidePedia

0
ក្រុម​ជម្រើសជាតិ​ប៉េ​រូ បាន​បញ្ចប់​យុទ្ធនា​ការប្រកួត Copa America ឆ្នាំ​២០១៥​របស់​ពួកគេ​ជាមួយនឹង​កេរ្តិ៍ឈ្មោះ​គ្រាន់​គួរសម បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ហ្គា​យ​ក្នុង​លទ្ធផល​២–០ កាលពី​ថ្ងៃ​សុក្រ ដើម្បី​ដណ្តើមបាន​តំណែង​លេខ​៣​នោះ។


កីឡាករ Andre Carrillo និង​កីឡាករ Paolo Guerrero បាន​ក្លាយ​ជា​វីរបុរស​របស់​ក្រុម​ប៉េ​រូ ដែល​បាន​ជាប់​ចំណាត់​លេខ​៣​ដូចគ្នា កាលពី​រយៈពេល​៤​ឆ្នាំមុន ជាមួយនឹង​គ្រាប់​បាល់​របស់​ពួកគេ​នៅក្នុង​តង់​ទី​២ ធ្វើ​ឲ្យ​ទិដ្ឋភាព​នៅក្នុង​ពហុកីឡាដ្ឋាន Estadio Municipal Alcaldesa Ester Roa Rebolledo កាន់តែ​ស្រស់ស្រាយ​ថែម​មួយកម្រិត​ទៀត​នោះ។

ក្រោយ​ហាលអាវ​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោម​ថ្វី​ជើង​របស់​ក្រុម​ម្ចាស់ផ្ទះ​ឈី​លី កីឡាករ Carrillo បាន​ស៊ុត​ពេន​មួយ​ជើង​ផុត​ដែ​អ្នកចាំទី Justo Villar នៅ​នាទី​៤៨ ហើយ​កីឡាករ Guerrero ថែម​១​គ្រាប់​ទៀត ធ្វើ​ឲ្យ​ក្រុម​ប៉េ​រូ ប្រកាស​បាន​តំណែង​លេខ​៣​ជា​លើក​ទី​២​ជាប់​គ្នា​សម្រាប់​ការប្រកួត​ដណ្តើម​ក្រុម​ជើងឯក​ជម្រើសជាតិ​បាល់ទាត់​ប្រចាំ​នៅ​អាមេរិក​ឡាទីន​មួយ​នេះ។

មាន​នូវ​ការ​ផ្លាស់ប្តូរ​ទម្រង់​លេង​នៅក្នុង​ក្រុម​ទាំងពីរ ក្នុង​នោះ​កីឡាករ​២​នាក់​របស់​ក្រុម​ប៉េ​រូ គឺ​កីឡាករ Christian Ramos និង​កីឡាករ Yordy Reyna បាន​ចូល​លេង​ជំនួស​កីឡាករ Jefferson Farfan ដែល​មិនអាច​លេង​បាន​ដោយសារ​កត្តា​សុខភាព និង​កីឡាករ Carlos Zambrano ដែល​ត្រូវ​ព្យួរ​ឈ្មោះ ក្រោយ​ទាត់​ចាញ់​ក្រុម​ជម្រើសជាតិ​ឈី​លី​១–២។

ទោះបីជា​យ៉ាងណាក៏ដោយ វា​ក៏​ជា​ក្តី​អាម៉ាស់​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ហ្គា​យ​ផងដែរ សម្រាប់​បរាជ័យ​លើក​នេះ បន្ទាប់ពី​ទទួលរង​ភាព​អាម៉ាស់​មុខ​ម្តង​រួច​មក​ហើយ ពេល​ជួប​ជាមួយ​ក្រុម​ជាតិ​អា​ហ្ស​ង់​ទីន ជា​កន្លែង​ដែល​ពួកគេ​ទាត់​ចាញ់​រហូតដល់​ទៅ​១–៦​នោះ នៅ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ​៕



Post a Comment

 
Top