GuidePedia

0
ផន ផល្លា អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ​ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា នៅ​លើ​សង្វៀន​SEA-TV នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៣០​ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ។​ អ្នក​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​


ផល្លា ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​មាន​ស្នៀត​ប្រដាល់​ល្អ រូបរាង​គេ​ស្របាល​នឹង ជុន សាវុធ​ដែរ។ អ្នក​ប្រដាល់​ចាស់វស្សា​រូប​នេះ មាន​កណ្ដាប់​ដៃជើង​ធ្ងន់ តែ​វាយ​ចេញ​មិនសូវ​ច្បាស់​ប៉ុន្មាន​ទេ និយាយ​រួម​គេ​ប្រើ​កម្លាំងបាយ​ច្រើនជាង​បច្ចេកទេស ហើយ​មួយទៀត គេ​វាយ​ឆាប់​អស់កម្លាំង​ស៊ុ​ហ្វ​ថែមទៀត ។

ជុន សាវុធ គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែរ។ នេះ​ជា​លើក​ទី​២​ដែល​គេ​​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​នេះ។ កាលពី​មក​លើក​ទី​១ សាវុធ​ វាយ​ឈ្នះ​ ចាន់ គង់​រាជ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​រូប​នេះ​មាន​កាយសម្បទា​មិនសូវ​ជា​រឹងមាំ​ទេ ប៉ុន្តែ​គេ​មាន​ល្បិចកល ផ្លែ​ល្អ ព្រម​ទាំង​មាន​បច្ចេកទេស​នៅ​ក្នុង​ពេល​ប្រកួត​ល្អ​ថែមទៀត។ យ៉ាងណា​មួយ​រយះ​ចុង​ក្រោយនេះ ជុន សាវុធ​ វាយ​ចាញ់​គេ​រហូត ដែល​ការប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ចាញ់​ ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ក្នុង​ទឹក​ទី​៤។

ដូច្នេះ ជួប​ប្រកួត​ជាមួយ​ផល្លា​ដែល​វាយ​ខ្លាំង​នោះ សាវុធ​ ប្រហែលជា​ពិបាក​ក្នុង​ការ​យកឈ្នះ​ហើយ។ ប៉ុន្តែ​យ៉ាងណា ការ​ជួបគ្នា​រវាង ផន ផល្លា​ និង ជុន សាវុធ នេះ មិន​មាន​អ្នកណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ជា​អ្នកឈ្នះ​នោះ​ឡើយ? ផល្លា គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​៣។​

រិ​ទ្ធ ប្រាក់​ប៊ិន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ នឹង​ជួប​ប្រកួត​សងសឹក​ ថា​ន រ៉ា​ឌី អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន។ ពួកគេ​ធ្លាប់​ជួបគ្នា​ម្តង​កាលពី​ថ្ងៃទី​១០ ខែ​ឧសភា​ឆ្នាំ​២០១៥ ដោយ​ប្រាក់​ប៊ិន​វាយ​ចាញ់​រ៉ា​ឌី​ដោយ​ពិន្ទុ។​

ប្រាក់​ប៊ិន ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ​គេ​ប្រកួត​មាន​ផ្លែ​ល្អ ពិសេស​ គឺ​ស្នៀត​កែង​ និង​ជង្គង់ តែ​អ្វី​ដែល​គេ​បារម្ភ​ជំនួស ​ប្រាក់​ ប៊ិន​នោះ គឺ​បញ្ហា​កម្លាំង​ស៊ុ​ហ្វ​ខ្សោយ ដែល​ធ្វើ​ឲ្យ​លទ្ធផល​ប្រកួត​របស់​គេ​កន្លងមក​មិនសូវ​បាន​ល្អ។

ថា​ន រ៉ា​ឌី ថ្វីត្បិតតែ​ជា​អ្នក​ប្រដាល់​ជើងចាស់ តែ​គេ​មិន​ជា​មាន​ស្នៀត​ប្រដាល់​ល្អ​ប៉ុន្មាន​ទេ។ ឯ​តិចនិក​ប្រកួត ក៏​មិនជា​ប៉ុន្មាន​ដែរ។ គេ​វាយ​ដោយ​លក្ខណៈ​ផ្សងព្រេង​ដែរ​ទេ។ ​អ្នក​ប្រដាល់​រូប​នេះ មាន​កម្លាំង​កាយសម្បទា​ក៏​មិនជា​រឹងមាំ​និង​ខ្លាំង​ប៉ុន្មាន​ទេ។ ចាំ​មើល រិ​ទ្ធ ប្រាក់​ប៊ិន អាច​ផ្ដួល​យកឈ្នះ ថា​ន រ៉ា​ឌី​បាន​វិញ​ឬ​អត់ សម្រាប់​ការ​ជួប​សងសឹក​នេះ? ​

ខឹ​ក សុខឿន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​សងសឹក​ជាមួយ​ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ សុខឿន នេះ ជា​អ្នក​ប្រដាល់​ដែល​អន់​និង​ចិត្ត​តូច ឯ ប៊ុនឆៃ គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ចិត្ត​ប្រដាល់​ធំ។ សង្ស័យ​ថា សុខឿន​ សងសឹក​ ប៊ុនឆៃ ពុំបាន​សម្រេច​នោះ​ទេ សម្រាប់​ជំនួប​សងសឹក​នេះ?

ស៊ឹម ប៊ុនឆៃ ប្រកួត​ចុងក្រោយ​វាយ​ចាញ់​ រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ទឹក​ទី​២។ ឯ​ការប្រកួត​ចុងក្រោយ​របស់ ខឹ​ក សុខឿន គឺ​វាយ​ចាញ់ ​ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៤។​

រស់ វិបុល អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ក៏​នឹង​ឡើង​សងសឹក​ជាមួយ​ គង់ ហ៊ូ​វ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ។ ជួបគ្នា​លើក​មុន វិបុល​ចាញ់​គង់ ហ៊ូ​វ​ក្នុង​ទឹក​ទី​១។​ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មាន​ស្នៀត​ប្រដាល់​ល្អ​ដូចគ្នា ហើយក៏​មាន​ឱកាស​ឈ្នះ​ដូចគ្នា ដូច្នេះ​ជួបគ្នា​លើក​នេះ​ពុំ​ដឹង​ថា​វិបុល​សងសឹក ​គង់ ហ៊ូ​វ បានសម្រេច​ឬ​អត់​នោះ​ទេ៕

Post a Comment

 
Top