GuidePedia

0
ក្រុមបាល់ទាត់របស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប នឹងត្រូវជួបប្រកួត ជាមួយក្រុមចំណូលថ្មី CMAC នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ នេះនៅពហុកីឡដ្ឋាន ស្ដាតចាស់ សម្រាប់ជំនួបជើងទី១ នៃក្របខណ្ឌពានរង្វាន់ Metfone Cambodian League រដូវកាលថ្មី ខណៈក្រុមទាំងពីរសុទ្ធតែពុំធ្លាប់ស្គាល់ពាក្យថា “ឈ្នះ” ដូចគ្នានៅការ ប្រកួតវិលជុំ និងសន្សំពិន្ទុ៤សប្ដាហ៍កន្លងទៅ ។


សម្រាប់លទ្ធផលនៃការប្រកួត៤សប្ដាហ៍កន្លងមក ក្រុមអាស៊ីអឺរ៉ុប បានទទួលរងនូវការបរាជ័យគ្រប់ប្រកួតទាំងអស់ ដែលធ្វើឲ្យក្រុមនេះគ្មានពិន្ទុរាប់នឹងគេឡើយ ។ ថ្វីដ្បិតតែជាការប្រកួតបើកទំព័ររដូវកាលថ្មី ប៉ុន្ដែភាពបរាជ័យជាបន្ដ បន្ទាប់បែបនេះ បានធ្វើឲ្យក្រុមអាស៊ីអឺរ៉ុប មានហានិភ័យខ្ពស់ជាមួយនឹងចំណាត់ថ្នាក់បាតតារាង ដែលអាចនឹងធ្លាក់ទៅ លេងក្របខណ្ឌ ក-១ ដូចកាលពីរដូវកាលមុនទៀត ។

ប៉ុន្ដែចំពោះក្រុម CMAC ដ្បិតទើបចូលប្រឡូកក្នុងរដូវកាលថ្មី និងមិនទាន់ស្គាល់ពាក្យឈ្នះក៏ពិតមែន តែសម្រាប់លទ្ធ ផល៤ប្រកួតដូចគ្នានោះ CMAC អាចចាត់ទុក ថា មានលទ្ធផលល្អជាងក្រុមអាស៊ីអឺរ៉ុបឆ្ងាយណាស់ ព្រោះចាញ់១ប្រកួត ប៉ុណ្ណោះ ខណៈលទ្ធផល៣ប្រកួតទៀត គឺស្មើទាំងអស់ ដែលធ្វើឲ្យក្រុមមួយនេះរួចផុតពី តំបន់ គ្រោះ ថ្នាក់ ដោយឈរនៅ លេខរៀងទី១០ ក្នុងចំណោម១២ក្រុម ដែលចូលរួមក្នុងលីកកំពូលកម្ពុជារដូវកាលថ្មីនេះ ។

ទោះជាយ៉ាង នៅក្នុងជំនួបជើងទី១ដែលក្រុមអាស៊ីអឺរ៉ុប ខ្ចីទីលានក្រុមក្រសួងការពារជាតិ ធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ CMAC ថ្ងៃស្អែកនេះ គឺជាការប្រកួតដ៏ សំខាន់មួយ ដើម្បីបញ្ចប់ភាពមិនដែលឈ្នះរបស់ក្រុមទាំងពីរ ។ ចាំមើលតើអាស៊ី អឺរ៉ុប ឬក្រុម CMAC នឹងស្គាល់ពាក្យឈ្នះលើកដំបូងនោះ? ប៉ុន្ដែបើតាមការវិភាគ របស់ក្រុម អ្នកស្នេហាវិស័យបាល់ទាត់ កម្ពុជា អាស៊ីអឺរ៉ុបមានភាគរយតិចណាស់ ក្នុងការយកឈ្នះក្រុម CMAC ព្រោះកីឡាករ CMAC សុទ្ធតែមានទំនុកចិត្ត ទោះបី ប៉ះក្រុមខ្លាំង ក៏ ពួកគេនៅតែរក្សាទម្រង់លេងបានយ៉ាងល្អដដែល ។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានោះដែរ ក៏មានជំនួបរវាងក្រុមខ្លាំងៗចំនួន២ប្រកួតផងដែរ គឺក្រុមភ្នំពេញក្រោន បើកទ្វារ កីឡដ្ឋាន RSN ទទួលក្រុមភ្ញៀវក្រសួង ការពារជាតិ និងក្រុមគិរីវង់សុខសែនជ័យ ជួបក្រុម Cambodia Tiger នៅឯទី លានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទន្លេបាទី ៕

Post a Comment

 
Top