GuidePedia

0
ឆ្លងផុត ៣សប្ដាហ៍កន្លងទៅ នៃការប្រកួត បាល់ទាត់លីកកំពូលកម្ពុជាពានរង្វាន់ Metfone Cambodia League រដូវកាលថ្មី ឆ្នាំ២០១៥នេះ ក្រុមខ្លាំងៗចំនួន២ រួមមានក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអង្គរ បាននឹង កំពុងទទួលការចាប់អារម្មណ៍ជាងគេពីសំណាក់អ្នកគាំទ្រ ខណៈក្រុមទាំងពីរមាន ៧ពិន្ទុក្នុងដៃស្មើគ្នា សម្រាប់ ៣ប្រកួតរៀងៗខ្លួន ។

ក្រុមភ្នំពេញក្រោន (ឆ្វេង) និងក្រុមបឹងកេតអង្គរ

នៅក្នុងរដូវកាលថ្មីនេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់ឲ្យមាន ១២ក្រុម ដើម្បីធ្វើការប្រកួត ប្រជែងដណ្ដើមពានរង្វាន់ដ៏ធំប្រចាំឆ្នាំនេះ ។ ប៉ុន្ដែ អ្វីដែលធ្វើឲ្យអ្នកស្នេហាវិស័យកីឡា មានការចាប់អារម្មណ៍ ខ្លាំងនោះ គឺក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអង្គរ ដែលតែងតែប្រជែងតំណែងកំពូលតារាង ជានិច្ចមិនថា រដូវកាលថ្មី ឬរដូវកាលមុនៗនោះទេ ។

ភ្នំពេញក្រោន ធ្លាប់បានគ្រងតំណែងជើងឯកពាននេះចំនួន ៥រដូវកាលកន្លងមកហើយ ចាប់ពីឆ្នាំ២០០៨-២០១១ និងរដូវកាលចុងក្រោយ កាលពីឆ្នាំ២០១៤ កន្លងទៅ ភ្នំពេញក្រោន បានលើកពានសាជាថ្មី ដោយប្រកួតបានពិន្ទុខ្ពស់ជាងគេ តាមរូបមន្ដប្រកួតវិលជុំ និងសន្សំពិន្ទចំនួន ២ជើង រីឯក្រុមបឹងកេត បានត្រឹម ជាជើងឯករង ២ឆ្នាំជាប់គ្នា នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ ប៉ុន្ដែក្រុមនេះក៏ធ្លាប់លើកពាន សម្រាប់ការចូលរួមលើកដំបូង កាលពីឆ្នាំ២០១២ផងដែរ ។

ងាកមកតាមដានសកម្មភាពនៅលើទីលាន សម្រាប់រដូវកាលថ្មី ដែលនឹងមានរូបមន្ដប្រកួតវគ្គ Play-Off ឯណេះវិញ ក្នុងចំណោម ៣ប្រកួតដំបូងនៃជើងទី១ ក្រុមភ្នំពេញក្រោន និងបឹងកេតអង្គរ រកបាន ៧ពិន្ទុស្មើគ្នា ដោយ ៣ប្រកួតនោះ ឈ្នះ២ និងស្មើ១ ហើយស្មើ ១ប្រកួតនោះ គឺក្រុមទាំងពីរ បានបញ្ចប់ ការប្រកួត ពេញម៉ោងនៅលើទឹកដីម្ចាស់ផ្ទះភ្នំពេញក្រោម ជាមួយនឹងលទ្ធផលស្មើគ្នា ០-០ ជាពិសេសនោះគឺមានគ្រាប់បាល់ចំណេញ ៤គ្រាប់ម្នាក់ទៀតផង ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាជំហានដំបូង ដែលក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអង្គរ ត្រូវប្រជែងតំណែងកំពូលតារាង នៅក្នុងការប្រកួតជើងទី១នេះ ប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ការប្រកួតជាបន្ដ គេជឿថា នឹងមានការប្រែប្រួល ព្រោះ១០ក្រុមផ្សេងៗទៀត ក៏មិនមែនជាក្រុមអន់ដែរ ក្នុងនោះក្រុម CMAC ដែលជា ក្រុមចំណូលថ្មី ក៏មិនមែនជាក្រុមត្រូវមើលរំលងដែរ ព្រោះ៣ប្រកួតកន្លងមក CMAC មិនទាន់ស្គាល់ពាក្យថាចាញ់ ឬឈ្នះនោះទេ គឺស្មើរហូតតែម្ដង ៕

Post a Comment

 
Top