GuidePedia

0
កីឡាករ Mustafa Zazai ដែល​លេង​ក្នុង​លីក​លំដាប់​ទី​៤​របស់​អាល្លឺម៉ង់ បាន​ស៊ុត​បញ្ចូល​ទី​នៅ​៤នាទី​ចុង​ក្រោយ ជួយ​ឲ្យ​អាហ្វហ្គានីស្ថាន ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ១-០ នា​វគ្គ​ជម្រុះ FIFA World Cup 2018 ជុំ​ទី​២ តំបន់​អាស៊ី ពូល E អម្បាញ់​មិញ​នេះ។


នៅក្រោម​សំឡេង​គាំទ្រ​ដ៏​អស្ចារ្យ​នៃ​អ្នក​គាំទ្ររាប់​ម៉ឺន​នាក់​របស់​​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រុម​ទាំង​ពីរ​បាន​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​បាន​នោះ​ទេ។ ឱកាស​ល្អ​បំផុត​របស់​កម្ពុជា បាន​កើត​ឡើង​​នៅ​​​ពេល​ខ្សែ​ប្រយុទ្ធដែល​​ប្ដូរ​ចូល​​ជំនួសហូយ ផល្លីន នៅ​នាទី​៧០​ ចាន់​ វឌ្ឍនាកា ញាក់​ដាច់​ខ្សែ​ការពារ ​ប៉ុន្តែ​ស៊ុត​ទៅ​បុក​របា​ទី។


យ៉ាង​ណា​ក្ដី លទ្ធផល​ស្មើ​គ្មាន​គ្រាប់​បាល់ ត្រូវ​បាន​បំបែក​នៅ​នាទី​៨៦ នៅ​ពេល​ខ្សែ​បម្រើ Zazai របស់​ក្រុម​ភ្ញៀវ​​បំប៉ោង​សំណាញ់​ទី​របស់​អ្នក​ចាំ​ទី​​​ដៃ​ស្អិតកម្ពុជា អ៊ុំ សេរីរ័ត្ន។ មួយ​គ្រាប់​របស់​ខ្សែ​បម្រើ​វ័យ​២២ឆ្នាំ​រូប​នេះ គឺ​គ្រប់គ្រាន់​ឲ្យ​អាហ្វហ្គានីស្ថាន បាន​៣ពិន្ទុ​ក្នុង​២ប្រកួត ខណៈ​កម្ពុជា​នៅ​មិន​ទាន់​មាន​ពិន្ទុ​នៅ​ឡើយ​ទេ។

Post a Comment

 
Top