GuidePedia

0
Cristiano Ronaldo ​បាន​ចេញ​មក​បញ្ជាក់​​ថា​រូប​គេ​សប្បាយ​ចិត្ត​នៅ Real Madrid ​ណាស់ ​ហើយ​ឱ្យ​កាសែត​ទាំង​ឡាយ​ដែល​ចេះ​តែ​បំភ្លៃ​ព័ត៌មាន​មិន​ពិត​នោះ​គួរ​តែ​ឈប់​ចុះ​ផ្សាយ​ទៅ​រឿងរូបគេ​​ផ្លាស់​ទៅ​ក្លិប​ផ្សេង​នោះ។


ក្រោយ​ការ​ចាកចេញ​របស់​លោក Carlo Ancelotti ​និង​ការ​ចូល​មក​ដល់​របស់​លោក Rafa Benitez នៅ Real Madrid ​​មាន​ដំណឹង​ជា​ច្រើន​បាន​លេច​ឮ​មក​ថា​ខ្សែ​ប្រយុទ្ធ Ronaldo ​អាច​នឹង​ចាកចេញ​ពី​ក្លិប​មួយ​នេះ ដោយ​អាច​ទៅ​លេង​នៅ Manchester United ​វិញ ព្រោះ​រូប​គេ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ក្លិប​អធិរាជ​ស​នេះ​ឡើយ។

ដោយសារ​តែ​ដំណឹង​ខាង​លើ​នេះ​ហើយ CR7 ​ដែល​ខកខាន​មិន​និយាយ​ជាមួយ​អ្នក​កាសែត​អស់​ពេល​ជា​យូរ​មក​ហើយ​នោះ បាន​ប្រាប់​ទៅ​កាសែត Bola ​ថា ៖ “រឿង​មិន​សប្បាយ​ចិត្ត​និង​ចង់​ចាកចេញ​ពី Real Madrid ​នោះ​គឺ​មិន​ពិត​នោះ​ទេ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​ក្លិប​នេះ​ណាស់ ហើយ​ក៏​មាន​ទំនុក​ចិត្ត​ថា​នឹង​ជោគជ័យ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ដែរ។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ អំឡុង​ពេល​វិស្សមកាល​នេះ។ ខ្ញុំ​សូម​ឱ្យ​អ្នក​គ្រប់​គ្នា​ឈប់​ទៅ​រឿង​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ ហើយ​ឱ្យ​ខ្ញុំ​មាន​ពេល​សម្រាក​ឱ្យ​ស្រួល​ផង។ Real Madrid ​និង​ខ្ញុំ​គឺ​មាន​ទំនាក់ទំនង​នឹង​គ្នា​ល្អ​ណាស់”។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ជា​តារា​ជើង​ស៊ុត​ប្រចាំ​នៅ Real Madrid ​ពោល​គឺ​រយៈ​ពេល​៦​ឆ្នាំ​មក​នេះ រូប​គេ​​អាច​រក​គ្រាប់​បាល់​បាន​៣១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០០​ប្រកួត ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះអាសន្ន​ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ក្លិប Real Madrid ។ ខណៈ​ដែល​រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​នេះ កីឡាករ​វ័យ​៣០​ឆ្នាំ​ខាង​លើ​រក​បាន​៦១​គ្រាប់​បើ​បូក​គ្រប់​កម្មវិធី​ប្រកួត ហើយ​​ក្នុង​នោះ​នៅ​ក្របខ័ណ្ឌ La Liga ​៣៥​ប្រកួត រូប​គេ​រក​បាន​​ដល់​ទៅ​៤៨គ្រាប់។

កីឡាករ​ដែល​៣​ប្រកួត​ចុង​ក្រោយ​ធ្វើ​បាន​ Hat-trick ​ទាំង​៣​ប្រកួត​នោះ ​ធ្លាប់​ត្រូវ​បាន​ក្លិប Paris Saint-Germain ​និង​បិសាច​ក្រហម Manchester United ​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​ពី Real ​ម្ដង​មក​ហើយ​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​វិញ​ពី​ខាង​លោក Florentino Pérez ​ដែល​ជា​ម្ចាស់​ក្លិប​ផ្ទាល់៕

Post a Comment

 
Top