GuidePedia

0
ព្រឹត្តិការណ៍នៃការប្រកួត កីឡាប្រដាល់ក្បាច់បុរាណ ខ្មែរលក្ខណៈមិត្តភាពអន្តរជាតិរបស់ ក្រុមហ៊ុនស្រា បៀរ Cambodia នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១៖៣០ នាទីរសៀល អ្នកប្រដាល់កម្ពុជា២រូប ត្រូវបានអ្នកប្រដាល់ថៃណាត់ជួប សាកកណ្តាប់ថៃនៅលើសង្វៀន SEA-TV ។

កីឡាករ សេក គឹមផៃ (ឆ្វេង) ប្រកួតជាមួយនឹងកីទ្បាករថៃ Nong Ou (ស្តំា)

អ្នកប្រដាល់ សេក គឹមផៃ ក្លឹបអង្គរមានជ័យខេត្តសៀមរាប ប្រកួតជាមួយថៃ Nong Ou ក្នុងទម្ងន់៦០គីឡូក្រាម ។ គឹមផៃ ជួប Nong Ou លើកនេះដូចជាជួយ សង សឹក ឲ្យ ផន ផល្លា អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យផងដែរ ព្រោះ ផល្លា បានវាយចាញ់ Nong Ou ដោយពិន្ទុ ហើយនៅក្នុងស្រុកជាអ្នកប្រដាល់ដែលវាយមិន ចេះខ្លាច និងមិនសូវដែលស្គាល់ពាក្យ ថាចាញ់នោះទេ ។

ចំពោះ Nong Ou ធ្លាប់មកប្រកួតនៅសង្វៀន SEA-TV នេះ២លើកហើយ ដោយបានផ្ដួលអ្នកប្រដាល់ វៀត ប៊ុនឌឿន សមាគមកីឡាក្រសួងការពារជាតិ ក្នុងទឹក ទី២ និងលើកទី២ វាយឈ្នះ ផន ផល្លា ក្លឹបតាព្រហ្មមានជ័យដោយពិន្ទុ ។

អ្នកប្រដាល់ថៃរូបនេះ វាយរាងច្រឡឺម តែស្នៀតប្រដាល់របស់គេមិនជាខ្លាំងប៉ុន្មានឡើយ ។ អ្នកប្រដាល់ ឯម វិចិត្រ ក្លឹបឫទ្ធីពោធិសែនជ័យ ឡើងតស៊ូជាមួយអ្នក ប្រដាល់ថៃ Chheang Krey ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម ។

អ្នកប្រដាល់ថៃ Chheang Krey នេះមិនធ្លាប់ដែលមកប្រកួតនៅកម្ពុជាទេ បើតាមលោក ញាណ សុធី ដែលជាអ្នករៀបចំការប្រកួតប្រដាល់នៅ SEA-TV នោះថា Chheang Krey នេះមានប្រវត្តិប្រកួតតិចជាង ឯម វិចិត្រ ទេគឺប្រកួតបាន ៩៦លើក ក្នុងនោះឈ្នះ៧៩លើក ចាញ់១៦លើក និងស្មើ១លើក ខណៈដែល ឯម វិចិត្រ គេមានប្រវត្តិប្រកួតចំនួន១៤៥លើក ឈ្នះ១៣០លើក ចាញ់១១លើក និងស្មើ៤លើក ។

វិចិត្រ ជាអ្នកប្រដាល់ជើងចាស់ តែប្រកួតជាមួយអ្នកប្រដាល់បរទេសបានតិចតួចប៉ុណ្ណោះ ។ អ្នកប្រដាល់កម្ពុជារូបនេះ វាយមានផ្លែល្អ និងខ្លាំង ប៉ុន្តែបារម្ភចំពោះ កម្លាំងសម្រុក ឆាប់ហត់ និងអស់ចុងក្រោយការប្រកួត៣ទឹកនោះ ដោយសារគេមានអាយុច្រើនហើយ ។

ចំពោះការប្រកួតរវាងខ្មែរ អ្នកប្រដាល់ ផាន់ ចំណាន ក្លឹបរាជសីហ៍ខេត្តរតនគិរីប្រកួតជាមួយអ្នកប្រដាល់ ឆៃ សារ៉ា សមាគមកីឡារបស់ក្រសួងការពារជាតិ ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម គ្រាដែលអ្នកប្រដាល់ ព្រឿង សុជាតិ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួបនឹងអ្នកប្រដាល់ ប៊ី ចាន់ណា ក្លឹបព្រះខ័នរាជក្នុងទម្ងន់ ៥៧គីឡូក្រាម ៕

កីទ្បាករ ឯម វិចិត្រ (ឆ្វេង) ប្រកួតជាមួយនឹងកីទ្បាករថៃ Chheang Krey (ស្តំា)

Post a Comment

 
Top