GuidePedia

0
តារា​ឆ្នើម​ Lionel Messi ​របស់​ក្រុម​ FC Barcelona ​បាន​បង្ហើប​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់ដែល​ខ្លួន​មិន​ចង់​លេង​​​តទល់​ជាមួយ និង​ជា​ដៃគូ​ដ៏​តាន​តឹង​បំផុត​ ដែល​ក្នុង​នោះ​មាន​ Cristiano Ronaldo ​របស់​ក្រុម​ Real Madrid ម្នាក់​ផង​ដែរ។


​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​Messi ​ត្រូវ​បាន​គេ​ចោទ​សួរ​ថា តើ​ដៃគូ​ដ៏​តានតឹង ដែល​អ្នក​មិន​ចង់​លេង​តទល់​ជាមួយ​ ជា​នរណា​គេ? ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ពិភពលោក​រូប​នេះ គិត​ថា​មិន​មែន​ជា​សំណួរ​ងាយ​ស្រួល​ឡើយ។

Messi បាន​បង្ហាញ​ឈ្មោះ​មិត្ត​រួម​ក្រុម​ Barca ដែល​ហ្វឹក​ហាត់​រួម​គ្នា​ ស្ទើរ​រាល់​ថ្ងៃ​ចំនួន​៣​នាក់ ដែល​ខ្លួន​​យល់​ថា ជា​ដៃគូ​ដ៏​តាន​តឹង​បំផុត​ពេល​ប៉ះ​គ្នា​ម្តងៗ​នៅ​​ការ​ប្រកួត​អន្តរ​ជាតិ និង​​បង្ហាញ​ឈ្មោះ​៣​នាក់​ផ្សេង​ទៀត​ មក​ពី​​ក្រុម​ផ្សេង។

កីឡាករ​វ័យ​២៧​ឆ្នាំ បាន​​ប្រាប់​ដល់​ Squawka ​ថា៖ “​វ៉ាវ! វា​ជា​សំណួរ​ដ៏​ពិបាក​មួយ។ ខ្ញុំ​មិន​ចង់​​លើក​ឡើង​ឈ្មោះ​តែ​ម្នាក់​ទេ។ ​ពេល​ខ្ញុំ​លេង​ទល់​នឹង​ Neymar, Iniesta និង​ Xavi ពួកគេ​ជា​ដៃគូ​ដ៏​តាន​តឹង​ណាស់ ប៉ុន្តែ​ខ្ញុំ​រីករាយ ដែល​ពួកគេ​ទាំង​អស់​លេង​នៅ​ Barcelona ជាមួយ​ខ្ញុំ និង​ប៉ះ​គ្នា​នៅ​តែ​ការ​ប្រកួត​​អន្តរជាតិ​ប៉ុណ្ណោះ។ ចំណែក​៣​នាក់ ដែល​នៅ​ក្រុម​ផ្សេង ខ្ញុំ​គិត​ថា Cristiano, Robben និង Ribery”។


Messi និង​ Ronaldo គឺជា​គូ​ប្រជែង​គ្នា​​យ៉ាង​ស្វិតស្វាញ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ក៏​ធ្លាប់​ត្រូវ​​ Ribery និង​ Robben ​បំបាក់​​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល UEFA Champions League ​កាល​ឆ្នាំ​២០១២​ផង​ដែរ​ ដោយ​ពេល​នោះ​​ Barca ចាញ់ Bayern Munich ​ដល់​ទៅ​ ៧-០ ទាំង​២​ជើង​៕

Post a Comment

 
Top