GuidePedia

0
ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​K.CEMENT​ទម្ងន់​៦០​ឝ​.​ក្រ​នៅ​លើ​សង្វៀន​SEA-TV ជុំ​ទី​៣ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០៤ ខែ​កក្កដា​ ឆ្នាំ​២០១៥​ខាងមុខនេះ សូត្រ ប៊ុន​ធី អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ត្រូវ​ជួប​ប្រកួត​ជាមួយ​ លាស់ យីន អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ហើយ​មួយ​គូ​ទៀត​នោះ មាស ច័ន្ទ​មាន សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវ​ជួប ឃីម បូរ៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ។​ សូត្រ ប៊ុន​ធី និង លាស់ យីន នេះ កាលពី​ជួប​គ្នា​ក្នុង​ជុំ​ទី​១​ និង​ជុំ​ទី​២ សូត្រ ប៊ុន​ធី ឈ្នះ​ដោយ​ពិន្ទុ​ទាំងពីរ​ជុំ។


រវាង ​សូត្រ ប៊ុន​ធី ​និង ​លាស់ យីន​ ជួប​គ្នា​ក្នុង​ជុំ​ទី​៣​នេះ យ៉ាងណា​ក៏​គេ​ពុំ​មាន​ជំនឿ​ថា​ លាស់ យីន អាច​យកឈ្នះ​ សូត្រ ប៊ុន​ធី ​បាន​នោះ​ដែរ ព្រោះ ​សូត្រ ប៊ុន​ធី ក្នុងចំណោម​៤​នាក់​ដែល​ប្រកួត​ក្នុង​ជុំ​ទី​៣​នេះ គឺ​មាន​ប្រៀប​លើ​គេ​ទាំងអស់ ដោយ​គេ​មាន​កម្ពស់​ខ្ពស់ ដៃជើង​វែង ដែល​អំណោយផល​ដល់​ការប្រកួត​ក្នុង​ការ​ផ្ដួល​ដៃគូ​ប្រកួត។​

សូត្រ ប៊ុន​ធី ក្នុង​ការ​ប្រកួត​ជម្រុះ​លើក​ទី​១​ក្នុង​ជុំ​ទី​៣​នេះ គេ​បាន​វាយ​ចាញ់ ​ឃីម បូរ៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយមានជ័យ​ដោយ​ពិន្ទុ។ ចំណែក លា​ស់ យីន គេ​ប្រកួត​ចាញ់​ មាស ច័ន្ទ​មាន សមាគម​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។​

សូត្រ ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត​៤៦​ដង ឈ្នះ​២៨​ដង ចាញ់​១៦​ដង ស្មើ​២​ដង តែ​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​១៨​ដង​ឯណោះ។ ចំណែក​ លាស់ យីន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​លើក ឈ្នះ​៤៥​លើក ចាញ់​១៣​លើក ស្មើ​២​លើក។

ចំពោះ​ការ​ជួប​រវាង​ មាស ច័ន្ទ​មាន និង ឃីម បូរ៉ា វិញ ទើប​មានការ​តឹងតែង មិន​ដឹង​ថា​នរណា​ជា​អ្នក​ទទួល​បាន​៣​ពិន្ទុ​នោះ​ឡើយ សម្រាប់​ការ​ជួប​គ្នា​ក្នុង​ជុំ​ទី​៣​នេះ។ មាស ច័ន្ទ​មាន ធ្លាប់​វាយ​ឈ្នះ​ ឃីម បូរ៉ា​ ដោយ​ពិន្ទុ​ម្ដង ក្នុង​ជុំ​ទី​១ តែ​ដល់​ជុំ​ទី​២ ​គេ​ចាញ់ ​បូរ៉ា​ដោយ​ពិន្ទុ​វិញ។

ប៉ុន្តែ​ការ​ឈ្នះ​របស់ ​ច័ន្ទ​មាន ​លើ ​បូរ៉ា គឺ​មាន​លក្ខណៈ​ប្រផឹតប្រផើយ​ប៉ុណ្ណោះ។ ច័ន្ទ​មាន ឡើង​ប្រកួត​នេះ គេ​ត្រូវ​សម្រក​ទម្ងន់​ជានិច្ច ដើម្បី​តម្រូវ​ការប្រកួត​ទម្ងន់​៦០​គីឡូក្រាម ម្ល៉ោះ​ហើយ​ក្នុង​ពេល​ប្រកួត​គេ​យ៉ាប់​ដោយ​ឆាប់​ថមថយ​កម្លាំង ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការ​ប្រកួត។​

ចំពោះ​ ឃីម បូរ៉ា វិញ គេ​មិន​មានការ​សម្រក​ទម្ងន់​អ្វី​ទេ ម្ល៉ោះហើយ ​កម្លាំង​កាយសម្បទា​របស់​គេ​នៅ​ខ្លាំង​ធម្មតា និង​មានប្រៀប​លើ​មាស ច័ន្ទ​មាន។ ចាំ​មើល ការ ប្រកួត​ក្នុង​ជុំ​ទី​៣​នេះ តើ​ មាស ច័ន្ទ​មាន អាច​យកឈ្នះ​លើ​ ឃីម បូរ៉ា បាន​ដែរ​ឬ​អត់?

ឃីម បូរ៉ា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៨​លើក ឈ្នះ​៣៦​លើក ចាញ់​១២​លើក ពុំ​ដែល​ស្មើ និង​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​៨​លើក។ ចំណែក មាស ច័ន្ទ​មាន គេ​មាន​ប្រវត្តិ​ប្រកួត​តែ​៩៥​លើក​ទេ គឺ​ឈ្នះ​៧២​លើក ​ចាញ់​២៣​លើក​ មិនដែល​ស្មើ។​

សូម​បញ្ជាក់​ថា សម្រាប់​ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​K.Cement ក្នុង​ជុំ​ទី​៣​នេះ គឺ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ដូចជា​ការប្រកួត​ជម្រុះ​ក្នុង​ទី​១ ​និង​ជុំ​ទី​២​ដែរ ដោយ​ជម្រុះ​ចោល​២​នាក់ ទុក​២​នាក់ ដែល​មាន​ពិន្ទុ​លើស​គេ សម្រាប់​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​តែម្ដង ដោយ​ពុំ​មាន​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឡើយ៕ ​

Post a Comment

 
Top