GuidePedia

0
ក្រុម​តារា​ឆ្នើម​ៗ​របស់ Chelsea បាន​ចាប់​ផ្តើម​ដំណើរ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​មុនពេល​បើក​រដូវកាល​ថ្មី​របស់​ពួកគេ​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ​ទាំង​ភាព​រីករាយ ក្រោយ​ពី​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ លើ​ក្រុម​តារា​ឆ្នើម​ៗ​របស់​ថៃ (Thai All Stars) នា​កីឡាដ្ឋាន​ជាតិ​ Rajamangala ក្នុង​ទីក្រុង​បាងកក ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។


ក្នុង​ការ​ប្តកួត​នេះ ដែល​ត្រូវ​បាន​គេ​ហៅ​ថា ជា​ការ​ប្រកួត​អបអរ​ការ​ឈ្នះ​ពាន​រង្វាន់ Premier League របស់​ក្រុម Chelsea ក្រុម​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​​មាន​អ្នកទស្សនា​ក្នុង​កីឡាដ្ឋាន​ជាតិ​របស់​ថៃ​រីករាយ និង​រំភើប​តាំង​ពី​ចាប់​ផ្តើម​ប្រកួត បើ​ទោះ​បី​មិន​មាន​គ្រាប់បាល់​ជា​ច្រើន​ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី​ក៏​ដោយ​។ ]

ក្រុម​តោ​ខៀវ​មួយ​នេះ បាន​ចាប់​ផ្តើម​យ៉ាង​រឹងមាំ បើ​ទោះ​បី​ដាក់​តែ​កីឡាករ​ស្ថិត​ក្នុង​ក្រុម​ឈុត​ត្រឹម​តែ​ ៣​ នាក់​គត់​ដែល​រួម​មាន​ខ្សែ​ការពារ Branislav Ivanovic អ្នក​ចាំទី Petr Cech ខ្សែ​ប្រយុទ្ធ Loic Remy និង​ខ្សែ​បម្រើ John Obi Mikel ក្នុង​ជម្រើស​ទាំង​ ១១ ​នាក់​ដំបូង​ក៏​ដោយ​។ ក្រុម​ទាំង​ពីរ​បាន​បង្កើត​ការ​ចាប់អារម្មណ៍ និង​សំឡង​ស្រែក​អបអរ​យ៉ាង​លាន់​រំពង​ពេញ​កីឡាដ្ឋាន ក្រោយ​ពី​ទាំង​ Thai All Stars និង Chelsea សុទ្ធ​​សឹង​បង្កើត​ឲ្យ​​មានឱកាស​នៅ​ពី​មុខ​ទី​ដូច​គ្នា​ ប៉ុន្តែ មិន​មាន​ក្រុម​ណា​អាច​រក​គ្រាប់បាល់​បំប៉ោង​សំណាញ់​ឡើយ​។

ការ​ប្រកួត​នេះ​បាន​ស្ថិត​ក្នុង​លទ្ធផល​ស្មើ ០-០ រហូតដល់​នាទី ទី​ ១៨ ដែល​នៅ​ពេល​នោះ ខ្សែ​ប្រយុទ្ធ​ Dominic Solanke វ័យ​ ១៧​ ឆ្នាំ​របស់​ក្លិប បាន​រក​គ្រាប់បាល់​តែ​មួយ​ក្នុង​ការ​ប្រកួត​នោះ​តាម​រយៈការ​ស៊ុតបាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយ​ពី​ទទួល​បាន​បាល់​ពី​ការ​បញ្ជូន​របស់ Remy ហើយ​ថៃ​ ក៏​មាន​ឱកាស​តាម​ស្មើ​វិញ​ដែរ​នៅ​នាទី ទី​ ៣៩ ប៉ុន្តែ បាន​ស៊ុតបាល់​ប៉ះ​ទៅ​នឹង​បង្គោល​ទី​។

ភាព​រំភើប និង​សំឡេង​ស្រែក​ហ៊ោ​កញ្ច្រៀវ​ផ្សេង​ៗ​បាន​លាន់រំពង​កាន់​តែ​ខ្លាំង​ពេញ​កីឡាដ្ឋាន Rajamangala ដែល​ផ្ទុក​អ្នក​ទស្សនា​បាន​ជិត​៥​ម៉ឺននាក់ នៅ​ពេល​ដែល Chelsea បាន​ដាក់​តារា​ឆ្នើម​ៗ​របស់​ពួក​គេ​ឲ្យ​​បង្ហាញ​សមត្ថភាព​ក្នុង​តង់​ទី​ ២ ​។

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​កីឡាករ​ឆ្នើម​ៗ​ដែល​រួម​មាន ខ្សែ​បម្រើ Eden Hazard, ខ្សែ​ប្រយុទ្ធ​ Diego Costa, ខ្សែ​ការពារ Nemenja Matic និង John Terry ជា​ដើម មិន​អាច​រក​គ្រាប់បាល់​បន្ថែម​ទៀត​ឡើយ បើ​ទោះ​បី​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​កត់សម្គាល់​ក៏ដោយ​។

លោក Jose Mourinho គ្រូ​បង្វឹក​របស់ Chelsea ដែល​បាន​ធ្វើ​ការ​អបអរ​ការ​ឈ្នះពាន​អង់គ្លេស​របស់​ខ្លួន​នៅ​លើ​ឆាក​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នោះ បាន​កោត​សរសើរ​ក្រុម​ម្ចាស់​ផ្ទះ​តាម​រយៈ​ការនិយាយ​ថា​៖ «​ថ្ងៃ​នេះ យើង​ពិត​ជា​បាន​ប្រឹង​អស់​ពី​សមត្ថ​ភាព​របស់​យើង យើង​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​យើង​ក្នុង​ការ​ប្រកួតនេះ ជា​កីឡាករ​ដ៏​អស្ចារ្យ​»​។


ដោយ​ឡែក លោក Kiatisuk Senamuang គ្រូបង្វឹក​របស់​ក្រុម Thai All Stars និង​ជា​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ថៃ​ទាំង​ឈុត​ធំ បាន​​ប្រាប់​អ្នក​យកព័ត៌មាន​៖ «​វា​ជា​ការ​ប្រកួត​ដ៏​ល្អ​មួយ ហើយ​យើង​បាន​​ប្រើ​កីឡាករ​ដែល​មក​ពី​ក្រុម​ជម្រើសជាតិនិង​ឈុត​ស៊ី​ហ្គេម​បញ្ចូល​គ្នាហើយ​លទ្ធ​ផល​នេះមិន​អាក្រក់​ណាស់​ណា​ឡើយ​»៕

Post a Comment

 
Top