GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រលប់ថ្ងៃ ទី០២ ខែមិថុនា ឆ្នាំ២០១៥ ស្អែកនេះ នឹងធ្វើការប្រកួត លក្ខណៈមិត្តភាព អន្ដរជាតិជាមួយក្រុមជម្រើសជាតិឡាវ នៅលើវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ ខណៈសហ ព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំសំបុត្រចូលទស្សនាជាង៥ម៉ឺនសន្លឹកឯណោះ ដើម្បីលក់ឲ្យអ្នក គាំទ្រចូលទស្សនា និងលើកទឹកចិត្ដដល់កីឡាករកម្ពុជា នៃជំនួបមិត្តភាពអន្ដរជាតិផ្លូវការនេះ ។


នេះគឺជាការប្រកួតដ៏សំខាន់មួយ ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសគ្នាទៅវិញទៅមក ព្រោះក្រុមជម្រើសជាតិកម្ពុជា និងឡាវ សុទ្ធតែត្រៀមខ្លួន ចូល រួមប្រកួតវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្ស៊ីដូចគ្នានាថ្ងៃទី១១ ខែមិថុនាខាងមុខនេះ ។

មុនការប្រកួតចាប់ផ្ដើមនាព្រឹកថ្ងៃទី០១ ខែមិថុនានេះ គ្រូបង្វឹកក្រុមជម្រើសជាតិតំណាងប្រទេសទាំងពីរ រួមមានលោក Ohara Kazunori គ្រូបង្វឹកកម្ពុជា និងលោក Still Dary គ្រូបង្វឹកឡាវ បានរៀបចំសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដោយបានលើកយកហេតុផលមួយចំនួនពាក់ព័ន្ធ នឹងការ ត្រៀមយុទ្ធសាស្ដ្រ ដើម្បី ប្រកួតជម្រុះពានរង្វាន់ World Cup នាពេលខាងមុខ ហើយក៏បានសម្ដែងអំពីក្ដីព្រួយបារម្ភផងដែរ ជុំវិញការបំបែកក្រុម ជាពីរ ក្នុងការចូល រួមយុទ្ធនាការប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរីនោះ ដែលជាផលប៉ះពាល់ មួយសម្រាប់ក្រុមជម្រើសជាតិឈុតធំ ។

មន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា ទោះជាយ៉ាងណា ការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិស្អែកនេះ កីឡាករគ្រប់រូបនឹងខិតខំប្រកួត ឲ្យអស់ពីសមត្ថភាព ដើម្បីវាស់ស្ទង់សមត្ថភាព និងកម្រិតបច្ចេកទេស ប៉ុន្ដែក៏គោរពគោលការណ៍ Fair-Play ផងដែរ ព្រោះសហព័ន្ធមិនចង់ឲ្យកីឡាករណាម្នាក់ មាន របួសនោះទេ ដោយសារ ត្រូវត្រៀមខ្លួនប្រកួតជម្រុះពានរង្វាន់ World Cup នាពេលឆាប់ៗខាងមុខ ។ ចំពោះតម្លៃសំបុត្រចូលទស្សនាវិញ គឺបែង ចែកជា៤ ប្រភេទរួមមានតម្លៃ ២០.០០០រៀល ១៥.០០០រៀល ១០.០០០រៀល និង ៥.០០០ រៀល ។

ជម្រើស១១នាក់ដំបូងរបស់កម្ពុជា នាពេលកន្លងមក


សូមបញ្ជាក់ថា នៅក្នុងយុទ្ធនាការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់ World Cup ប្រចាំទ្វីបអាស៊ីនាពេលខាងមុខ ក្រុម ជម្រើសជាតិកម្ពុជា គឺស្ថិតក្នុងពូល E ជាមួយ ក្រុមសាំម៉ូរ៉ៃជប៉ុន ស៊ីរី អាហ្វហ្គានីស្ថាន និងសិង្ហបុរី ដោយ១ប្រកួតបើក ឆាកនឹងត្រូវជួបក្រុមជម្រើស ជាតិសិង្ហបុរី នៅលើទីលានពហុកីឡដ្ឋានជាតិ នាថ្ងៃទី១១ ខែ មិថុនានេះ ។ រីឯក្រុមជម្រើស ជាតិឡាវវិញ គឺស្ថិតក្នុងពូល G ជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង គុយវ៉ែត លីបង់ និងមីយ៉ាន់ម៉ា ហើយមួយប្រកួត ដំបូង របស់ ឡាវ ត្រូវជួបជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី១១ ខែមិថុនានេះដូចគ្នា ៕

Post a Comment

 
Top