GuidePedia

0
ក្រោយដឹកនាំ FIFA អស់រយៈពេល១៧ឆ្នាំមក នេះលោក Sepp Blatter ប្រកាសលាលែងពីតំណែងដ៏ធំ មួយនេះហើយក្នុង សន្និសីទសារព័ត៌មានកាលពីល្ងាច ម្សិលមិញនៅក្នុងទីក្រុង Zurich ប្រទេសស្វីស ។

លោក Sepp Blatter ប្រធាន FIFA បណ្តោះអាសន្ន

តាមរយៈគេហទំព័រ BBC បានធ្វើការដកស្រង់សម្តីបុរសជនជាតិស្វីស វ័យ៧៩ឆ្នាំខាងលើនេះថា “ខ្ញុំសូមប្រកាសថា ខ្ញុំលា លែងហើយ ទោះបីខ្ញុំឈ្នះសំឡេងគាំទ្រ ដ៏ ច្រើន ក៏ដោយ តែអ្នករាល់គ្នាហាក់ពុំបានបង្ហាញឆន្ទះគាំទ្រ និងពេញចិត្តខ្ញុំ ១០០ភាគរយ នោះទេ ខណៈដែលមានបញ្ហាចាប់មន្រ្តីជាន់ ខ្ពស់រហូតដល់៧រូប ក្នុង ចំណោម១៤រូបដែលមានការ ជាប់ពាក់នឹងរឿងអាស្រូវពុករលួយ” ។

បុរសដែលបានកាន់តំណែងនេះតាំងពីឆ្នាំ១៩៩៨មកនេះបានស្នើសុំឲ្យមានការប្រជុំវិសាមញ្ញមួយនាពេលឆាប់ៗខាងមុខនេះតាមដែលអាចធ្វើទៅបានដើម្បីជ្រើសរើស ប្រធានថ្មីក្នុងជួរគណៈកម្មាធិការរបស់ FIFA ដើម្បីដឹកនាំបន្ត នឹងដឹក នាសមាជប្រចាំឆ្នាំនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនៅប្រទេសស្វីសដដែល ។

លោក Blatter បានថ្លែងថា រូបលោកនឹងចាកចេញពីប្រធាន FIFA ជាផ្លូវការនៅក្នុងសមាជមួយដែលនឹងធ្វើឡើងនៅ ចន្លោះខែធ្នូ ឆ្នាំ២០១៥ ឬក៏សមាជ ក្នុងខែ មីនា ឆ្នាំ២០១៦ ខាងមុខគឺជាពេលដែលបោះឆ្នោត និងក៏ថ្ងៃចុងក្រោយរបស់ Blatter ក្នុង FIFA នេះឯង ខណៈដែលគូប្រជែង Prince Ali ជាបេក្ខភាពខ្ពស់ដែល បាន ឈានដល់វគ្គផ្តាច់ព្រ័ត្រទល់ នឹងលោក Sepp Blatter កាលពីបោះឆ្នោត រាត្រីថ្ងៃសុក្រ ទី២៩ ខែឧសភា ស្របពេលដែលលោក David Ginola បាន ប្រកាសឈរឈ្មោះប្រជែងតំណែងនេះដូចគ្នា ។

ព្រះអង្គម្ចាស់ហ្ស៊កដានី Ali Bin Al-Hussein

គួរបញ្ជាក់ដែរថា ការលាលែងពីតំណែងរបស់លោក Blatter យ៉ាងតក់ក្រហល់បែបនេះ ក្រោយពីឈ្នះឆ្នោតមិនទាន់បាន មួយសប្តាហ៍ផងនេះ ក្នុងខណៈដែល តុលាការស្វីស បានកំពុងតែសហការគ្នាជាមួយនឹង FBI របស់អាម៉េរិកក្នុងការស៊ើប អង្កេតករណីបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup 2018 នៅរុស្ស៊ី និង World Cup 2022 នៅកាតា និងតាមវែកមុខមន្រ្តី ជាន់ខ្ពស់៧រូបទៀតដែលនៅសល់ បើទោះបីជាលោក Blatter ពុំមានឈ្មោះក្នុងបញ្ជីតាមចាប់ខ្លួននោះក៏ដោយ ៕

Post a Comment

 
Top