GuidePedia

0
អ្នកចាត់ការ​ក្រុម Arsenal លោក​ Arsene Wenger ​បាន​​​​ឆ្លើយ​តប​​ទៅ​ Thierry Henry ​ដែល​លើក​ឡើង​ថា Olivier Giroud ពុំ​មាន​សមត្ថភាព​ល្អ​គ្រប់គ្រាន់ ដើម្បី​ជួយ​ឲ្យ​កាំភ្លើង​ធំ​លើក​ពាន​ ដោយ​អ្នកចាត់ការ​វ័យ​៦៥​ឆ្នាំ​រូប​នេះ និយាយ​ថា​ការ​លើក​ឡើង​ទាំង​នោះ គឺ​ខុស​ហើយ ហើយ​ Giroud អាច​នឹង​ក្លាយ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ (World Class Striker) ​សម្រាប់​ Arsenal។


​Henry ​ដែល​ជា​អ្នក​វិភាគ​ប្រចាំ​ទូរទស្សន៍​ Sky Sport ធ្លាប់​និយាយ​ថា Arsenal នៅ​តែ​ត្រូវ​ការ​កំពូល​ខ្សែ​ប្រយុទ្ធ ដែល​មាន​គុណភាព ដើម្បី​អាច​​ឈ្នះ​ពាន​រង្វាន់​ Premier League ម្ដង​ទៀត និង​បន្ថែម​ថា​​សមត្ថភាព​របស់​ Giroud មិន​អាច​ជួយ​ឲ្យ​ Arsenal លើក​ពាន​បាន​ទេ។

យ៉ាង​ណា​ក្ដី អ្នកចាត់ការ​សញ្ជាតិ​បារាំង​ Wenger បាន​និយាយ​ឆ្លើយ​តប​វិញ​ថា៖ “ខ្ញុំ​អាច​ទទួល​យក​បាន​នូវ​គំនិត​នោះ ប៉ុន្តែ​ការ​និយាយ​ទៅ​លើ​ Giroud គឺជា​រឿង​ខុស​ខ្លាំង។ ខ្ញុំ​គិត​ថា គាត់​និយាយ​ខុស​​តែ​ម្ដង ប្រហែល​ជា​គាត់​ទទួល​បាន​លុយ។ យើង​ដឹង​ថា ការងារ​នៅ​តាម​ទូរទស្សន៍ នៅ​ពេល​ដែល​អ្នក​បំប៉ោង​ព័ត៌មាន អ្នក​នឹង​ទទួល​បាន​លុយ​កាន់​តែ​ច្រើន”។

លោក Wenger ​ដដែល​ បាន​បន្ថែម​ថា៖ “អ្វី​ដែល​ខ្ញុំ​ដឹង​គឺ Giroud ​ខិត​ខំ​ខ្លាំង​ណាស់​សម្រាប់​ក្រុម និង​មាន​កម្លាំង​ចិត្ត​​ដ៏​ខ្លាំង​ក្លា ប៉ុន្តែ​បើ​គាត់​អាច​រក​គ្រាប់​បញ្ចូល​ទី​បាន ២០​គ្រាប់​ឡើង នោះ​គាត់​នឹង​កាន់​តែ​ល្អ។ ខ្ញុំ​ធ្លាប់​ឭ​រឿង​ដូច​នេះ​ច្រើន​មក​ហើយ​ដូច​ជា Nicolas Anelka, Thierry Henry ផ្ទាល់​ និង Robin van Persie ​ក៏​ដូច​គ្នា ប៉ុន្តែ​ពួកគេ​ទាំង​អស់​សុទ្ធ​តែ​ក្លាយ​ជា World Class Players”។


​Giroud រក​គ្រាប់​បាល់​ឲ្យ​កាំភ្លើង​ធំ​សរុប​បាន​១៨​គ្រាប់​ហើយ​ នៅ​រដូវ​កាល​នេះ ដោយ​​ក្នុង​នោះ​ ខ្សែ​ប្រយុទ្ធ​វ័យ​​២៨​ឆ្នាំ​រូប​នេះ រក​បាន​១៤​គ្រាប់​នៅ Premier League ក្រោយ​បង្ហាញ​ខ្លួន​បាន​ ២០​ប្រកួត៕

Post a Comment

 
Top