GuidePedia

0
អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ពីរ​រូប នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ថៃ​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៧ ខែឧសភា ២០១៥​នេះ នៅ​លើ​សង្វៀន​TV3។ អ្នក​ប្រដាល់​ពីរ​រូប​របស់​កម្ពុ​ជា​នោះ គឺ​ឡុង សុវណ្ណ​ឌឿ​ន ក្លិប​សាលវ័ន្ត​កីឡា និង​ឈាន ហុង ក្លិប​ក្រសួងការពារជាតិ។


ឡុង សុវណ្ណ​ឌឿ​ន គេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្នះ​PhakphumSrihawong​ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅលើ​សង្វៀន​ស្រុក​ខ្មែរ​ទេ​ពីមុនមក។ តាម​អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​TV3​លោក ទី រ៉ា​ណាត បានឲ្យដឹងថា PhakphumSrihawong​នេះ ជា​ជើង​ខ្លាំង​និង​ជា​ម្ចាស់​ខ្សែក្រវាត់​និង​ពានរង្វាន់​ជាច្រើន​ទៀត​។

ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ក្នុង​នោះ​គេ​វាយ​ឈ្នះ​៥០​ដង និង​ចាញ់​១៥ ដង។ ថៃ​ម្នាក់​នេះ​រឹងមាំ​វាយ​មិន​ស្រុត​កម្លាំង​នោះ​ឡើយ​។ ប៉ុន្តែ​សម្រាប់​កម្ពស់​វិញ គឺ​មិនជា​បញ្ហា​អ្វី​ឡើយ ព្រោះ​ពួកគេ​ពីរ​នាក់​នេះ​មាន​កម្ពស់​ប្រហាក់​ប្រហែលគ្នា​គឺ​សុវណ្ណ​ឌឿន​១,៧២​ម៉ែត្រ ឯ​PhakphumSrihawong១,៧០​ម៉ែត្រ។

ទោះជា​យ៉ាងណា ឡុង សុវណ្ណ​ឌឿ​ន អ្នក​ប្រដាល់​កម្ពុជា​យើង ក៏​មិនជា​អន់​ដែរ ដោយ​គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មក​ហើយ​កាល​ពីពេល​កន្លងមក។ សុវណ្ណ ឌឿ​ន មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦០​ដង ឈ្នះ​៤០​ដង ចាញ់​១៥​ដង និង​ស្មើ​៥​ដង ហើយ​គេ​ក៏​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន​១៥​ដង​ឯណោះ។ ចាំ​មើល រវាង​ឡុង សុវណ្ណ​ឌឿ​ន និង PhakphumSrihawong​តើន​រណា​ឈ្នះ​សម្រាប់​ការ​ជួប​គ្នា​នេះ ? ។

សុវណ្ណ​ឌឿ​ន ប្រកួត​ជាមួយ​បរទេស​លើក​ចុងក្រោយ​នេះ វាយ​ឈ្នះ​ថៃ​Thakphum​Kiriha​vong​ដោយ​ពិន្ទុ​លើ​សង្វៀន​TV3​នេះ កាលពី​ថ្ងៃទី​២៦​មេសា​២០១៥។ ចំពោះ អ្នក​ប្រដាល់​កម្ពុជា​ឈាន ហុង ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​Sett Sorplam-jit​អ្នក​ប្រដាល់​ជនជាតិ​ថៃ​ដែរ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ជា​លើក​ទី​២០​សំរាប់​ឈាន​ហុង​ហើយ ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ។ Sett Sorplam-jit មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ។ នេះ​ជា​លើក​ទី​១​សំរាប់​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ហើយ។ អ្នក​ប្រដាល់​ជនជាតិ​ថៃ​រូប​នេះ បើ​តាម​លោក​ទី រ៉ា​ណាត ឲ្យដឹង​នោះ​ថា គេ​ពុំដែល​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ។

បើតាម​លោក​រ៉ា​ណាត​និយាយ​ឲ្យ​ដឹង​ទៀត​នោះ អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ​មាន​សមត្ថភាព​ប្រដាល់​ប្រហាក់ប្រហែល​នឹង​ឈាន​ហុង​ដែរ ដោយសារ​គេ​មានកំណត់​ត្រា​ប្រកួត​ប្រដំប្រសង​ជាមួយ​ឈាន ហុង ដែរ។

អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង និង​ចាញ់​២០​ដង។ បើ​ធៀប​ជាមួយ​ឈាន ហុង​នោះ គឺ​ច្រើនជាង​តែ​៥​ដង​ប៉ុណ្ណោះ ដោយ​ហុង​គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៥​ដង ចាញ់​៨​ដង និង​ស្មើ​២​ដង។

ឈាន ហុង ប្រកួត​ចុងក្រោយ​នេះ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ កៅ​ភោ​ដាំ ហាន់​រ៉ាវី​អោយ​សន្លប់​ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​០៦​ឧសភា​កន្លងមកនេះ។ ចាំមើល ការ​ជួប​ជាមួយ​Sett Sorplam-jit​លើក​នេះ តើ​ឈាន​ហុង​អាច​មាន​វាសនា​ឈ្នះ​ទៀត​ដែរ​ឬ​អត់ ? ។


ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​គ្នាឯង​វិញ សេង កំសត់ ក្លិប​គី​សែ​មានរិទ្ធ នឹង​ត្រូវ​ប្រកួត​ជាមួយ​អ៊ុង ស៊ីណា ក្លិប​កងទ័ពជើងគោក។ ម៉ន ចាន់នី ក្លិប​ការិយា ល័យ ​ទី​៥​កងទ័ពជើងគោក ត្រូវ​ជួប​ប្រកួត​ជាមួយ​ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា ខណៈ​ដែល​សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ ជួប​ប្រកួត​ជាមួយ​ប្រាក់ ស៊ី​ណាត អ្នក​ប្រដាល់​មកពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ៕

Post a Comment

 
Top