GuidePedia

0
ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​គុន សំណង អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ នា​យប់​ថ្ងៃអាទិត្យ​ទី​៣១ ខែឧសភា​២០១៥​នេះ នៅ​លើ​សង្វៀន​SEA-TV​ក្នុង​កម្មវិធី​ប្រដាល់​Black Cat។


គុន សំណង បាត់​មុខ​ជិត​៤​ខែ​ហើយពី​សង្វៀន ក្រោយពី​គេ​ប្រកួត​ស្មើ​ជាមួយ​ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៥ មករា​២០១៥​កន្លងមក ។ សំណង​នេះ ល្អ​គួរសម​ដែរ ប៉ុន្តែ​អន់​ទិច​និ​ច​ប្រកួត ដែល​ធ្វើអោយ​ការប្រកួត​របស់គេ​មាន​លទ្ធផល​មិនសូវ​ល្អ​នោះ។

ទោះជា​យ៉ាងណា គុន សំណង មក​ប៉ះ​ប្រកួត​ជាមួយ​ម៉ន ព្រហ្ម​ម៉ាញ​នេះ ក៏​ប្រហែលជា​ពុំមាន​លទ្ធផល​ល្អ​ប៉ុន្មាន​ដែរ ព្រោះ​ព្រហ្ម​ម៉ាញ​គេ​វាយ​ខ្លាំង ហើយ​ស្នៀត​ទាត់ កណ្តាប់ដៃ​និង​ជង្គង់​កែង​របស់​គេ​ក៏មាន​ផ្លែ​ល្អ​ថែមទៀត។ ការប្រកួត​ចុងក្រោយ​នេះ ម៉ន ព្រហ្ម​ម៉ាញ បាន​វាយ​ឈ្នះ​ព្រំ វី អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៧ ឧសភា​កន្លងមកនេះ។ សម្រាប់​ការប្រកួត​រវាង​ម៉ន ព្រហ្ម​ម៉ាញ និង គុន សំណង​នេះ គេ​មិន​រំពឹងថា​គុន សំណង ឈ្នះ ម៉ន ព្រហ្ម​ម៉ាញ​នោះទេ ? ។

ឡុង ប៊ុន​យី​ម អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ឡើង​សងសឹក​ជាមួយ​ផាន់ ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​គុជ​សា​កីឡា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ កាលពី​ជួបគ្នា​លើក​មុន​ថ្ងៃទី ១០ ឧសភា​កន្លង​មកនេះ ប៊ុន​យី​ម ត្រូវ​ពិសិដ្ឋ​វាយ​អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤។

ប៊ុន យី​ម ជា​អ្នក​ប្រដាល់​ដែល​ប្រកួត​មិនដែល​ឈ្នះ​គេ​ទេ​កន្លងមក។ ក្នុង​ដើមឆ្នាំ​២០១៥​នេះ ប៊ុន យី​ម ឡើង​ប្រកួត​បាន​៤​ប្រកួត​ប៉ុណ្ណោះ ហើយ​ក្នុង​៤​ប្រកួត​នេះ​ប៊ុន​យី​ម ចាញ់​ទាំង​៤​ប្រកួត។ ការប្រកួត​លើក​ចុងក្រោយ​នេះ ប៊ុន​យី​ម វាយ​ចាញ់​ម៉ឺន ដា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​៣ ។ ផាន់ ពិសិដ្ឋ ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​កាយសម្បទា​រឹងមាំ កណ្តាប់ដៃ​ខ្លាំង ហើយ​សន្ទុះ​ជើង​ទាត់​របស់គេ​ក៏​ខ្លាំង​ដែរ ។ ប៉ុន្តែ​យ៉ាងណា ផាន់ ពិសិដ្ឋ ពុំមែន​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ និង​ខ្លាំង​នោះទេ គ្រាន់តែ​គេ​គ្រាន់បើ​ជាង​ប៊ុន​យី​ម​បន្តិច​ប៉ុណ្ណោះ។

ចាំមើល ឡុង ប៊ុន​យី​ម គេ​អាច​សងសឹក​ផាន់ ពិសិដ្ឋ បានសម្រេច​ឬ​អត់ ? ក្នុងការ​ជួបគ្នា​លើក​នេះ ។​

សុខ ចិន្តា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា នឹង​ជួប​ប្រកួត​ជាមួយ ទូច កុសល អ្នក​ប្រ ដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូ ក្រាម។ ទូច កុសល នេះ គេ​ជា​អ្នក​ប្រដាល់​ថ្មី​មិនដែល​មាន​នរណា​ស្គាល់​ច្បាស់​នោះទេ សូម្បីតែ​អ្នក​ផ្គូផ្គង ក៏​មិន​ច្បាស់​ថា​អ្នក​ប្រដាល់​ម្នាក់នេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ឬ​អន់​នោះដែរ ។ តែ យ៉ាងណា ជួប​ប្រកួត​ជាមួយ​សុខ ចិន្តា​នេះ កុសល​ប្រហែលជា​ពុំ​ជួប​សំណាងល្អ​នោះឡើយ ? ។

ចិ​ន្តា្ត ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ចាន់ ឆាយ​ម៉ៅ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ដោយ​ពិន្ទុ។ សៅ ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចំណូល​ថ្មី សំរាំង ភក្តី មកពី​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ។ ប៊ុនធឿន មាន​ស្នៀត​ប្រដាល់​ល្អ តែ​គេ​ទាប​បន្តិច ដែល​ធ្វើ​អោយគេ​ភាគច្រើន​ជួប​បរា​ជ័យ។ ប្រកួត​ចុងក្រោយ​នេះ ប៊ុនធឿន វាយ​ស្មើ​ជាមួយ​ប្រាក់​ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ។


ចំណែក​អ្នក​ប្រដាល់​ចំណូល​ថ្មី​ម្នាក់ទៀត ដែល​មកពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​សាង សី អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា។ រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ដឹង​ថា នរណា​ជា​អ្នកឈ្នះ​នោះឡើយ ?៕

Post a Comment

 
Top