GuidePedia

0
លើសង្វៀន SEA-TV នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះអ្នកប្រដាល់ ទី ពន្លែត ក្លឹបរដ្ឋសែនជ័យ៣១៧គូលេន ខេត្តសៀមរាប ប៉ះ អ្នកប្រដាល់ សុខ វិស័យ ក្លឹបសំរោងកោងខេត្តបាត់ដំបង រីឯអ្នកប្រដាល់ជើងថ្មី បឺត សង្ឃឹម ក្លឹបរ៉ាហាប់ស្វាយប៉ាក ប៉ះអ្នកប្រដាល់ ជើងចាស់ ចាន់ រតនៈ ក្លឹបខ្លា រខិនមានរិទ្ធក្នុងប្រភេទទម្ងន់ ៥៧គ.ក្រ ។



ទី ពន្លែត ជាអ្នកប្រដាល់មានកាយសម្បទាល្អរឹងមាំ ស្នៀតប្រដាល់ក៏គ្រាន់បើដែរ គ្រាន់តែគេមានចិត្តតូច អន់ល្បិចកលប្រកួត និងភាពរហ័សរហួនប៉ុណ្ណោះ ។ ដូច្នេះសម្រាប់ការជួបជាមួយ សុខ វិស័យ លើកនេះក្រុមអ្នកវិភាគប្រដាល់គេពុំមានជំនឿថា ពន្លែតអាចយកឈ្នះ សុខ វិស័យ បាននោះឡើយ ហើយសុខ វិស័យ ពូកែទាត់ និងជង្គង់ ហើយកណ្ដាប់ដៃរបស់គេក៏រហ័សដែរ ។

ជាមួយនឹងមានស្នៀតប្រដាល់ល្អនេះ វិស័យ គេក៏មានល្បិចកលក្នុងការប្រកួតច្រើន និងចិត្តប្រដាល់ធំដែរ តែឥឡូវមិនជាខ្លាំងដូចពីមុនប៉ុន្មានទេ ដោយសារគេ ខានប្រកួតយូរ កម្លាំងសម្រុកមិនសូវខ្លាំងដូចពីមុន ។

អ្នកប្រដាល់ជើងថ្មី បឺត សង្ឃឹម មានកម្លាំងចិត្តក្នុងការប្រកួត តែខ្វះតិចនិក និងកលល្បិចក្នុងការយកឈ្នះលើដៃគូប្រកួត ដោយវាយមិនសូវប្រើប្រាជ្ញានោះទេ គឺ វាយតាមកម្លាំងបាយដែលពីទឹកទី១ ដល់ទី៣ វាយខ្លាំង ប៉ុន្តែចូលដល់ទឹកទី៤ និងទី៥ អស់កម្លាំងសម្រុកដែលនាំឲ្យសង្ឃឹមជួបបរាជ័យនោះ ។

ចំណែក ចាន់ រតនៈ ជាអ្នកប្រដាល់ជើងចាស់មានតិចនិក និងបទពិសោធន៍ក្នុងការប្រកួតច្រើន គេក៏ជាម្ចាស់ខ្សែក្រវាត់ទម្ងន់៥៧គីឡូក្រាមនេះដែរ រតនៈ ដើរចូល ឲ្យតែគេវាយទេ ដោយអាងខ្លួនជាជើងចាស់ និងខ្ពស់នោះ ទោះជាយ៉ាងនេះក៏ដោយ បឺត សង្ឃឹម ពិបាកនឹងយកឈ្នះរតនៈដែរ ។

អ្នកប្រដាល់ ហង្ស រ៉ាម៉ន ក្លឹបសកលកម្ពុជានឹងជួបប្រកួតជាមួយ អ្នកប្រដាល់ រិទ្ធ កៅ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម និងអ្នកប្រដាល់ សៅ សុវណ្ណ ជើងថ្មីក្លឹបតាព្រហ្ម មានជ័យជួបប្រកួតជាមួយ អ្នកប្រដាល់ ផល សុផៃ ជើងថ្មី ក្លឹបគីរីវង្សសុខសែនជ័យ ចំណែកអ្នកប្រដាល់ សេក សុខសរ ក្លឹបអង្គរមានជ័យ ប្រកួតជាមួយ អ្នកប្រដាល់ ម៉ឺន មេឃា ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ៕

Post a Comment

 
Top