GuidePedia

0
ខ្សែប្រយុទ្ធឆ្នើម និងជាប្រធានក្រុម បាល់ទាត់ជម្រើសជាតិ អាយុក្រោម២៣ឆ្នាំកម្ពុជា គឺកីឡាករ ប្រាក់ មុន្នីឧត្តម តំណាងឲ្យកីឡាករជម្រើសជាតិទាំងអស់ មុន យុទ្ធនាការប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ចូលមកដល់ កាលពីម្សិលមិញ គេបានសរសេររៀបរាប់ពី ទុក្ខលំបាករបស់សមាជិកក្រុម ទាំងមូល ក៏ដូចជាបញ្ហាប្រឈមមួយចំនួន មុននឹងការប្រកួតជម្រុះតាមពូល នៃព្រឹត្តិការណ៍ប្រចាំ តំបន់អាស៊ាននេះចាប់ផ្ដើម ។


ថ្វីត្បិតតែបច្ចុប្បន្នបាល់ទាត់កម្ពុជា មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ពិតមែន តែទន្ទឹមជាមួយគ្នានេះដែរ ក៏មានបញ្ហាមួយចំនួន ដែលទស្សនិកជនមិនដឹង គឺ បញ្ហាទុក្ខលំបាករបស់កីឡាករជម្រើសជាតិកម្ពុជាយើង ។ រហូតមកដល់ល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ ទើបប្រធានក្រុម U-23 កម្ពុជា កីឡាករ ប្រាក់ មុន្នី ឧត្តម ចេញមុខមកបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ដោយចង់បានភាពកក់ក្ដៅពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងអ្នកគាំទ្រជាជនជាតិដូចគ្នាផងដែរ ។

អារម្មណ៍ពិតដែលត្រូវបាន ប្រាក់ មុន្នីឧត្តម សរសេរនៅលើ Facebook ផ្ទាល់ខ្លួននោះគឺ «ក្នុងនាមប្រធាន ក្រុមជម្រើសយុវជនកម្ពុជា អាយុក្រោម ២៣ឆ្នាំដែល ត្រៀម ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៨ នៅប្រទេសសិង្ហបុរីពីថ្ងៃទី ៣១ ឧសភា ដល់ ទី១៦ មិថុនា ឆ្នាំ ២០១៥ ខាងមុខនេះ យើងខ្ញុំសូមបង្ហាញនូវអារម្មណ៍ របស់យើងខ្ញុំទាំងអស់គ្នា ជូនអ្នកទាំងអស់គ្នាឱ្យបានជ្រាបថា ១. ចំពោះសហព័ន្ធ យើងខ្ញុំ សូមសំណូមពរឱ្យ សហព័ន្ធធ្វើយ៉ាងណា ដើម្បីជួយផ្គត់ផ្គង់ ឱ្យបានពេញ លេញ ទាំងប្រាក់ឧបត្ថម្ភ អាហារបំប៉ន (ជាពិសេសគឺអាហារក្រៅស្រុក ព្រោះយើងពិបាកញ៉ាំអាហារគេណាស់ ) សម្ភារៈទំនុកបម្រុង ផ្សេងៗជាដើម ដើម្បីឱ្យពួក យើងខ្ញុំមានទឹកចិត្ត ក្នុងការប្រកួត ទាំងសាកល្បងបច្ចេកទេស និងផ្លូវការ ។

២. ចំពោះអ្នកគាំទ្របាល់ទាត់ជាតិ ( មួយចំនួន )៖ យើងខ្ញុំសូមសំណូមពរ ឱ្យបងប្អូន អ្នកគាំទ្រទាំងអស់ មេត្តាបង្វែពីការទិទៀន បន្ទោសបង្អាប់ មកជាការលើក ទឹក ចិត្ត ឱ្យពួកយើងខ្ញុំវិញផងទៅ ពីព្រោះពួកយើងបានដឹងហើយថា ការប្រកួតមិត្តភាពដកស្រង់ បច្ចេកទេស ប៉ុន្មានប្រកួតមកនេះ ពួកយើងបានខិតខំខ្លាំងណាស់ បើ ទោះជាពួកយើង បានលេងទៅហើយៗមិនបានការសរសើរ លើកទឹកចិត្តប៉ុណ្ណោះទេ តែបែរជាចោទពួកយើង ខ្ញុំថាមានគំនិតមិនល្អ ក្នុងការប្រកួតជាដើម ។

និយាយឱ្យត្រង់ទៅចុះ បើឱ្យពួគខ្ញុំជ្រើសរើសរវាងក្លឹប និងជម្រើសជាតិ ដើម្បីលេងឱ្យនោះពួកខ្ញុំ សូមជ្រើសរើសយកក្លឹបវិញហើយ ព្រោះថា ពួកយើងខ្ញុំនឹងគ្មាន សម្ពាធទេ ទោះលេងចាញ់ ឬឈ្នះក៏ដោយ ។

ប៉ុន្តែផ្ទុយទៅវិញ បើការលេងឱ្យជម្រើសជាតិ បានលទ្ធផលល្អនោះ គឺមិនមានអ្វីជាសម្ពាធទេ តែបើចាញ់គឺ ច្បាស់ជាលឺសូរតែពាក្យ មិនគួរគប្បីពីសំណាក់ បងប្អូន អ្នកគាំទ្រមួយចំនួនមិនខាន ។ ដោយហេតុនេះ ពួកយើងសឹងតែនឹងអស់ទឹកចិត្ត ក្នុងការលេងឱ្យជម្រើស ជាតិណាស់ ។ បងប្អូនចង់បានលទ្ធផលល្អពួកយើងខ្ញុំ ក៏ដូចគ្នាដែរ ។ ពួកយើងនៅក្នុងទីលានគឺពិបាកណាស់ (គឺមិនងាយដូចអ្នក ទស្សនាទេ) ។ បើអាចធ្វើបាន ពួកយើងចង់នៅអង្គុយ ឬឈរជាមួយបងប្អូន ដែល តែងតែលើកទឹកចិត្តគាំទ្រ កីឡាករនៅក្នុងទីលាន ល្អជាង ហើយឱ្យបងប្អូនណា ដែលតែងតែទើសរហូតនោះ មកលេងជំនួស ពួកយើងខ្ញុំវិញចុះ ។

បងប្អូនគិតទៅមើលថា ពួកយើងមានអារម្មណ៍បែបណា បើពួកយើងខ្ញុំទទួល តែការតិះដៀលយ៉ាងដូច្នេះ ។ សូមបងប្អូនពិនិត្យមើលមួយរយៈនេះ ថាតើលទ្ធផល របស់ យើង វាយ៉ាងម៉េចហើយ? តើអាក្រក់ ច្រើនជាងល្អមែនទេ?

ពួកយើងបានចាកចេញពីផ្ទះដើម្បីជាតិ ហើយក៏បានឃ្លាតពីការសិក្សា ក្រុមគ្រួសារ ចូលសាលាមិនទៀងទាត់ពេលវេលា ហើយក៏គ្មានពេលវេលា សម្រាប់អ្នកផ្ទះ ឱ្យបានគ្រប់គ្រាន់ផងដែរ ។ តើបងប្អូនយល់ពីអារម្មណ៍ទាំងនេះទេ? បើពួកយើងកំព្រា មិនជាអ្វីទេ តែនេះពួកយើង គឺដូចបងប្អូនអញ្ចឹង មានគ្រួសារ ចង់នៅជួបជុំ ជាមួយគ្រួសារ ចង់មានសេចក្តីសុខ សុភមង្គលដូចបងប្អូនអញ្ចឹងដែរ ។ ពេលបុណ្យទាន បងប្អូនបានទៅធ្វើបុណ្យ ទៅធ្វើទាន ប៉ុន្តែបងប្អូនមានដែលគិត ពីពួកយើង ដែលមិនមាន ពេលដូចបងប្អូនដែរឬទេ? សម្រាប់ពួកយើងគឺមានតែពេលខំ ហ្វឹកហាត់នៅក្នុងជំរុំតែប៉ុណ្ណោះ ។

ពួកយើងជិតទៅប្រកួតតំណាងឱ្យជាតិយើងហើយ ដូច្នេះពួកយើងគ្មានអ្វីក្រៅ តែអំពីខិតខំហ្វឹកហាត់ ដើម្បីទទួលនូវលទ្ធផលល្អ យកត្រឡប់មក ជូនជាតិមាតុភូមិ យើងវិញ ។

ពួកយើងសូមប្តេជ្ញាខិតខំប្រឹងប្រែងធ្វើការ នៅលើទីលានឱ្យអស់ពីសមត្ថភាព ។ ចុះបងប្អូនវិញ? តើបងប្អូនទាំងអស់ បូករួមអ្នកគាំទ្រមួយចំនួន ត្រូវធ្វើយ៉ាងណា? ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណដល់ ស.ប.ក ផង និង ដល់បងប្អូនទាំងអស់គ្នាផង ដែលតែងតែយកចិត្តទុកដាក់ ដល់ក្រុមជម្រើសជាតិគ្រប់កម្រិត ទាំង កម្លាំងកាយ និងស្មារតី ជាពិសេសដែលតែងតែ រំលឹកពួកយើងតាមរយៈការរិះគន់ ហើយក៏សូមចាប់ផ្តើមជួយស្ថាបនា គឺការលើកទឹកចិត្តដល់ពួកយើងផង ចាប់ពីពេល នេះតទៅ ។

យ៉ាងណាមិញ ពួកយើងសូមខន្តីអភ័យទោសផងដែរ ប្រសិនណាបើការបង្ហាញ ពីអារម្មណ៍ របស់ពួកយើងខ្ញុំ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ដោយប្រការណាមួយ» ។


គួរបញ្ជាក់ថា នៅថ្ងៃទី០៨ ខែឧសភានេះ ក្រុម U-23 កម្ពុជា នឹងធ្វើដំណើរទៅប្រទេសវៀតណាម ដើម្បីធ្វើការប្រកួត លក្ខណៈមិត្តភាពអន្ដរជាតិចំនួន៣ប្រកួតក្នុង នោះមានប្រកួតជាមួយ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងម្ដង និងប្រកួតជាមួយ ក្រុមលំដាប់លីកកំពូល ម្ចាស់ផ្ទះវៀតណាម២ប្រកួត ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេស ត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ដែលវិញ្ញាសាកីឡាបាល់ទាត់ នឹងចាប់ផ្ដើមប្រកួត នៅដើមខែមិថុនា ខាងមុខនេះ ៕

Post a Comment

 
Top