GuidePedia

0
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកកាលពីចុងខែមេសាកន្លងទៅ បានថ្លែងឲ្យដឹងថា សម្រាប់ការប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី ដែលនឹងបើកជាផ្លូវការនៅខែមិថុនាខាងមុខនេះ កីឡាករហែលទឹកកូនកាត់ខ្មែរ-អាម៉េរិកម្នាក់ គឺកីឡាករ សូរ វិចាភូ នឹងមកជួយកម្ពុជា ដើម្បី ស្វែងរកមេដាយជា ប្រវត្តិសាស្ដ្រជូនប្រទេសជាតិឲ្យបាន ។


អគ្គលេខាធិការថ្មី ដែលឡើងកាន់តំណែងជំនួសលោក ហែម ថុន ជាឪពុក ដែលទទួលមរណភាពកាលពីចុងឆ្នាំ ២០១៤ កន្លងទៅ បានបន្ដឲ្យដឹងទៀតថា SEA Games ឆ្នាំនេះ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនអត្តពលិកចំនួន៧នាក់ ទៅចូលរួម ក្នុងនោះមានកីឡាករ៥រូបរួមមាន ហែម ថុនពន្លឺ, ធឿន ថុល, ចេង ពិរ៉ូត, លឹម ឧត្តម និងកីឡាករកូនកាត់ ខ្មែរ-អាម៉េរិក សូរ វិចាភូ រីឯកីឡាកការិនីមាន២រូបដែរគឺកីឡាការិនី ហែម ថុនវិទិនី និង សេង សម្ផស្ស ។

ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកស្នេហាវិស័យកីឡាកម្ពុជា មានការភ្ញាក់ផ្អើលនោះ គឺវត្តមានដ៏គួរឲ្យចាប់អារម្មណ៍ របស់កីឡាករវ័យក្មេង សូរ វិចាភូ ដែលជាកូនកាត់ ខ្មែរ-អាម៉េរិក ក៏ត្រៀមចូលរួមជាមួយអត្តពលិកកម្ពុជាដែរ ។

លោក ហែម គិរី បានថ្លែងថា សូរ វិចាភូ ជាអត្តពលិកមួយរូប ដែលធ្វើឲ្យយើងមានសង្ឃឹមក្នុងការស្វែងរកមេដាយពីការ ប្រកួតកីឡា SEA Games លើកទី២៨នេះ ព្រោះ សូរ វិចាភូ ធ្លាប់មានបទពិសោធន៍ប្រកួតច្រើន នៅអំឡុងពេលគេកំពុង សិក្សាថ្នាក់ឧត្តមសិក្សានៅសាលារៀនឯកជនមួយ នៃសហរដ្ឋអាម៉េរិក ហើយគេក៏ ធ្លាប់ ដណ្ដើមបានចំណាត់ល្អៗជាច្រើន លើកច្រើនសារទៀតផង ។

ហេតុដូច្នេះ សម្រាប់យុទ្ធនាការប្រកួតកីឡា SEA Games ឆ្នាំនេះ លោកអគ្គលេខាធិការ ហែម គិរី បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញឲ្យអត្តពលិកដណ្ដើមយក មេដាយសំរិទ្ធឲ្យបានជាដាច់ខាត ព្រោះកន្លងមកកីឡាហែលទឹកកម្ពុជា ពុំធ្លាប់ ដណ្ដើមបានមេដាយអ្វីឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នអត្តពលិកកម្ពុជាទាំង ៧ រូប ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដ៏ធំប្រចាំតំបន់ ក៏កំពុងខិតខំធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ផងដែរ ។

គួរបញ្ជាក់ថា ក្នុងចំណោមអត្តពលិកទាំង៧រូបខាងលើ មានតែកីឡាករកូនកាត់ខ្មែរ-អាម៉េរិក សូរ វិចាភូ ម្នាក់គត់ដែល កំពុងហ្វឹកហាត់នៅសហរដ្ឋម៉េរិក ចំណែកអត្តពលិក៦រូបផ្សេងទៀត គឺមានកីឡាករ ហែម ថុនពន្លឺ, ធឿន ថុល, ចេង ពិរ៉ូត, លឹម ឧត្តម និងកីឡាកការិនីមាន២រូបគឺ ហែម ថុនវិទិនី និង សេង សម្ផស្ស កំពុងតែហ្វឹកហាត់ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ដើម្បីបង្កើនសមត្ថភាពរៀងៗខ្លួន ក្រោមការបង្ហាត់បង្រៀនដោយលោក ហែម គិរី ផ្ទាល់តែម្ដង ៕

Post a Comment

 
Top