GuidePedia

0
កីឡាករបាល់ទាត់ឆ្នើមៗ របស់ក្រុមជម្រើសជាតិ អាយុក្រោម ២៣ឆ្នាំកម្ពុជា ៤រូប រួមមានខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម(ប្រធានក្រុម U-23កម្ពុជា) និងកីឡាករ កែវ សុខផេង ខ្សែបម្រើ ឈិន ឈឿន និងអ្នកចាំទី អ៊ុំ សេរីរ័ត្ត កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ បានចូលរួមផ្សព្វផ្សាយ ពីដំណើរឆ្ពោះទៅកីឡា SEA Games លើកទី២៨ នៅសិង្ហបុរី នៅផ្សារទំនើប Aeon ។


កម្មវិធីផ្សព្វផ្សាយនេះ គឺរៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងឱកាសនៃការលក់សម្លៀកបំពាក់កីឡាស៊ីហ្គេមរបស់ក្រុមហ៊ុន FBT នៅផ្សារទំនើប Aeon ដើម្បីរកប្រាក់ចំណូលខ្លះ ឧបត្ថម្ភដល់អត្តពលិកជម្រើសជាតិកម្ពុជា ក្នុងដំណើរឆ្ពោះទៅកីឡា SEA Games ឆ្នាំ២០១៥ ហើយក្នុងពេលនោះ ក៏មានអ្នកគាំ ទ្រ បាល់ទាត់កម្ពុជា រង់ចាំថតរូបអនុស្សាវរីយ៍ និងសូមហត្ថលេខាពីតារាបាល់ទាត់ឆ្នើមៗទាំង ៤រូបខាងលើផងដែរ ។

កីឡាករ ប្រាក់ មុន្នីឧត្តម ក្នុងនាមជាប្រធានគេបានលើកឡើងថា ខ្លួនពិតជាសប្បាយរីករាយក្នុងការរួមចំណែកផ្សព្វផ្សាយពីយុទ្ធនាការ SEA Games ហើយគេ សង្ឃឹម ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងចូលរួមលើកទឹកចិត្តដល់អត្តពលិកជម្រើសជាតិកម្ពុជា ដើម្បីជាការជំរុញឆ្ពោះទៅដណ្ដើមយកជ័យជំនះជូនប្រទេស ជាតិ កម្ពុជាយើង ។ មុន្នីឧត្តម ក៏បានអំពាវនាវឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជា បន្ដការគាំទ្រ និងលើកទឹកចិត្តឲ្យកាន់តែច្រើន ទោះបីលទ្ធផលយ៉ាងណាក៏ដោយ ព្រោះពួក គេ បានខិតខំប្រកួតអស់ពីសមត្ថភាពហើយ ។

ដោយឡែកកីឡាករ ឈិន ឈឿន បានថ្លែងឲ្យដឹងដែរថា នៅក្នុងការប្រកួតកីឡា SEA Games លើកនេះ កីឡាករជម្រើសជាតិអាយុក្រោម ២៣ឆ្នាំទាំងអស់ សុទ្ធ តែបានប្ដេជ្ញាចិត្ត ធ្វើយ៉ាងឆ្លងឲ្យផុតវគ្គជម្រុះក្នុងពូល ហើយឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូច្នេះពួកគេនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេច តាម ការជំរុញលើកទឹកចិត្តពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចនាំជ័យលាភីជូនអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ។


គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥នេះ បានធ្វើដំណើរតាមយន្ដហោះនៃអាកាសយានដ្ឋាន ភ្នំពេញអន្ដរជាតិឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីហើយ ដើម្បីត្រៀមខ្លួនប្រកួតបើកឆាកជាមួយក្រុមកីឡាជម្រើសជាតិហ្វីលីពីននៅថ្ងៃទី០៣ មិថុនាខាងមុខក្នុងពូលA៕

Post a Comment

 
Top