GuidePedia

0
Real Madrid ​មិន​ព្រម​ទិញ​​ខ្សែ​ប្រយុុទ្ធ Javier Hernandez ដាច់​ពី Manchester United ​ទេ​ បន្ទាប់​ពី​អស់​កុងត្រា​ខ្ចី​ជើង​រដូវ​កាល​នេះ តែ​​​មាន​ដំណឹង​មក​ថា​​ក្លិប​នេះ​កំពុង​ត្រៀម​ទិញ​យក​ខ្សែ​ប្រយុទ្ធ Sergio Aguero ​របស់​ក្រុម Manchester City ​ ឯ​ណោះ​វិញ។


Chicharito ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ក្រុម Real Madrid ​ខ្ចី​ជើង​ពី Man Utd ​មក​កាល​ពី​រដូវ​កាល​មុន ហើយ​រយៈ​ពេល​មួយ​រដូវ​កាល​មក​នេះ រូប​គេ​បាន​បង្ហាញ​ខ្លួន​បាន​៣៣​ប្រកួត​ដែរ តែ​ក្នុង​៣៣​ប្រកួត​នោះ​មាន​តែ​១២​ប្រកួត​ទេ ដែល​បាន​ជាប់​ជា​ជម្រើស​ដំបូង។ ស្រប​ពេល​នេះ ខាង​ក្លិប​ក៏​បាន​ចេញ​មក​បញ្ជាក់​ដែរ​ថា ពួកគេ​នឹង​បញ្ជូន​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ទៅ Old Trafford ​វិញ​ហើយ ដោយ​មិន​ទិញ​យក​ដាច់​នោះ​ទេ។

ក្រោយ​មាន​ដំណឹង​ថា​មិន​ទិញ​ Chicharito ​នេះ ក៏​មាន​លេច​ឮ​មក​ថា អធិរាជ​ស​កំពុង​តែ​ដាក់​តម្លៃ​ខ្លួន​៩០​លាន​អឺរ៉ូ​ទិញ​យក​កីឡាករ​ម្ចាស់​ស្បែក​ជើង​មាស​នៅអង់គ្លេស​ Aguero ពី​ក្រុម Man City ​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ចម្លើយ​អី​ពី​ខាង​ក្រុម​មេឃ​ខៀវ​នៅ​ឡើយ​។

ខ្សែ​ប្រយុទ្ធ​​អាហ្សង់ទីន​ដែល​រក​គ្រាប់​បាល់​បាន​២៦​គ្រាប់​នៅ Premier League ​រដូវ​កាល​នេះ គឺ​ជា​គោល​ដៅ​ដំបូង​គេ​សម្រាប់​ក្រុម​យក្ស​នៅ​អេស្ប៉ាញ​ទិញ​មក​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ ព្រោះ​ថា​លោក Florentino Perez ​ចង់​បាន​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ តាំង​ពី​រូប​គេ​លេង​នៅ Independiente ​ម៉្លេះ តែ​គ្រា​នោះ​រូប​គេ​បែរ​ជា​ជ្រើស​រើស​យក​ Atletico Madrid ​វិញ​ក្នុង​ឆ្នាំ​២០០៦ មាន​តម្លៃ​ខ្លួន​២៣​លាន​អឺរ៉ូ។


ខ្សែ​ប្រយុទ្ធ​ដែល​ជាប់​ជម្រើស​ជាតិ​អាហ្សង់ទីន​តាំង​ពី U17 ​មក​នេះ ផ្លាស់​ចេញ​ពី Atletico Madrid ​ទៅ Man City ​នៅ​ឆ្នាំ​២០១១ ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន ហើយ​រូប​​គេ​បាន​​ក្លាយ​ជា​វីរបុរស​របស់​មេឃ​ខៀវ​នៅ​ពេល​ដែល​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​លើ QPR ​នៅ​នាទី​៩០+៤ ​ក្នុង​ឆ្នាំ​២០១២ ពោល​គឺ​មួយ​គ្រាប់​នោះ​ហើយ​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​លើក​ពាន Premier League ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤៤​ឆ្នាំ​ចុង​ក្រោយ​៕

Post a Comment

 
Top