GuidePedia

0
Paris Saint Germain បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ Ligue 1 របស់​បារាំង​ជា​លើក​ទី​ ៣ ​ជាប់​ៗ​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​កន្លងមកនៅ​ពេល​ដែល​ការ​ទទួល​ជ័យជម្នះ ២-១ នៅ​លើ​ទឹក​ដី​ក្រុម Montpellier បាន​ជួយ​ឲ្យ​​ពួក​គេ​មាន​ពិន្ទុ​នាំ​មុខ​ដែល​មិន​អាច​តាម​ទាន់​លើ​ក្រុម​ឈរ​លេខ​ ២ Lyon ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​ ១ ​លើក​ទៀត​។


PSG បាន​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ដោយ​ដឹង​ថា ការ​ដណ្តើម​បាន​ ១ ​ពិន្ទុ ឬ​ក្រុម Lyon ​មិន​អាច​ផ្តួល​ក្រុម Bordeaux ក្នុង​ផ្ទះ​ខ្លួន នឹង​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​​ពួក​គេ​ឈ្នះ​ពាន​លីក ហើយ​ការ​រំ​ពឹង​ទុក​នោះ​បាន​កើត​ឡើង ខណៈ​ពេល​ដែល​ក្រុម​ Lyon បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Blaise Matuidi និង Ezequiel Lavezzi បាន​ជួយ​ឲ្យ​​ក្រុម PSG របស់​លោក Laurent Blanc កត់​ត្រា​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​លីក​ជា​លើក​ទី​ ៨ ​ជាប់​ៗ​គ្នា​ ខណៈ​ដែល​ពួក​គេ​​ទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ជា​មួយ​នឹង​ក្រុម Lyon នៅ​រដូវ​កាល​នេះ​។

វា​គឺ​ជា​ការ​ឈ្នះ​ពាន​រង្វាន់​លីក​សរុប​ជា​លើក​ទី​ ៥​ សម្រាប់​ Paris Saint-Germain ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៩៧០ ​។ លោក Blanc ពិត​ជា​រីករាយ​ក្នុង​ការ​ទស្សនា​កីឡាករ​របស់​លោក​រាំ​ជុំវិញ​ទីលាន​របស់​ក្រុម Montpellier ហើយ​អ្នក​គាំ​ទ្រ​​បាន​ធ្វើ​ការ​អបអរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ការ​ប្រកួត​នេះ​។

លោក Blanc បាន​ឲ្យ​​ដឹង​ថា៖ «យើង​ត្រូវ​តែ​រង់​ចាំ​រហូត​ដល់​ការ​ប្រកួត​ជិត​ចុង​ក្រោយ​នេះ​ដើម្បី​ឈ្នះ​ពាន ប៉ុន្តែ វា​ធ្វើ​ឲ្យ​គ្រប់គ្នា​កាន់​តែ​រីករាយ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត​។ ខ្ញុំ​ស្រឡាញ់​ការពារ​នេះ ហើយ​ខ្ញុំ​ត្រូវ​តែ​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិក​របស់​ខ្ញុំ​ពី​ព្រោះ​បើ​គ្មាន​ពួក​គេ​ទេ​នោះ គ្រូ​បង្វឹក​តែ​ម្នាក់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​»​។

Lyon អាច​នឹង​ធ្វើ​ការ​ស្រោចស្រង់​​យឺត​ពេក​ហើយ ក្រោយ​ពី​បាន​ធ្វើ​ការ​នាំ​មុខ​លើ​កំពូល​តារាង​អស់​ពេល​យ៉ាង​យូរ​ក្នុង​ពាក់​កណ្តាល​រដូវ​កាល​ចុង​ក្រោយ​នេះ ប៉ុន្តែ យ៉ាង​ហោច​ណាស់ ពួក​គេ​ក៏​អាច​ធ្វើ​ឲ្យ​​ពួក​គេ​ផ្ទាល់​វិល​ទៅ​កាន់​ក្រប​ខ័ណ្ឌ Champions League វគ្គ​​ចែក​ពូល​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ​។

ខណៈ​ដែល​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ដោយ​សារ​តែ​បញ្ហា​របួស ក្រុម PSG បាន​រម្ងាប់​អារម្មណ៍​ភិតភ័យ​របស់​ពួក​គេ​នៅ​នាទី ទី​១៧ នៅ​ពេល​ដែល​ខ្សែ​បម្រើ Matuidi បាន​ប្រើប្រាស់​ល្បឿន​ដ៏​អស្ចារ្យ​​ដើម្បី​ទៅ​ទទួល​បាល់​ពី​ការ​បញ្ជូន​របស់​កីឡាករ Adrien Rabiot មុន​នឹង​ស៊ុត​បាល់​បញ្ចូល​សំ​ណាញ់​ទី​យ៉ាង​ល្អ​​។

រយៈ​ពេល​ ១០ ​នាទី​ក្រោយ​មក​ខ្សែ​ប្រយុទ្ធ Lavezzi បាន​ស៊ុតបាល់​សំដៅ​ទី​របស់ Montellier យ៉ាង​ល្អ​​ដើម្បី​ធ្វើ​ឲ្យ​អ្នក​​ចាំ​ទី Jonathan Ligali គ្មាន​ឱកាស​នឹង​សង្គ្រោះ​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ឡើយ​។

ប៉ុន្តែ ក្រុម Montpellier បាន​ធ្វើ​ការ​វាយ​សម្រុក​ដើម្បី​រក​បាន​ ១ ​គ្រាប់​វិញ​នៅ​នាទី ទី​ ៤០ នៅ​ពេល​ដែល​ខ្សែ​បម្រើ​ស្លាប Anthony Mounier បាន​ទទួល​បាល់​ពី​តំបន់​ខាង​ស្តាំ និង​បាន​ស៊ុតបាល់​ទម្លាយ​សំណាញ់​ទី​របស់​អ្នក​ចាំទី Salvatore Sirigu ចូល​ទី​យ៉ាង​ល្អ​តែម្តង​។

ជា​មួយ​នឹង​ជ័យជម្នះ​នេះ PSG អាច​នឹង​បញ្ចប់​រដូវកាល​ដោយ​ការ​ឈ្នះ​ពាន​រង្វាន់​បី ខណៈ​ពួក​គេ​នឹង​ត្រូវ​ប្រកួត​ដណ្តើម​ពាន French Cup វគ្គ​ផ្តាច់ព្រ័ត្រ ជា​មួយ​នឹង​ក្រុម AJ Auxerre នៅ​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា ក្រោយ​ពី​បាន​ឈ្នះ​ពាន League Cup រួច​ជា​ស្រេច​កាល​ពី​ខែ​មុន​៕



Post a Comment

 
Top