GuidePedia

0
អ្នក​ប្រដាល់​ជើងខ្លាំង ​សែន រ៉ាឌី ដែល​មិន​ធ្លាប់​ចាញ់​បរទេស​សោះ​នៅលើ​សង្វៀន​អប្សរា នឹង​ត្រូវ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅលើ​សង្វៀន​ SEATV ដោយ​រូប​គេ​ត្រូវ​ជួប​ជាមួយ​ថៃ ឯ​ជើងខ្លាំង​របស់​កម្ពុជា​ ៤ ​នាក់​ទៀត​រួមមាន ឡៅ ស៊ីណាត ត្រូវ​ប៉ះ​ប៊ុលហ្គារី ខណៈ​សៀវ ង៉ុយ ឈាន ហុង និង ពុទ្ធ ហ៊ុច ត្រូវ​ប្រឈម​ជាមួយ​អ្នកប្រយុទ្ធ​របស់​ថៃ នៅលើ​សង្វៀន​មួយ​​នេះ​ដូច​គ្នា។

សែន រ៉ាឌី (ឆ្វេង) នឹង​ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​ថៃ Ta Wijit នៅលើ​សង្វៀន SEATV

នៅក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នេះ ត្រូវ​បាន​ចែក​ការ​ប្រកួត​ជា​ ២ ​ដាច់​ដោយឡែក​ពី​គ្នា គឺ សែន រ៉ាឌី ហៅ​ម្ទេសខ្មាំង ឡៅ ស៊ីណាត និង សៀវ ង៉ុយ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ក្នុង​កម្មវិធី​ស្រាបៀរ GANZGERG ​ដែល​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​ ៨ ​ព្រឹក​ទៅ​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។ រីឯ ឈន ហុង និង ពុទ្ធ ហ៊ុច ត្រូវ​ធ្វើការ​ប្រកួត​ជាមួយ​កីឡា​ថៃ ក្នុង​កម្មវិធី​ស្រាបៀរ Black Cat ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​យប់​ថ្ងៃ​អាទិត្យ​នោះ​ដែរ។

សែន រ៉ាឌី ត្រូវ​​ប្រកួត​ក្នុង​ទម្ងន់​ ៥៧ ​គ.ក្រ​ជាមួយ​ជើងខ្លាំង​របស់​ថៃ Ta Wijit ហើយ​សមត្ថភាព​ប្រកួត​របស់​​ថៃ​ម្នាក់​នេះ​ត្រូវ​បាន​លោក ​ញាន ​សុធី​ អ្នក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ​ SEATV​ បាន​ឲ្យ​ដឹង​ថា ​TaWijit ​ដែល​មក​ជួប ​សែន ​រ៉ាឌី លើក​​នេះ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ប្រទេស​ថៃ ​និង​ជា​អ្នក​ខ្លាំង​នៅ​ស្រុក​ថៃ។​ Ta Wijit​ មាន​ប្រវត្តិ​ប្រកួត​​ ៦៥ ​ដង ​ឈ្នះ​ ៥៥​ ​ចាញ់​ ៩ ​ដង​ និង​ស្មើ​ ១ ​ដង​។

ចំណែក ​សែន​ រ៉ាឌី ​ធ្លាប់​ប្រកួត​ ៥៨ ​ដង​ ឈ្នះ​ ៤៦​ និង​​ចាញ់​ ១២ ​ដង ​​ហើយ​គេ​មិន​ធ្លាប់​ចាញ់​សោះ​​នៅ​លើ​ទឹកដី​ខ្មែរ ​ប៉ុន្តែ​ក្នុង​អំឡុង​ឆ្នាំ​ ២០១៤ ​កន្លងមក​ សែន ​រ៉ាឌី​ បាន​ការពារ​ខ្សែក្រវាត់​ CBF របស់​គេ​បាន​សម្រេច​​ដោយ​វាយ​ឈ្នះ​កីឡាករ​ឡាវ Thang Bang​ និង​ថៃ​ទាំង​វេទនា​ភ្នែក​។ ចំណែក​ការ​បង្ហាញ​ខ្លួន​នៅ SEATV លើក​នេះ ​​អ្នក​ទស្សនា​ភាគច្រើន​បាន​វាយតម្លៃ​​ទុក​​មុន​ថា​សែន ​រ៉ាឌី ​មិន​អាច​ចាញ់​បាន​ទេ​ ព្រោះ​មាន​ប្រភព​មួយ​លេច​ចេញ​មក​ថា​ អ្នក​ផ្គូផ្គង​នាំ ​សែន រ៉ាឌី​ មក​ប្រកួត​លើក​ដំបូង​នៅ​សង្វៀន​នេះ​ ត្រូវ​តែ​ធានា​​ឲ្យ សែន រ៉ាឌី ជា​អ្នក​ឈ្នះ​។

ចំណែក​ សៀវ​ ង៉ុយ​ ត្រូវ​ធ្វើការ​ប្រកួត​ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម​ជាមួយ​ថៃ Sohee Been។ តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​ថា​ Sohee Been ​នេះ​នៅ​ស្រុក​ថៃ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៤ ​គីឡូក្រាម ដោយ​​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ៤៥ ​ដង​ ឈ្នះ​ ៤០​ និង​ចាញ់​ ៥ ​ដង​ គឺ​តិច​ជាង​ សៀវ​ ង៉ុយ ដែល​​ធ្លាប់​ប្រកួត​​ ៧៣ ​ដង​ ឈ្នះ​ ៥៨​ ​ចាញ់​ ១០ និង​ស្មើ​ ៥ ​ដង​ ប៉ុន្តែ​អ្នក​ទាំង​ ២ ​នេះ​មាន​កម្ពស់​ប្រហែល​គ្នា ហេតុនេះ​ការ​ចាញ់​ឈ្នះ​របស់​អ្នក​ទាំង​ ២ ​នេះ អាច​នឹង​មាន​ការ​លំបាក​ដូច​គ្នា។

ចំពោះ​ជើងខ្លាំង​ចាស់វស្សា ឡៅ ស៊ីណាត​ ត្រូវ​ប៉ះ​ជាមួយ​ Mario ជា​ជនជាតិ​ប៊ុលហ្គារី​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ។ តាម​គណៈកម្មការ​គឺ ​Mario​ ធ្លាប់​ប្រកួត​ចំនួន​ ៦៦ ​ដង ​ឈ្នះ​ ៤៩​ ចាញ់​ ១១ និង​ស្មើ​ ៦ ​ដង ប៉ុន្តែ​សម្រាប់​អ្នក​ស្គាល់​ប្រវត្តិ​ និង​សមត្ថភាព​កីឡាករ​រូប​នេះ​ បាន​ប្រាប់​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​​ថា​ Mario​ មិន​អាច​ឈ្នះ ​ឡៅ ​ស៊ីណាត ​បាន​ទេ​គឺ​ឲ្យ​តែ​អាច​​ទប់​កុំ​ឲ្យ​តែ​សន្លប់ ​ចាត់​ទុក​ថា​សំណាង​ទៅ​​ហើយ​ ហើយ​​ការ​ដាក់​ឲ្យ​ប្រកួត​នេះ​ជា​ការ​ចង់​បាន​របស់​អ្នក​ឧបត្ថម្ភ​កម្មវិធី​តែ​ប៉ុណ្ណោះ​ហើយ​ ឡៅ ស៊ីណាត ​មិន​អាច​ចាញ់​បាន​នោះ​ឡើយ​។

ដោយឡែក ​ឈាន ​ហុង​ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ វ៉ាន់ម៉ៃ ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​។​កីឡាករ​ថៃ​រូប​នេះ​មិន​ទាន់​ដឹង​ពី​សមត្ថភាព​កម្រិត​ណា​នោះ​ទេ ​ប៉ុន្តែ​ ឈាន ​ហុង ​មិន​ស៊ីផុយ​នោះ​ឡើយ​។​ ចំណែក​អ្នក​លេង​ស្នៀត​ជើង ពុទ្ធ ហ៊ុច ត្រូវ​ប្រឈម​ជាមួយ​​ជើងខ្លាំង​របស់​ថៃ​ សែន ស៊ីប​ក្នុង​ទម្ងន់​ ៦៩ ​គីឡូក្រាម ហើយ​ថៃ​ម្នាក់​នេះ​​មាន​កម្រិត​វិជ្ជាគុន​ខ្លាំង ​ផ្នែក​ទាត់​ដូច ​ពុទ្ធ ​ហ៊ុច ពិសេស​គេ​ធ្លាប់​ស្មើ​ពិន្ទុ​ជាមួយ​ជើង​ខ្លាំង រឿង សោភ័ណ្ឌ នា​ជំនួប​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៤ ​នៅ​ខេត្ត​កំពង់ស្ពឺ​។

ពុទ្ធ ហ៊ុច បាន​​និយាយ​ថា​៖ ​«ខ្ញុំ​មិន​ហ៊ាន​កំណត់​ពី​ជ័យជម្នះ​មុន​បាន​ទេ​ព្រោះ​កីឡាករ​ថៃ​រូប​នេះ​ខ្លាំង​ទាំង​ទាត់​ និង​កណ្តាប់​ដៃ​ ប៉ុន្តែ​ខ្ញុំ​ធានា​ប្រកួត​អស់​ពី​សមត្ថភាព ​ហើយ​សង្ឃឹម​ឈ្នះ​ ៦០ ភាគរយ​ប៉ុណ្ណោះ​»។ រីឯ​លោក ញាន សុធី​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ​សេន ​ស៊ីប ដំបូង​ត្រូវ​ដាក់​ឲ្យ​ជួប រឿង សោភ័ណ្ឌ ម្តង​ទៀត ប៉ុន្តែ​ដោយសារ សោភ័ណ្ឌ មាន​ការ​រវល់​ទើប​ដាក់​ឲ្យ​ជួប ពុទ្ធ ហ៊ុច វិញ ហើយ​​គេ​ម្នាក់​​នេះ​ មាន​តម្លៃ​ខ្លួន​ប្រកួត​ខ្ពស់​ជាង​កីឡាករ​ថៃ​ដទៃ​ទៀត​ ​ព្រោះ​សមត្ថភាព​របស់​គេ​ក៏​លំបាក​រក​ដៃគូ​​ប្រកួត​នៅ​ស្រុក​ខ្មែរ​ដែរ៕

Post a Comment

 
Top