GuidePedia

0
អ្នក​ប្រដាល់​ក្នុង​ស្រុក ២ នាក់​គឺ កីឡាករ​មុខ​តាន់ ពេជ្រ សីហា និង អ៊ុំ ចំរើន ត្រៀម​​ប្រកួត​​មិត្តភាព​អន្តរជាតិ​​កម្ដៅ​សាច់ដុំ​ជាមួយ​ជើង​ខ្លាំង​មក​ពី​ស្រុក​ថៃ នា​សប្ដាហ៍​ដំបូង​ក្នុង​​ឆ្នាំ ២០១៥ នេះ​លើ​សង្វៀន​ស្ទឹងមានជ័យ របស់​ប៉ុស្ដិ៍​បាយ័ន។

តាម​ការ​គ្រោង​ទុក​របស់​អ្នក​រៀបចំ​កម្មវិធី ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៦ ល្ងាច​តទៅ​នៅ​ថ្ងៃ​​អាទិត្យ ទី ៤ ខែ មករា ខាង​មុខ។ ចំពោះ អ៊ុំ ចំរើន មក​ពី​ក្លិប​ប្រដាល់​​តាឡី​ដំរី​មាន​រិទ្ធ ត្រូវ​ប៉ះ​កីឡាករ​ជនជាតិ​ថៃ Kolab Homlek Lukchampachai ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម។ តាម​តាម​​ស្ថិតិ​ចុង​ក្រោយ​ ​ចំរើន ​មាន​កម្ពស់ ១,៦៨ ម៉ែត្រ ធ្លាប់​ឡើង​ប្រកួត​ចំនួន ៩០ លើក ក្នុង​នោះ​ឈ្នះ ៦១ លើក ស្មើ ៧ ចាញ់ ២២ លើក​និង​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឱ្យ​តដៃ​លែង​រួច​ចំនួន ៣៦ លើក។ ចំណែក Kolab Homlek វិញ​មាន​កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់​ឡើង​សង្វៀន​ចំនួន ៧០ ដង ដោយ​ឈ្នះ ៥៥ ស្មើ ១០ និង ចាញ់​តែ ៥ លើក​​ប៉ុណ្ណោះ ក្នុង​នោះ​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឱ្យ​ចុះ​ចាញ់​ចំនួន ២០ លើក។


គូ​​ប្រកួត​បែប​អន្តរជាតិ​មួយ​ទៀត​គឺ ពេជ្រ សីហា ត្រូវ​ប៉ះ​កីឡាករ​ថៃ ម្នាក់​ទៀត​គឺ Rarueng Lukchampachai ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម។ បើ​និយាយ​ពី ពេជ្រ សីហា គេ​​មក​ពី​ក្លិប​ប្រដាល់​ក្រសួងមហាផ្ទៃ មាន​កម្ពស់ ១,៧១ ម៉ែត្រ ធ្លាប់​ឡើង​ប្រកួត​រហូត​ដល់ ៩៦ លើក​ ឈ្នះ ៧៤ ស្មើ ៦ ចាញ់ ១៦ និង​ធ្លាប់​ផ្ដួល​គូ​ប្រកួត​អោយ​សន្លប់​ចំនួន ២៦ ដង។ ចំពោះ​​កីឡាករ​ថៃ Rarueng Lukchampachai វិញ​មាន​កម្ពស់​រហូត​ដល់ ១,៨០ ម៉ែត្រ តែ​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​បន្តិច​គឺ​ចំនួន ៧៧ លើក ដោយ​ឈ្នះ ៦០ មិន​ដែល​ស្មើ និង ចាញ់ ១៧ ដង ក្នុង​នោះ​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឱ្យ​ចុះ​ចាញ់​ចំនួន ៦ លើក។


ដំណាល​គ្នា​នេះ​មាន​គូ​ប្រកួត​សម្រាប់​កីឡាករ​ក្នុង​ស្រុក​ចំនួន ២ គូ​ផ្សេង​ទៀត​​ត្រៀម​រៀបចំ​ឡើង​ប្រកួត​កំដរ​ឆាក ដោយ​កីឡាករ ប៉ឺត សង្ឃឹម មក​ពី​ក្លិប​រ៉ាហាប់ស្វាប៉ាក ប៉ះ​កីឡាករ ចៅ ចេកខ្ចី មក​ពី​ក្លិប​សំរោងកោង ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម និង កីឡាករ ម៉ន វីរៈ របស់​ក្លិប​ការិយាល័យ​ទី៥​ជើង​គោក ត្រូវ​ប៉ះ​កីឡាករ​ គួន ប៊ុនហ៊ឹម មក​ពី​ក្លិប​ពន្លឺសាមគ្គី ក្នុង​ទម្ងន់ ៥៧ គីឡូក្រាម៕

Post a Comment

 
Top