អតីតខ្សែបម្រើស្លាបអន្តរជាតិបារាំង Hatem Ben Arfa ត្រូវបានប្រកាសថា ជាកីឡាកររបស់ក្រុម Nice កាលពីថ្ងៃចន្ទ ក្រោយពីបានចុះហត្ថលេខាលើកុងត្រាមួយមានរយៈពេលរហូតដល់ឆ្នាំ២០១៦។ កីឡាករវ័យ២៧ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឲ្យចាកចេញដោយក្លិប Newcastle United កាលពីថ្ងៃអាទិត្យ ក្រោយពីកិច្ចសន្យាខ្ចីជើងរបស់គេក្នុងក្លិប Hull City ត្រូវបានបញ្ចប់មុនរយៈពេល៦ខែកាលពីដើមសប្តាហ៍មុន។ Nice កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១១នៅលើតារាងនៃក្របខ័ណ្ឌ Ligue 1 ប៉ុន្តែ ពួកគេនាំមុខត្រឹមតែ៣ពិន្ទុប៉ុណ្ណោះពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល និងត្រូវបានទម្លាក់ចេញពីការប្រកួតដណ្តើមបាន French Cup ដោយក្រុមស្ថិតក្នុងក្របខ័ណ្ឌទី២ Valenciennes កាលពីចុងសប្តាហ៍។
Ben Arfa ដែលបានលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំងចំនួន១៣លើក ប៉ុន្តែ មានកេរិ៍្តឈ្មោះមិនល្អទៅលើការមិនគោរពវិន័យនៅប្រទេសកំណើតរបស់គេនោះ បាននិយាយថា រូបគេពិតជាចង់វិលទៅកាន់ប្រទេសបារាំងវិញ ក្រោយពីការចំណាយពេលអស់៤ឆ្នាំកន្លះក្នុងក្របខ័ណ្ឌអង់គ្លេស Premier League។ បើទោះបីកើតនៅជាយទីក្រុងប៉ារីសក៏ដោយ ប៉ុន្តែ រូបគេបានចាប់ផ្តើមអាជីពរបស់គេនៅក្នុងក្លិប Lyon នៅមុនពេលផ្ទេរទៅកាន់ Marseille។ រូបគេបានឈ្នះពានបារាំង៤លើកជាមួយនឹងក្លិប Lyon និងមួយលើកជាមួយនឹងក្លិប Marseille នៅមុនពេលផ្ទេរទៅកាន់ក្លិប Newcastle កាលពីឆ្នាំ២០១០។ លោក Jean-Pierre Rivere ប្រធានក្លិប Nice បាននិយាយថា៖ «យើងដឹងថា យើងបានចុះហត្ថលេខាជាមួយនឹងកីឡាករម្នាក់ជាប្រវត្តិសាស្ត្រ ប៉ុន្តែ ខ្ញុំបានជួបមនុស្សជាច្រើនដែលបានប្រាប់ខ្ញុំអំពីបំណងរបស់គេក្នុងការលេងកីឡាបាល់ទាត់ ធ្វើឲ្យខ្លួនគេរីករាយ និងនាំយកភាពរីករាយមកឲ្យយើង»។ Ben Arfa បានចូលលេងត្រឹមតែ៨លើកប៉ុណ្ណោះឲ្យក្រុម Hull អំឡុងពេលខ្ចីជើងរបស់គេ៕
Subscribe to:
Post Comments (Atom)
good
ReplyDelete