GuidePedia

0
ការ​ប្រកួត​ក្របខ័ណ្ឌ Copa del Rey វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​របស់​អេស្ប៉ាញ​ចាប់​ផ្ដើម​​​​យប់​នេះ​ទៀតហើយ ខណៈ​ដែល​ក្រុម​ខ្លាំង Real Madrid ​នឹង​ត្រូវ​ប៉ះ​ជាមួយ Atletico Madrid ​វេលា​ម៉ោង​៣:០០​នាទី​រំលង​អាធ្រាត្រ​​​នេះ។ ចាំ​មើល​ក្រុម​ខ្លាំង​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​ តើ​នរណា​ជា​អ្នក​ឈ្នះ​នរណា​ជា​អ្នក​ចាញ់?


សម្ដី​អ្នក​ចាត់​ការ​ក្រុម​ទាំង​ពីរ


លោក Simeone ​បាន​និយាយ​មុន​ប្រកួត​នេះ​ថា៖ “នេះ​ជា​ប្រកួត​សំខាន់​ហើយ​ក្រុម​យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​នេះ។ ខ្ញុំ​នឹង​ដាក់ Torres ​ឱ្យ​ចូល​លេង​នា​យប់​នេះ​ដើម្បី​ឱ្យ​ឱកាស​គេ​បាន​បញ្ចេញ​សមត្ថភាព។ Real Madrid ​ជា​ក្រុម​ខ្លាំង​ព្រោះ​ពួកគេ​មាន​ទាំង​កីឡាករ​ល្អ​និង​គ្រូ​ល្អ​ ដូច្នេះ​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឱ្យ​មែន​ទែន។ ការ​ចាញ់ Valencia ​កាល​ពី​សប្ដាហ៍​មុន​នោះ​គឺ​រឹត​តែ​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ការ​ជ័យជម្នះ​ថែម​ទៀត​នា​ប្រកួត​យប់​នេះ”។



ចំណែក​លោក Carlo Ancelotti ​អ្នក​ចាត់​ការ​ក្រុម Real Madrid ​ក៏​បាន​និយាយ​ដែរ​ថា៖ “ក្រុម​ទាំង​ពីរ​នេះ​គឺ​ដឹង​ពី​ទម្រង់​លេង​គ្នា​ទៅ​វិញ​ទៅ​មក​ណាស់ ​ដូច្នេះ​​យប់​នេះ​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​ពិត​ជា​ពិបាក​បំផុត​។ យើង​មិន​អាច​និយាយ​បាន​ថា​ក្រុម​ណា​ខ្សោយ​ជាង​ក្រុម​ណា​នោះ​ទេ។ គោល​ដៅ​តែ​មួយ​គត់​របស់​ក្រុម​ Real Madrid ​គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ទម្រង់​លេង​ឱ្យ​ល្អ​ដូច​កាល​ពី​មុន​មក​វិញ​ឱ្យ​បាន។ ពេល​ថ្មី​ៗ​នេះ​យើង​មាន​ប្រកួត​ច្រើន​ណាស់ ដូច្នេះ​យប់​នេះ​ក៏​ប្រហែល​ជា​មាន​កីឡាករ​សំខាន់​ខ្លះ​មិន​បាន​លេង​ផង​ដែរ”។

ជើង​កីឡាករ


ក្រុម Atletico Madrid ​នឹង​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដូចជា​ Miranda , Ansaldi ​និង​ Cristian Rodriguez ​ព្រោះ​ពួកគេ​ទើប​តែ​សះស្បើយ​ពី​របួស​មិន​អាច​ចូល​លេង​បាន។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Moya , Godin , Gimenez , Gabi , Mario Saurez , Siqueira , Juanfran , Koke , Turan , Torres ​និង​ Mandzukic ។



ដោយ​ឡែក​ក្រុម Real Madrid ​វិញ​ លោក Ancelotti ​បាន​និយាយ​ហើយ​ថា​អ្នក​ចាំទី Casillas ​គឺ​មិន​លេង​នៅ Copa del Rey ​នោះ​ទេ ដូច្នេះ​ត្រូវ​ជំនួស​ដោយ​ Keylor Navas ​រហូត​តែ​ម្ដង។ នេះ​មាន​ន័យ​ថា​ជម្រើស​១១​នាក់​ដំបូង​នា​យប់​នេះ​អាច​ជា Navas , Varane , Pepe, Coentrao , Carvajal , Kroose, Jame , Isco , Bale , Ronaldo ​និង​ Benzema ។

ប្រវត្តិ​ជួប​គ្នា

បើ​គិត​ត្រួស​ៗ​ទៅ​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​បាន​ជួប​គ្នា​ ៤៧​ប្រកួត​ ហើយ​ក្នុង​នោះ​ Atletico Madrid ​ឈ្នះ​តែ​៦​ដង​ស្មើ​១១​ដង​និង​ Real Madrid ​ឈ្នះ​៣០​ដង។ ដោយ​ឡែក​ Atletico Madrid ​នេះ​ក៏​មាន​ប្រវត្តិ​ចុក​ឈាម​ម្ដង​មក​ហើយ​នៅ​ឆ្នាំ​មុន​ក្នុង​ពាន​រង្វាន់​ UEFA Champions League ​ដែល​កាល​នោះ​ក្រុម​លោក Simone ​នាំ​មុខ​១-០​ទៅ​ហើយ​ តែ​បែរ​ជា​ត្រូវ​ខ្សែការពារ Ramos ​តែត​មួយ​ក្បាល​តាម​ស្មើ​វិញ​នៅ​នាទី​៩០+​ ហើយ​ចុង​បញ្ចប់​ក៏​ត្រូវ Real Madrid ​​​បន្ថែម​គ្រាប់​យក​ឈ្នះ​ការ​ប្រកួត​នោះ​វិញ​ដោយ​លទ្ធផល៤-១។


ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Atletico Madrid ១-២ Real Madrid ។ ចុះ​តាម​គំនិត​មិត្តអ្នក​អាន​វិញ​គិត​ថា​ក្រុម​ណា​ឈ្នះ​ដែរ ​​យប់​នេះ?

Post a Comment

 
Top