ខ្សែបម្រើ Steven Gerrard ដែលជាប្រធានក្រុមនៃក្រុម Liverpool កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការចុះហត្ថលេខារយៈពេល១៨ខែជាមួយនឹងក្លិប Los Angeles Galaxy របស់ក្របខ័ណ្ឌអាមេរិក Major League Soccer។ នេះបើយោងទៅតាមសារព័ត៌មាន BBC កាលពីថ្ងៃអង្គារ។
Gerrard វ័យ៣៤ឆ្នាំ បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា រូបគេនឹងវចាកចេញពីក្លិប Liverpool នៅចុងរដូវកាលនេះ ក្រោយពីការចំណាយអស់រយៈពេល២៥ឆ្នាំជាមួយនឹងក្លិបនេះ ហើយក្រោយមកបានប្រកាសថារូបគេនឹងចាកចេញទៅកាន់សហរដ្ឋអាមេរិក។ សារព័ត៌មាន BBC ដែលមិនបានបង្ហើបពីប្រភពណាមួយ រាយការណ៍ថា អតីតប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យាមួយដែលផ្តល់ចំណូលជាទឹកប្រាក់៦លានផោន (ស្មើនឹង៩,០៨លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Galaxy។
ការផ្ទេរទៅកាន់ក្លិប Galaxy នឹងធ្វើឲ្យ Gerrard ចូលរួមសាជាថ្មីជាមួយនឹងកីឡាករ Robbie Keane អតីតមិត្តរួមក្រុមក្នុងក្រុម Liverpool របស់គេ ហើយនិងធ្វើឲ្យគេដើរតាមជំហានរបស់អតីតមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស David Beckham ដែលបានចំណាយអស់រយៈពេល៥ឆ្នាំនៅក្នុងក្លិបស្ថិតក្នុងរដ្ឋ California មួយនេះ។
Gerrard បានស៊ុតបាល់បញ្ចូលទី២គ្រាប់សម្រាប់ក្រុម Liverpool ក្នុងពេលពួកគេទទួលជ័យជម្នះ ២-១ លើក្រុមស្ថិតក្នុងក្របខ័ណ្ឌទី៤ AFC Wimbledon ក្នុងការប្រកួត FA Cup ជុំទី៣ កាលពីថ្ងៃចន្ទដើម្បីធ្វើឲ្យគ្រាប់បាល់សរុបរបស់គេនៅរដូវកាលនេះកើនដល់៩គ្រាប់៕
Post a Comment