GuidePedia

0
លោក Jose Mourinho ​អ្នក​ចាត់​ការ​ក្រុម Chelsea ​បាន​និយាយ​ថា​ក្រុម Barcelona ​និង Real Madrid ​ប្រហែល​ជា​មិន​ឈ្នះ​ពាន​ស្រួលៗ​ដូច​នៅ​អេស្ប៉ាញ​ទេ ប្រសិន​បើ​ក្លិប​២​នេះ​លេង​នៅ​លីកកំពូល​អង់គ្លេស English Premier League ​វិញ​នោះ។


កាល​ពី​ឆ្នាំ​២០១២ លោក Mourinho ​បាន​ដឹក​នាំ​ក្រុម Real Madrid ​ឈ្នះ​ពាន La Liga ​ដោយ​បំបែក​កំណត់​ត្រា​១០០​ពិន្ទុ​ក្នុង​ការប្រកួត​៣៨​ប្រកួត​ ហើយ​មាន​គ្រាប់​បាល់​១២១​គ្រាប់។ ចំណែក​ឯ​រដូវ​កាល​នេះ​វិញ​លោក​បាន​ជួយ Chelsea ​ឈ្នះ​ពាន Premier League ​ស្រួលៗ​ដូច​គ្នា​ដោយ​លើក​ពាន​តាំង​ពី​ប្រកួត​ទី​៣៥​មក​ម្ល៉េះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បញ្ជាក់​ថា​លេង​នៅ​អង់គ្លេស​មាន​ការ​ពិបាក​ជាង​នៅ​អេស្ប៉ាញ​ច្រើន ​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់។

“ខ្ញុំ​ធ្លាប់​ដឹក​នាំ​ក្រុម​នៅ​អេស្ប៉ាញ ប៉ុន្តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ដោយសារ​តែ​ខ្ញុំ​ធ្លាប់​ឈ្នះ​ពាន​ដោយ​បង្កើត​កំណត់​ត្រា​១០០​ពិន្ទុ​ និង​១២១​គ្រាប់។ យើង​លេង​នៅ​ទី​នោះ គឺ​មាន​តែ​៣​ទៅ​៤​ប្រកួត​ប៉ុណ្ណោះ​ដែល​ជា​ការ​ប្រកួត​ពិត។

ហើយ​ប្រសិន​បើ​យើង​ចាញ់​ប្រកួត​នោះ​ហើយ គឺ​មាន​ន័យ​ថា​បាត់​បង់​ពាន​ហើយ។ វា​មិន​ដូច​នៅ​អង់គ្លេស​នោះ​ទេ ប្រកួត​ណា​ក៏​ជា​ប្រកួត​សំខាន់​បំផុត​ហើយ​អ្នក​គ្រប់​គ្នា​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ”។ Jose ​និយាយ​ប្រាប់ talkSPORT ។


អតីត​អ្នក​ចាត់​ការ​ក្រុម Porto ​ខាង​លើ​នេះ ធ្លាប់​ដឹក​នាំ​ក្រុម Real Madrid ​កាល​ពី​ឆ្នាំ​២០១០​ ដល់​២០១៣ ហើយ​រយៈ​ពេល​៣​រដូវ​កាល​នេះ លោក​អាច​ជួយ​ក្រុម​លើក​ពាន La Liga ​១​ដង , Copa del Rey ​១​ដង​ និង​ Spanish Super Cup ​១​ដង។

បើ​នៅ​អង់គ្លេស​វិញ បុរស​វ័យ​៥២​ឆ្នាំ​រូប​នេះ​ទៅ​ដឹក​នាំ​ក្រុម Chelsea ​២​ដង (២០០៤-២០០៧ ​និង​២០១៣-បច្ចុប្បន្ន) និង​ឈ្នះ​ពាន English Premier League ​៣​ដង , FA Cup ​១​ដង , Football League Cup ​៣​ដង ​និង​ FA Community Shield ​១​ដង ៕

Post a Comment

 
Top