GuidePedia

0
ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​​​ជាតិ មិត្តហ្វូនខេមបូឌានលីក​រដូវកាល​ឆ្នាំ ២០១៥ (MCL 2015) ដែល​ទស្សនិកជន​រង់ចាំ​តាម​ដាន​អស់​​រយៈពេល​យ៉ាង​យូរ បាន​លេច​ដំណឹង​ថានឹង​ចាប់​ផ្ដើម​ពី​​ដើម​ខែ កក្កដា តទៅ​ ​ដោយ​ប្រើ​ពេល​ជាង ៣ ខែ​ប៉ុណ្ណោះ។


បើ​តាម​ប្រភពកៀកកិត​មក​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ១ កក្កដា ដល់ ១១ តុលា ឆ្នាំ ២០១៥ ដោយ​ប្រើ​រូប​មន្ត​ប្រកួត​​លក្ខណៈ​ទៅ-មក (Home/Away) ដែល​មាន​ក្រុម​ចូលរួម​ចំនួន ១២ ដូច​រដូវកាល ២០១៤ ដែរ។ ​ទូរទស្សន៍​ប៉ុស្ដិ៍​បាយ័ន​ព័ត៌មាន (BTV) ទទួល​បាន​​សិទ្ធ​ផ្សាយ​ផ្ទាល់​ពី​ការ​ប្រកួត​ធំ​ប្រចាំ​ប្រទេស​នេះ។

ស្ថានភាព​ពេល​នេះ​ក្រុម​ដែល​អាច​​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បែប Home/Away បាន ​មានដូចជា ក្លិប​ភ្នំពេញក្រោន (RSN Stadium), ក្លិប​ស្វាយរៀង (កីឡដ្ឋាន​ខេត្ត​ស្វាយរៀង) , ក្លិប​ក្រសួងការពារជាតិ (កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ) , ក្លិប​វេស្ទើន (កីឡដ្ឋាន​ក្លិប) ហើយ​ទីលាន​​ស្មៅ​សិប្បនិមិត្ត​ពហុ​កីឡដ្ឋាន​ជាតិ​ អាច​ធ្វើ​ជា​ទឹក​ដី​កណ្ដាល។

ប្រភព​បន្ថែម​ថា មូលហេតុ​ដែល​​ការ​រៀបចំ​​ប្រកួត​ប្រើ​ពេល​ខ្លី​នេះ​ដោយ​សារ​នៅ​ចុង​ឆ្នាំ សហព័ន្ធ​កីឡា​​គ្រោង​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​សំខាន់ៗ ជា​ច្រើន​ទៀត​​ដូចជា ពាន​រង្វាន់​មហា​អនុ​តំបន់​ទន្លេរមេគង្គ BIDC Cup (ប្រកួត​រាល់ ២ ឆ្នាំ​ម្ដង) និង​​​អាច​មាន​ពាន​រង្វាន់ Royal Cup (កាល​ពី​ឆ្នាំ​ទៅ​លើក​ពេល​ប្រកួត) ជាដើម។

កាល​ពី​រដូវកាល​មុន​សហព័ន្ធ​បាន​ប្រើ​រូប​មន្ត​ប្រកួត​​សន្សំ​ពិន្ទុ វិលជុំ ២ ជើង ហើយ​​ក្រុម​ភ្នំពេញក្រោន បាន​ក្លាយ​ជា​ជើង​ឯក ក្រោយ​ប្រកួត​ ២២ លើក​ឈ្នះ ១៧ ស្មើ ៣ និង ចាញ់ ២ ប្រកួត មាន ៥៤ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ក្រុម​​ជើង​ឯករង​ចម្ការកៅស៊ូបឹងកេត (បឹងកេតអង្គរ) ប្រកួត ២២ លើក​ឈ្នះ ១៥ ស្មើ ២ និង ចាញ់ ៥ ប្រកួត មាន ៤៧ ពិន្ទុ។

សម្រាប់​រដូវកាល​នេះ​មាន​ព័ត៌មាន​លេច​លឺ​​ផ្សេង​គ្នា ដោយ​ខ្លះ​ថា​នឹង​រៀបចំ​ការ​​ប្រកួត​បែប សន្សំពិន្ទុ ហើយ​ខ្លះ​ទៀត​ថា​ប្រកួត​យក​ក្រុម​ខ្លាំង ៤ ទៅ​លេង Play Off។ យ៉ាង​ណា​ក៏​ដោយ Sabay នឹង​ស្វែង​រក​ព័ត៌មាន​​បន្ថែម​ជម្រាបជូន​នៅ​ពេល​ក្រោយ៕

Post a Comment

 
Top