GuidePedia

0
អ្នកចាត់ការ​ Jose Mourinho ​បាន​លើក​ឡើង​ថា គ្មាន​ក្រុម​ណា​មួយ​ល្អ​ជាង​ក្រុម​ Chelsea របស់​លោក​ទេ នៅ​អង់គ្លេស និង​បន្ថែម​ថា​តោ​ខៀវ​ នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​នៅ UEFA Champions League និង​ការពារ​តំណែង​ជើង​ឯក​ Premier League ឲ្យ​បាន​​នៅ​រដូវ​កាល​ក្រោយ ខណៈ​ដែល​ក្រុម​របស់​លោក​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ កាល​ពី​ម្សិល​មិញ។


​ក្រុម​តោ​ខៀវ​ បាន​លើក​ដៃ​សំពះ​បែប​​ប្រពៃណី​ថៃ ​ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នកគាំទ្រ​ ដែល​ទៅ​ទទួល​ស្វាគមន៍ នៅ​ប្រលានយន្តហោះ​​អន្តរជាតិ Don Muang ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ មុន​​នឹង​ត្រូវ​ប្រកួត​មិត្ត​ភាព​ទល់​នឹង​ Thailand All-Stars ​នៅ​​ថ្ងៃ​សៅរ៍​ស្អែក​នេះ។

ជាមួយ​នឹង​ការ​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ដែរ លោក​ Mourinho ​បាន​និយាយ​ថា លោក​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​​ក្របខ័ណ្ឌ​​អឺរ៉ុប​រដូវ​កាល​ក្រោយ ​បន្ទាប់​ពី​រដូវ​កាល​នេះ​ភ្លាត់​ចាញ់​ Paris Saint-Germain ​នៅ​វគ្គ​១៦​ក្រុម​ UEFA Champions League។ បុរស​សញ្ជាតិ​ព័រទុយហ្គាល់ បាន​និយាយ​នៅ​ទីក្រុង​បាងកក​ម្សិល​មិញ​ថា៖ “យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​​ជាង​រដូវ​កាល​នេះ នៅ​អឺរ៉ុប​រដូវ​កាល​ក្រោយ”។

អ្នកចាត់ការ​វ័យ​៥២​ឆ្នាំ ​បាន​លើក​ឡើង​ទៀត​ថា ក្រុម​របស់​លោក​ត្រូវ​តែ​ខ្លាំង​ជាង​មុន​ ដើម្បី​ការពារ​តំណែង​ជើង​ឯក​ Premier League បាន ​និង​ថា​គ្មាន​ក្រុម​ណា​មួយ​ល្អ​ជាង Chelsea ទេ នៅ​ទឹក​ដី​អង់គ្លេស។ លោក​បាន​និយាយ​ថា៖ “វា​ជា​រឿង​លំបាក​មួយ ដែល​ចង់​ការពារ​តំណែង​ជើង​ឯក ព្រោះ​ក្រុម​ធំៗ​នឹង​​ព្យាយាម​ឈ្នះ​វិញ និង​​ប្រហែល​ជា​មិន​ឲ្យ​យើង​ឈ្នះ​​ទាំង​សល់​៣​ប្រកួត​​ដូច​រដូវ​កាល​នេះ​ទេ ដូច្នេះ​យើង​​ត្រូវ​តែ​ខ្លាំង​ជាង​មុន។ គ្មាន​ក្រុម​ណា​​មួយ ល្អ​ជាង​ក្រុម​យើង​ទេ យើង​គឺ​ជា​ក្រុម​​ល្អ​បំផុត​ នៅ​ក្នុង​ប្រទេស”។

Chelsea នឹង​ប៉ះ​ Thailand All-Stars ​នៅ​កីឡដ្ឋាន​ជាតិ​​​ថៃ Rajamangala ​វេលា​ម៉ោង​០៦:០០​នាទី​ល្ងាច​ ថ្ងៃ​សៅរ៍​ស្អែក​នេះ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន​ Singha Corporation ​មុន​ពេល​​ធ្វើ​ដំណើរ​បន្ត​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ប៉ះ​ Sydney FC ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ៕

Post a Comment

 
Top