GuidePedia

0
ព្រឹត្តិការណ៍ប្រកួត បាល់ទះពានរង្វាន់ Leo Cup ឆ្នាំ ២០១៥ បានដំណើរការដល់ខេត្តបាត់ដំបងហើយ កាលថ្ងៃ ទី១២ ខែឧសភាម្សិលមិញនៅទីលានបាល់ទះ ទីរួមខេត្តតែម្តង ដោយមាន៣ក្រុមរកបាន ៣ពិន្ទុនាំមុខគេក្នុងថ្ងៃបើកឆាក គឺក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង, ក្រុមអធិការដ្ឋាននគរបាលក្រុង បាត់ដំបង និងក្រុមបញ្ជាការដ្ឋានអង្គរក្ស “ខ” ។


សម្រាប់ថ្ងៃដំបូងនោះពូល A មាន ២ប្រកួត ខណៈពូល B មាន១ប្រកួត ចំណែកពូល A ក្រុមស្ព្រីងផាក Hotel បាន ប្រកួតចាញ់ ក្រុមសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តបាត់ដំបង ០-៣ សិតក្នុងពិន្ទុ ២៧-២៩, ១៩-២៥ និង ២៤-២៦ ហើយក្រុមអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានយកឈ្នះក្រុមស្រុកមោងឬស្សី ៣-០ សិតក្នុងពិន្ទុ ២៥-១៦, ២៥ -១៨ និង ២៥-២២ ។

ចំពោះពូល B វិញក្រុមបញ្ជាការដ្ឋានអង្គរក្ស “ខ” បានប្រកួតឈ្នះក្រុមស្រុកបាណន់ ៣-០ សិតក្នុងពិន្ទុ ២៥-១៧, ២៥-៦ និង ២៥-១២ ។ សម្រាប់មណ្ឌល ខេត្ត បាត់ដំបង ដែលមាន ៨ក្រុមចូលរួមដូចមណ្ឌលនានានោះ ការប្រកួតត្រូវបានបែងចែកជា ២ពូលដែរដោយក្នុងពូលនីមួយៗមាន ៤ក្រុម ។

ពូល A មានក្រុមស្ព្រីងផាក Hotel ក្រុមអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ក្រុមស្រុកមោងឬស្សី និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ចំពោះ ៤ ក្រុមក្នុងពូល B វិញរួមមាន ក្រុមយុវជន ខេត្តបាត់ដំបង ក្រុមបញ្ជាការដ្ឋានអង្គរក្ស “ខ” ក្រុមស្រុកបាណន់ និងក្រុមខេត្តប៉ៃលិន ។

ពូលនីមួយៗត្រូវជម្រុះ ២ក្រុមដែលមានពិន្ទុតិចជាងគេចេញ ដើម្បីយក ២ក្រុមដែលមានពិន្ទុលើសគេទៅលេងបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ក្រុមដែលចាញ់ នៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺមិនមានឱកាសបានឡើងលេងវគ្គ១៦ក្រុមចុងក្រោយឡើយ តែត្រូវលេងដណ្ដើមចំណាត់ថ្នាក់លេខ៣ ក្នុងមណ្ឌល ។

ចំពោះក្រុមដែលឈ្នះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺបានឡើងលេងបន្តវគ្គ១៦ក្រុមចុងក្រោយជាមួយគ្នាតែទាំង ២ក្រុមនេះត្រូវប្រកួតគ្នារកចំណាត់ថ្នាក់លេខ១ ក្នុងមណ្ឌលផងដែរ ៕

Post a Comment

 
Top