ក្លិបបាល់ទាត់ បឹងកេតអង្គរបាននាំចូលសមាជិកចំណូលថ្មីបរទេស២រូបដើម្បីត្រៀមព្រឹត្តិការណ៍លីកកំពូលកម្ពុជាដែលនឹងចាប់ផ្តើមនាខែ មិនា ឆ្នាំ ២០១៥ ខាងមុខនេះ។
កីឡាករ Oyewole Yemi Joseph (ឆ្វេង)
ក្រោយធ្លាក់ពីពាន Hun Sen Cup ត្រឹមវគ្គ១/៤ ដោយថ្វីជើងណាហ្គាវើល ៣-០ គ្រូបង្វឹក និងអ្នកចាត់ការក្លិបបានឃើញពីចន្លោះប្រហោងមួយចំនួនត្រង់ខ្សែការពារ និងខ្សែបម្រើប្រយុទ្ធស្លាបរបស់ក្រុម។ កត្តានេះជំរុញឲ្យថ្នាក់ដឹកនាំក្លិបបានសម្រេចនាំយកកីឡាករ នីហ្សេរីយ៉ា ពីររូបដែលលេងនៅប្រទេសថៃមកជួយក្រុមគឺកីឡាករ Oyewole Yemi Joseph និង Esoh Paul Omogba។
លោក បែ មករា អ្នកចាត់ការបានប្រាប់ថា Joseph លេងជាខ្សែការពារនោះត្រូវជំនួសតំណែងកីឡាករ ម៉ូម៉ូ មានសញ្ជាតិ នីហ្សេរីយ៉ា ដូចគ្នា ខណៈ Omogba លេងជាខ្សែប្រយុទ្ធស្លាបបន្ថែម។ កីឡាករ២លេងល្អ ហើយមានបទពិសោធន៍ច្រើនទៀតផង»។
អ្នកចាត់ការរូបនេះថា កីឡាករទាំង២នេះជាស្នូលសំខាន់ក្នុងការនាំលេង ហើយម៉្យាងទៀតកីឡាករទាំងពីរនេះធ្លាប់មានបទពិសោធន៍ច្រើន និងឆ្លងកាត់ការប្រកួតរាប់មិនអស់លើទីលាន។ ពេលនេះពួកគេកំពុងហ្វឹកហាត់ក្នុងក្រុម និងបានចុះកុងត្រារួចហើយរយៈពេលមួយរដូវកាល។
កីឡាករ Esoh Paul Omogba
កីឡាករទាំង២កាលពីមុនលេងនៅ ណាហ្គាវើល ពេលបញ្ចប់កុងត្រាបន្តទៅលេងឲ្យក្លិប សាមុតសាខន របស់ថៃ ហើយពេលចប់កុងត្រាពី សាមុតសាខន ក៏មកលេងឲ្យ បឹងកេតអង្គរ។ ទាក់ទងនឹងតម្លៃខ្លួនវិញ អ្នកចាត់ការខាងលើមិនបានបង្ហើបប្រាប់ឡើយ។
ទោះជាយ៉ាងណាក្លិបបឹងកេតអង្គរមិនទាន់ធ្វើសន្និសីទបង្ហាញមុខកីឡាករទាំងពីរដែលលេងនៅក្លិបសាមុតខនរបស់ប្រទេសថៃជាផ្លូវការនៅឡើយទេ ប៉ុន្តែត្រៀមបង្ហាញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕
Post a Comment