GuidePedia

0
សម្រាប់ការប្រកួតក្បាច់គុនបុរាណខ្មែរដណ្ដើមខ្សែ ក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ នៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យ បានឈានដល់សប្ដាហ៍ចុង ក្រោយ ហើយ ដោយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៥ ខាងនេះកីឡាករ ម៉ឺន សុភា ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយ កីឡាករថៃ Sarm Dieng ស្របពេលកីឡាករ វង្ស ណយ ត្រូវប្រកួតកម្ដៅសាច់ដុំជាមួយកីឡាករ Daw Prakkay របស់ថៃ បន្ទាប់ពី កីឡាករថៃ Singha Thorngnoy បោះបង់ការប្រកួតពាក់កណ្ដាល ទីនោះ ។


បើគិតពី៣ប្រកួតកន្លងមកនេះ ម៉ឺន សុភា ទើបរកបាន៥ពិន្ទុប៉ុណ្ណោះ (ឈ្នះ១ និងចាញ់២) ដែលពិន្ទុនេះមិនអាចធ្វើឲ្យ សុភា ឡើងទៅប្រកួតវគ្គបន្ដបានឡើយ ខណៈកីឡាករ Sarm Dieng ក៏ដូច្នេះគឺគ្មានឱកាសឡើងទៅវគ្គបន្ដដូចគ្នា ព្រោះមិនទាន់ស្គាល់ពាក្យឈ្នះនៅឡើយ ។

សម្រាប់មួយប្រកួតចុងក្រោយនេះ កីឡាករទាំងពីរសុទ្ធតែខំប្រឹងរៀងៗខ្លួន ដើម្បីកិត្តិយសប្រទេសជាតិ និងខ្លួនឯង ។ ម៉ឺន សុភា មួយរយៈចុងក្រោយនេះហាក់ ធ្លាក់ វិជ្ជាគុនគួរឲ្យកត់សម្គាល់ សូម្បីតែកីឡាករធ្លាប់វាយឈ្នះ ក៏មិនអាចធ្វើអ្វី បានដែរ ។ ប៉ុន្ដែ Sarm Dieng រឹតតែអន់ទៀត គេចេះតែទាត់មួយមុខគត់ ដូច្នេះ សម្រាប់ជំនួបបង្គ្រប់កិច្ចលើកចុង ក្រោយនេះ គេសង្ឃឹមថា ម៉ឺន សុភា អាចផ្ដួលកីឡាករថៃរូបនេះបាន ។

រីឯកីឡាករ វង្ស ណយ វិញគេត្រូវប្រកួតបំពេញមុខជាមួយកីឡាករថៃ Daw Prakkay ដោយសារដៃគូរបស់ វង្ស ណយ ត្រូវជួបក្នុងសប្ដាហ៍ទី៤ ដែលជាការប្រកួត បង្ហើយកិច្ចក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារនេះ គឺកីឡាករ Singha Thorngnoy បានបោះបង់ការប្រកួត ព្រោះមានបញ្ហារបួសក៏ធ្វើ
ឲ្យ វង្ស ណយ ទទួលបាន៣ពិន្ទុ បន្ថែមយ៉ាងងាយ ហើយសរុប៤ប្រកួតរបស់ វង្ស ណយ គឺរកបាន១០ពិន្ទុ ព្រោះចាញ់មួយប្រកួត ។

ប៉ុន្ដែយ៉ាងណាក៏ដោយ គណៈកម្មការមិនបានផ្ដល់ឱកាសឲ្យ វង្ស ណយ ឈប់សម្រាកនៅទំនេរនោះទេ គឺរៀបចំឲ្យគេប្រកួតមិត្តភាពកំដរអារម្មណ៍ ទស្សនិកជន ជាមួយកីឡាករ Daw Prakkay ដោយត្រូវប្រកួតឲ្យអស់ពីសមត្ថភាពតាម ដែលអាចធ្វើបាន ទោះបីមិនមែនជាការប្រកួតសន្សំពិន្ទុក៏ដោយ ៕

Post a Comment

 
Top