GuidePedia

0
បន្ទាប់ពីបញ្ចប់លទ្ធផលស្មើគ្នា ៣-៣ ក្នុងជំនួប មិត្តភាពអន្ដរជាតិនៅលើវាលស្មៅកីឡដ្ឋាន UITM របស់ម្ចាស់ ផ្ទះម៉ាឡេស៊ី កាលពីយប់មិញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ស្អែកនេះ ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជាអាយុក្រោម២៣ឆ្នាំ (U-23) នឹងធ្វើការប្រកួតកម្ដៅសាច់ដុំសាជាថ្មីម្ដងទៀត ជាមួយនឹងក្រុមជម្រើសជាតិ ម៉ាឡេស៊ីអាយុក្រោម២៣ឆ្នាំដដែល នៅទីក្រុងកូឡាឡាំពួ ។


លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានថ្លែងប្រាប់គេហទំព័រ LookingTODAY នៅមុននេះបន្ដិចថា ក្រុម U-23 កម្ពុជា ដែលជា ឈុតសម្រាប់ត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរីនាពេលឆាប់ៗខាងមុខ នឹងធ្វើការប្រកួតសាជាថ្មីជាមួយក្រុម U-23 ម៉ាឡេស៊ីនៅវេលាម៉ោង ៤:៤៥ នាទីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ស្អែកនេះ ដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក ។

អ្នកចាត់ការទូទៅដែលរួមចំណែកដឹកនាំក្រុមឈុតធំកម្ពុជាឲ្យ ឆ្លងផុតវគ្គជម្រុះជុំទី១ នៃពាន FIFA 2018 World Cup Russia រូបនេះ បានបន្ដថា ពិតណាស់ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អ្វីមួយ ក្រុមបាល់ទាត់ជម្រើសជាតិនីមួយៗ ត្រូវតែមានការរៀបចំការ ប្រកួតលក្ខណៈមិត្តភាពផ្សេងៗ ដើម្បីវាស់ស្ទង់ សមត្ថភាព ក៏ដូចជាស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនផងដែរ ។

លោកបន្ដថា រាល់ការប្រកួតតែងតែចង់ឈ្នះ ហើយលទ្ធផលស្មើគ្នា ៣-៣ កាលពីយប់មិញ ក៏មិនជាអាក្រក់សម្រាប់កម្ពុជាដែរ ព្រោះយើងអាចទប់ទល់បានស្មើ ប៉ុន្ដែអ្វីដែលសំខាន់សម្រាប់ការប្រកួតថ្ងៃស្អែក យើងទាមទារចង់ឲ្យកីឡាករបង្កើន ការយល់ចិត្តគ្នាបន្ថែមទៀត ក្នុងពេលប្រកួត ដោយសារបញ្ហាយល់ចិត្តគ្នា នៅលើទីលាន គឺជាបញ្ហាសំខាន់នៃដំណើរ ឆ្ពោះទៅរកជ័យជំនះ ។


គួរបញ្ជាក់ថា វិញ្ញាសាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកនេះនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ដោយក្រុម U-23 កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះសិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី ខណៈពូល B វិញមានថៃ ម៉ាឡេស៊ី វៀតណាម ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ៕

Post a Comment

 
Top