GuidePedia

0
ក្រុម Chelsea នឹង​សម្លឹង​រក​ការបោះជំហាន​មួយ​ទៀត​​ឆ្ពោះ​ទៅកាន់​ការឈ្នះ​ពាន​ Premier League នៅពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Leicester City នៅ​រាត្រី​នេះ​។ ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅ​​កីឡដ្ឋាន Emirates ក្នុង​ការប្រកួត​រវាង​ក្រុម​​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ កាលពី​​ថ្ងៃ​អាទិត្យ បាន​ធ្វើឲ្យ​ក្រុម​តោខៀវ​របស់​លោក Jose Mourinho រក្សា​ការ​នាំ​មុខ​ ១០ ​ពិន្ទុ​​​ដដែល​ពី​លើ​​គូ​ប្រជែង​យ៉ាង​ប្រកៀក​របស់​ពួកគេ Arsenal និង Man City​។


លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ក្រុម Chelsea ត្រូវការ​ឈ្នះ​ត្រឹមតែ​​ ២ ​ប្រកួត​ទៀត​ប៉ុណ្ណោះ​​ពោល​គឺ​ការទទួល​ជ័យជម្នះ​នៅលើ​​ទឹកដី​ក្រុម Leicester នៅ​រាត្រី​នេះ និង​​​ជ័យជម្នះ​នៅលើ​ទឹកដី​ខ្លួនឯង​ពេល​ជួប​ក្រុម Crystal Palace នៅ​​​​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ ដើម្បី​​ក្លាយ​ជា​​ម្ចាស់​ជើងឯក​របស់​​ប្រទេស​អង់គ្លេស​។

ប៉ុន្តែ ពួកគេ​ក៏​មាន​កង្វល់​ទៅលើ​បញ្ហា​របួស​កីឡាករ​ផង​ដែរ ខណៈ​ដែល​ពួកគេ​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន King Power ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ Diego Costa និង Loic Remy ដោយសារ​តែ​បញ្ហា​របួស​។

ទោះបី​ជា​យ៉ាងណា Chelsea មាន​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើមៗ និង​ប្រកប​ដោយ​ទេពកោសល្យ​ជាច្រើន ហើយ​ពួកគេ​ទើបតែ​បាន​ជួប​ភាពរីករាយ​មួយ ក្រោយពី​ខ្សែបម្រើ​​ដ៏សំខាន់​របស់​ពួកគេ Eden Hazard បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​សមាគម​កីឡា​បាល់ទាត់​អាជីព​ (PFA) នៅ​អង់គ្លេស កាលពី​ថ្ងៃ​អាទិត្យ សម្រាប់​ការបង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​របស់​គេ​នៅ​រដូវកាល​នេះ​។

កីឡាករ​ឆ្នើម​​វ័យ​ ២៤ ​ឆ្នាំ​រូប​នេះ បាន​ជួប​រដូវកាល​ដ៏អស្ចារ្យ ក្រោយពី​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ ១៨ ​គ្រាប់​ក្នុង​រាល់​ការប្រកួត​ទាំងអស់ ហើយ​លើស​ពី​នេះ​ទៅ​ទៀត ក្រុម Chelsea មិន​ស្គាល់​ចាញ់​​សោះ បើ​គិត​ចាប់​តាំងពី​ការរងបរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៥-៣ ក្រោម​ស្នាដៃ​ក្រុម Tottenham កាលពី​ថ្ងៃ​ទី​​ ២ ខែ​មករា ឆ្នាំ​ ២០១៥​។

មុន​នឹង​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយ​នឹង​ក្រុម Arsenal ក្រុម Chelsea បាន​យក​ឈ្នះ​លើ​ក្រុម QPR ១-០ មុន​នឹង​​ផ្តួល​ក្រុម​ខ្លាំង Man United ក្នុង​លទ្ធផល​ដូច​គ្នា​នេះ​ក្នុង​ផ្ទះ​ខ្លួនឯង បើ​ទោះបី​លេង​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​សំខាន់​ម្នាក់​ក៏ដោយ​។

យ៉ាងណា​ក៏ដោយ ក្រុម​ម្ចាស់ផ្ទះ Leicester ហាក់​បាន​បង្ហាញពី​ការខិតខំ​ព្យាយាម​យ៉ាងខ្លាំង ដើម្បី គេច​​ឲ្យ​ផុត​ពី​តំបន់​​កាត់ចោល ក្រោយពី​ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​ ៤ ​លើក​ជាប់ៗ​គ្នា​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការទទួល​ជ័យជម្នះ ១-០ នៅលើ​ទឹកដី​ក្រុម Burnley កាលពី​ចុងសប្តាហ៍​មុន​ដើម្បី​​ធ្វើឲ្យ​ពួកគេ​ឡើង​ទៅ​ឈរ​​ក្នុង​តំបន់​សុវត្ថិភាព​ដោយ​នាំ​មុខ​លើ​ក្រុម​ស្ថិត​ក្នុង​តំបន់​កាត់ចោល​ ១ ​ពិន្ទុ​។

ប៉ុន្តែ បើ​ប្រៀបធៀប​ទៅ​នឹង​ទម្រង់​លេង និង​​សមត្ថភាព​របស់​កីឡាករ​ក្នុង​ក្រុម​ទាំង​ពីរ Chelsea គួរតែ​គ្មាន​បញ្ហា​នោះ​ឡើយ​ក្នុង​ការដណ្តើម​ឲ្យ​បាន​បី​ពិន្ទុ​ដ៏សំខាន់​ក្នុង​ការប្រកួត​នេះ​។ ការប្រកួត​នៅ​រាត្រី​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​​ ១:៤៥ ​ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕



ជំនួប​ បី ​លើក​ចុងក្រោយ​រវាង​ក្រុម​ទាំង​ពីរ

23/8/14 Chelsea 2-0 Leicester
18/3/12 Chelsea 5-2 Leicester
1/11/07 Chelsea 4-3 Leicester

Post a Comment

 
Top