GuidePedia

0
សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ​ ៣ ​នៅ​ថ្ងៃ​អាទិត្យ​ ទី​ ៣​ ខែ​ឧសភា​ សប្តាហ៍​នេះ នឹង​នាំ​មក​នូវ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ធំ​ចំនួន​ ២​ ក្រោយពី​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែ ក្រវាត់​របស់​ Black Panther ​បាន​បញ្ចប់​នៅ​រសៀល​ម៉ោង​ ៣​ នា​ថ្ងៃ​ដដែល​នោះ​។


ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​ថៃ​នឹង​ចាប់ផ្តើម​ជា​បន្ត​រវាង​កីឡាករ​លំដាប់​ខ្លាំង​ទម្ងន់​ស្រាល​របស់​កម្ពុជា​ពីរ​រូប​ដោយ​​កីឡាករ​ សារឿន ចាន់ និង​ឡៅ ចន្ទ្រា នឹង​ត្រូវ​​​ធ្វើការ​ប្រកួត​ជាមួយ​​នឹង​កីឡាករ​លំដាប់​កំពូល​របស់​ថៃ​ មកពី​ក្លិប​របស់​​កីឡាករ Buakaw Banchamek​ ដែល​ជា​ក្លិប​មួយ​សម្បូរ​កីឡាករ​ល្អ​បំផុត​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។

តាម​ការ​ឲ្យ​ដឹង​ពី​​សំណាក់​លោក​ ទី រ៉ាណាត នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​ ៣ កីឡាករ​របស់​ថៃ​មក​ប្រកួត​លើក​នេះ សុទ្ធសឹង​តែ​​កីឡាករ​លំដាប់​ល្អ មាន​ប្រវត្តិ​ប្រកួត និង​បទពិសោធ​ច្រើន និង​ត្រូវ​បាន​ធានា​ថា​ នឹង​​ធ្វើការ​ប្រកួត​ចាញ់ និង​ឈ្នះ​ក្នុង​លក្ខណៈ​​តឹងតែង​ និង​ស្វិតស្វាញ​បំផុត ខណៈ​ដែល​ការផ្គូផ្គង​ត្រូវ​បាន​សម្រិតសម្រាំង​ល្អ​ជាង​មុន​។

បើ​យោងតាម​ទិន្នន័យ​ដែល​ភ្នំពេញ ​ប៉ុស្តិ៍​ទទួល​បាន ប្រវត្តិ​ប្រកួត និង​បទពិសោធ​​របស់​កីឡាករ​ថៃ​​បង្ហាញ​ថា កីឡាករ​ជើងខ្លាំង​របស់​កម្ពុជា​ពីរ​រូប​នេះ មិន​អាច​​ស៊ីផុយ​នោះ​ឡើយ​ ហើយ​អាច​សន្លប់​ក្រោម​ក្បាច់​ជង្គង់​របស់​កីឡាករ​ថៃ​​ក៏​ថា​បាន​ដែរ​ពីព្រោះ​សមត្ថភាព​កម្រិត​ល្អ​ដូច​គ្នា​។

សារឿន ចាន់ មកពី​ក្លិប​តាព្រហ្ម​មានជ័យ ដែល​ធ្លាប់​គ្រង​ជា​ម្ចាស់​ខ្សែក្រវាត់​ K Cement ទម្ងន់​ ៥៧ ​គីឡូក្រាម​កាលពី​ឆ្នាំ​ ២០១១ ​នោះ​ មាន​បច្ចេកទេស​ល្អ​​លើ​ស្នៀត​ជង្គង់​ និង​កែង​រហ័ស​ ហើយ​បើ​និយាយ​ពី​ទម្ងន់​​វិញ រូបគេ​ពិតជា​​លំបាក​រក​ដៃគូ​ប្រកួត​ណាស់​ក្នុង​ប្រទេស ក្រោយពី​ឡើង​​ទៅ​ប្រកួត​ក្នុង​ទម្ងន់​ ៦០ ​គីឡូក្រាម​។

សារឿន ចាន់​ នឹង​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ Naruto Banchamek។​ Naruto​ មាន​អាយុ​ ១៩ ​ឆ្នាំ​ កម្ពស់​ ១,៦៥ ​ម៉ែត្រ មាន​​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ៩៥ ​ដង​ ឈ្នះ​ ៦២ ​ដង ​ចាញ់​ ៣២​ ដង ​និង​​ស្មើ​ ១ ​។​ ស្ថិតិ​ប្រកួត​នេះ គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​ សារឿន ចាន់ ដែរ ប៉ុន្តែ​បទពិសោធ​របស់​កីឡាករ​ថៃ​រូប​នេះ​អាច​ល្អ​ជាង​ សារឿន ចាន់ ​។

លោក​ មាស សុខគ្រី គ្រូបង្វឹក​របស់​ សារឿន ចាន់ មិន​អាច​សុំ​សម្ភាស​បាន​ទេ​។​ ចំណែក​ សារឿន ចាន់ ផ្ទាល់​បាន​និយាយ​​ថា​៖​ «ខ្ញុំ​​មិន​មាន​ការព្រួយបារម្ភ​ឡើយ ខ្ញុំ​​​ហាត់​បាន​ល្អ និង​ត្រៀម​​ប្រកួត​ដើម្បី​យក​ឈ្នះ​ឲ្យ​បាន​»​។​ ចំណែក​ជើងខ្លាំង​វ័យក្មេង​របស់​កម្ពុជា​ ឡៅ ចន្ទ្រា មកពី​ក្លិប​កងទ័ព​ឆត្រយោង​ ៩១១ ​វិញ​ បើ​ទោះបី​នៅ​មាន​បទពិសោធន៍​ខ្ចី​ជាង​ សារឿន ចាន់ ប៉ុន្តែ​ ក្នុង​ប្រវត្តិ​ប្រកួត​ រូប​គេ​ចាញ់​តែ​ ២ ​ដង​គត់ ក្រោយពី​ចាញ់​កីឡាករ​កម្ពុជា​ម្តង និង​ចាញ់​ថៃ​ម្តង​។

ដៃគូ​ប្រកួត​របស់​ចន្ទ្រា​ គឺជា​កីឡាករ​ Narit Nunkeaw ដែល​ជា​សិស្ស​ជំនិត​របស់​កីឡាករ​ប៊ូខាវ អ្នកប្រដាល់​ល្បីល្បាញ​របស់​ថៃ​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​សុរិន្ទ​ និង​អាច​និយាយ​ភាសា​ខ្មែរ​បាន​ផង​ដែរ​។

Narit​ Nunkeaw​ មាន​អាយុ​ ២២ ​ឆ្នាំ​ កម្ពស់​ ១,៦៨ ​ម៉ែត្រ​ មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​ ៥៦ ​ដង​ ឈ្នះ​ ៥១​ ចាញ់​ ៥​ និង​មិន​ដែល​ស្មើ​។

សម្រាប់​ការប្រកួត​នេះ​ ទោះបី​ក្នុង​ទម្ងន់​ស្រាល​ក្នុង​ប្រភេទ​ ៦០ ​គីឡូក្រាម​ ប៉ុន្តែ​បើ​ពិនិត្យ​លើ​កម្រិត​បច្ចេកទេស​ក្បាច់គុន​វិញ អាច​នឹង​មាន​ការទាក់ទាញ​ជាង​ទម្ងន់​ធ្ងន់។

លោក​ ហង្ស ស៊ឺ គ្រូបង្វឹក​របស់​ ឡៅ ចន្ទ្រា បាន​និយាយ​ថា​៖​ «កូនសិស្ស​ខ្ញុំ​ហ្វឹកហាត់​ត្រៀម​បាន​ល្អ ខ្ញុំ​ធានា​ប្រកួត​អស់​ពី​សមត្ថភាព​ ប៉ុន្តែ​យើង​មិន​ទាន់​អាច​កំណត់​បាន​ថា​ ឈ្នះ​គេ​ប៉ុន្មាន​ភាគរយ​នោះ​ឡើយ​ ពីព្រោះ​យើង​​មិន​ធ្លាប់​ឃើញ​ការប្រកួត​របស់​កីឡាករ​ថៃ​នោះ»​។​ ទោះបី​យ៉ាងណា​លោកគ្រូ​បង្វឹក​រូប​នេះ​ធានា​ថា កូនសិស្ស​ក្នុង​ក្លិប​កងទ័ព​ឆត្រយោង​ ៩១១ ​ធានា​ប្រកួត​ជូន​បងប្អូន​ទស្សនា​មិន​ឲ្យ​ខកចិត្ត​នោះ​ឡើយ​។

គួររំឭក​ថា​ ឡៅ​ ចន្ទ្រា​ និង​ សារឿន ចាន់ ​ជា​កីឡាករ​ជើងខ្លាំង​​មាន​ទឹកចិត្ត​វាយសម្រុក​មិន​ដកថយ​ ហើយ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​​ដូច​គ្នា​តាំងពី​នៅក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម​មក​ម៉េ្លះ ហើយ​នៅក្នុង​ទម្ងន់​ស្រាល​នេះ ពួកគេ​ពិតជា​លំបាក​រក​ដៃគូ​ប្រកួត​ក្នុង​ស្រុក​ណាស់​៕

Post a Comment

 
Top