GuidePedia

0
ការ​ប្រកួត​ពាន​រង្វាន់ DFB Pokal (German Cup) ​រវាង​ក្រុម​ Bayer Leverkusen ​និង​ Bayern Munich ​កាល​ពី​យប់​មិញ​នេះ​បញ្ចប់​ទៅ​ដោយ​បាល់​ប៉េណាំង​ទី​កាត់​សេចក្ដី​បន្ទាប់​ពី​១២០​នាទី​តាម​ត្រឹម​ស្មើ ​០-០។


អ្នក​ចាំ​ទី Manuel Neuer ​គឺ​ជា​អ្នក​ជួយ​ក្រុម​ Bayern ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយ​សង្គ្រោះ​បាល់​បាន​១​គ្រាប់​ពី​ជើង​របស់​ Drmic ​ស្រប​ពេល​ខាង​កីឡាករ​ទាំង​៥​នាក់​របស់​លោក Pep Guardiola ​ទាត់​ចូល​ទាំង​៥។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​​​​​យប់មិញ​នេះ ពិត​ជា​ល្អ​មើល​មែន​ទែន​ដោយ​ខាង​ម្ចាស់​ផ្ទះ Leverkusen ​គ្រប់​គ្រង​បាល់​បាន​តែ​២៩​%​ទេ តែ​អាច​ស៊ុត​ដល់​ទៅ​១៩​ជើង និង​ចំ​គោល​ដៅ​៣​ដង។ ចំណែក​ឯ​ក្រុម​ភ្ញៀវ​វិញ​វាយ​សម្រុក​ខ្លាំង​តែ​អាច​ស៊ុត​បាន​តែ​៩​ជើង​​ប៉ុណ្ណោះ​ ចំ​គោលដៅ​៣​ដង​ដែរ។ ត្បិត​តែ​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​ និង​មាន​ឱកាស​រៀង​ខ្លួន​មែន ប៉ុន្តែ​នៅ​តែ​មិន​មាន​គ្រាប់​បាល់​ដដែល ទោះ​ជា​ប្រើ​ពេល​រហូត​ដល់​ទៅ​១២០​នាទី​ហើយ​ក្ដី។

លទ្ធផល​ស្មើ​នេះ ត្រូវ​សម្រេច​ដោយ​ទាត់​បាល់​ប៉េណាំង​ទី​​កាត់​សេចក្ដី ដើម្បី​សម្រេច​យក​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ Muller ​របស់ Bayern ​ជា​អ្នក​ទាត់​មុន​​បាន​សម្រេច​ ប៉ុន្តែ​កីឡាករ Drmic ​របស់ Leverkusen ​វិញ​​ មិន​អាច​ទាត់​ផុត​ពី​ដៃ​របស់ Neuer ​បាន​ឡើយ។

ចំណែក​ឯ​៤​នាក់​ផ្សេង​ទៀត​របស់​ក្រុម​លោក Pep ​គឺ Lewandowski , Alonso , Gotze និង Alcantara ​ក៏​អាច​ធ្វើ​បាន​ដូច Muller ​ដែរ ពោល​គឺ​៥​នាក់​នេះ​ស៊ុត​ចូល​ទាំង​៥ ហើយ​៣​នាក់​ចុង​ក្រោយ​របស់​ Leverkusen ​ក៏​ស៊ុត​ចូល​ដូច​គ្នា តែ​មិន​អាច​ជួយ​សង្គ្រោះ​ក្រុម​បាន​ទេ។ ជា​លទ្ធផល​ Bayern Munich ​ឈ្នះ​បាល់​ប៉េណាំងទី​ ៥-៣ ​ឡើង​ទៅ​ជុំ​បន្ទាប់​បាន​សម្រេច៕



Post a Comment

 
Top