GuidePedia

0
ក្រុម​បាល់បោះ​ចំនួន​១២​ក្រុម ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ​ប្រកាសប្រាប់​ឲ្យ​ដឹងថា បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​League លើក​ទី​៣​ឆ្នាំ​២០១៥ ដែល​ប្រសិទ្ធិ​នាម​ថា​បាល់បោះ​ស្រា​បៀរ​អង្គរ។


លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យដឹង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី​០៦ ​ខែ​មីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​គឺជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​ការប្រកួត​នេះ។

លោក​អ៊ុក សិទ្ធិ​ជាតិ ​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​បាល់បោះ​ទាំង ១២​ក្រុម​នោះ រួមមាន ក្រុម Extra Joss Fighter(Foreign Team) - Wood’s Lozenges (Foreing Team) - Davies Megacryl(Forieign Team) - Conquerors(Foreign Team) -TCT Rock (Cambodia Team) - Pate Phnom Penh 310(Cambodia Team) - Mekong Tigers (Ca mbodia Team) - Phnom Penh Post Buffaloes(Foreign Team) - Emperors (Cambodia Tea m) - SOHO Phnom Penh(Cambodia Team) - NSK Dream(Cambodia Team) និង ក្រុម CCPL Qarriors(Foreign Team)។

លោក​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​ឲ្យ​ដឹង​ទៀត​ថា ការប្រកួត​league​បាល់បោះ​ស្រា​បៀរ​អង្គរ​នេះ លេង​រៀងរាល់​រសៀល​ថ្ងៃ​សៅរ៍ ​និងមាន ២​ប្រកួត ដែល​សរុប​ការប្រកួត​មួយ​រដូវ​នេះ សរុប​មាន​ចំនួន​៨៨​ប្រកួត។ ការប្រកួត​ធ្វើតាម​រូបមន្ត​វិលជុំ​ដោយ​ក្រុម​ទាំង​១២​ត្រូវ​ជួបគ្នា ១ ជុំ ហើយ​ទម្លាក់ ៤ ក្រុម​ចេញ​ដោយ​យក​ក្រុម​ចំនួន ៨ ដែល​មាន​ពិន្ទុ​លើស​គេ​ឡើងទៅ​លេង​បន្ត​វគ្គ ១​ភាគ ៤​ផ្ដាច់ព្រ័ត្រ។

បើតាម​លោក កៅ កាន់​ណា​លី អគ្គលេខាធិការរង​សហព័ន្ធ​បាល់បោះ បញ្ជាក់​នោះ​ថា ឆ្នាំនេះ​ចំនួន​ប្រកួត​ និង​រយៈពេល​ប្រកួត​កើន​ឡើង​ជាង​ឆ្នាំមុន ​​ចាប់ពី​ការ ប្រកួត​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​ដល់​ផ្តាច់ព្រ័ត្រ គឺមាន​ចំនួន​៣​ប្រកួតៗ។ ការប្រកួត​ធ្វើតាម​រូបមន្ត​វិល​គិត​ពិន្ទុ ដោយ​ឈ្នះ​មួយ​ប្រកួត​បាន ២ ពិន្ទុ ចាញ់​បាន​មួយ​ពិន្ទុ​លេង​ស្មើ​គឺ​បន្ថែម​ម៉ោង ដើម្បី​យកឈ្នះ​ចាញ់។

ការប្រកួត​ក្នុង​ជុំ​មាន​៦៦​ប្រកួត វគ្គ​ជម្រុះ​១​ភាគ​៤​មាន​ចំនួន​១២​ប្រកួត វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មាន​៦​ប្រកួត វគ្គ​ផ្តាច់ព្រ័ត្រ​មាន​៣​ប្រកួត និង​ចំណាត់ថ្នាក់​លេខ​៣​មាន​១​ប្រកួត។ ក្រុម​ចំនួន ៨ ដែលមាន​ពិន្ទុ​លើសគេ​នឹង​ឡើង​លេង​បន្ត​វគ្គ Play-Off គឺ​មួយក្រុម​ត្រូវ​លេង ៣ ប្រកួត​ទៀត ។ នៅ​វគ្គ​Play-Off ក្រុម​ណា​ដែល​ចាញ់ ២ ប្រកួត​ហើយ​នោះ គឺ​ត្រូវ​ជ្រុះ​ធ្លាក់​ហាលអាវ​ហើយ។

ក្រុម​នីមួយៗ​អនុញ្ញាត​ឲ្យ​មាន​កីឡា​បរទេស។ ដោយ​បាល់បោះ​ការប្រកួត​ម្ដង​មាន ៤ វគ្គ​ទើប​បញ្ចប់​នោះ លេង​នៅ​វគ្គ​ទី ១ និង វគ្គ​ទី ៤ មិន​អនុញ្ញាត​ឲ្យ​ដាក់​កីឡាករ​បរទេស​ទាំងអស់​លេង​ឡើយ គឺ​តម្រូវឲ្យ​ដាក់​កីឡាករ​ខ្មែរ​បី​រូប​លេង​ជាដាច់ខាត។ តែ​សម្រាប់​ការប្រកួត​នៅ​វគ្គ​ទី​២ ​និង​ទី​៣ ក្រុម​នីមួយៗ អាច​ដាក់​កីឡាករ​បរទេស​ទាំងអស់​សុទ្ធ អោយ​លេង​ក៏បាន​ដែរ។

លោក​វ៉ាត ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ចាត់ទុក​ថា ​កីឡា​ជា​ក្រុម​របស់​កម្ពុជា​កំពុងតែ​កក្រើក​ឡើង​ហើយ​និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ផ្នែក​ឯកជន​ច្រើន​ថែមទៀត។ ដោយមាន​ការ​គាំទ្រ​បែបនេះ លោក​ជឿ​ថា​ការប្រកួត​League​ឆ្នាំនេះ នឹង​កាន់តែ​ល្អ​ជាង​មុន។

លោក​អ៊ុក សិទ្ធិ​ជាតិ អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​ជើងឯក​បាន​ទទួល​ពាន ១ មេដាយ​មាស​១៥​គ្រឿង រង្វាន់​អម​៣.០០០​ដុល្លារ។ ចំណាត់ថ្នាក់​លេខ​២​មេដាយ​ប្រាក់​១៥​គ្រឿង​រង្វាន់​អម​២.០០០​ដុល្លារ និង​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​ប្រាក់​១៥​គ្រឿង និង រង្វាន់​អម​១.០០០​ដុល្លារ។


លោក​បាន​បញ្ជាក់​ថា ដោយសារ​ឆ្នាំនេះ​ជាប់​ទៅ​SEA Games​នៅ​សិង្ហបុរី​នា​ខែ​មិថុនា​នោះ ការប្រកួត​League​បាល់បោះ​នេះ នឹង​ផ្អាក​មួយ​រយះ បន្ទាប់មក​នឹង​បន្ត​លេង​រហូតដល់​ចប់។ សូម​បញ្ជាក់​ថា ការប្រកួត​ដែល​មាន​រយៈពេល​៧ ខែ​នោះ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១​មីនា ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦​កញ្ញា​២០១៥។

គួរ​បញ្ជាក់​ថា ក្រុម​ជើងឯក​ឆ្នាំ​ចាស់​គឺ​ក្រុម​Pate Phnom Penh 310 ក្រុម​ជើងឯក​រង ​Davies Megacryl និង​លេខ​៣ ក្រុម Mekong Tigers៕

Post a Comment

 
Top