GuidePedia

0
Mohamed Salah ​​ដែល​ Fiorentina ​ខ្ចី​ជើង​​ពី Chelsea​ បាន​ស៊ុត​ចូល​ក្រុម​ខ្លាំង​ Juventus ​២​គ្រាប់​​ម្នាក់​ឯង​ ជួយ​ឲ្យ​​ Fiorentina ឈ្នះ​ ២-១ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់ Coppa Italia ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ជើង​ទី​១ កាល​ពី​យប់​មិញ និង​ធ្វើ​ឲ្យ​ក្រុម Juventus ស្គាល់​រសជាតិ​​ចាញ់​​ក្នុង​ដី​ជា​លើក​ដំបូង​ ក្នុង​៤៨​​ប្រកួត​ចុង​ក្រោយ។


តាំង​ពី​ផ្ទេរ​ទៅ​កាន់​ទឹក​ដី​អ៊ីតាលី​មក កីឡាករ​វ័យ​២២​ឆ្នាំ​របស់​អេហ្សីប​រូប​នេះ ពិត​ជា​​លេង​ឡើង​ជើង​ខ្លាំង​ណាស់​ ពោល​គឺ​ស៊ុត​ចូល​ទី​ស្ទើរ​តែ​គ្រប់​ការ​ប្រកួត។ Salah ​​ស៊ុត​បាន ​៦​គ្រាប់​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន​ឲ្យ​ Fiorentina បាន​៧​ប្រកួត។

យប់​មិញ​ Salah ​ស៊ុត​គ្រាប់​ទី​១ នៅ​នាទី​១១ ដោយ​ការ​អូស​បាល់​តាំង​ពី​ពាក់​កណ្ដាល​តារាង ​ខណៈ​ដែល​ខ្សែ​ការពារ​៣​នាក់​តាម​បិទ ប៉ុន្តែ​នៅ​តែ​មិន​អាច​រារាំង​កីឡាករ​​ឆ្នើម​រូប​នេះ​បាន។ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ Fernando Llorente ​បាន​តែត​ឲ្យ Juventus បាន​ស្មើ ១-១ វិញ​នៅ​នាទី​២៤ ធ្វើ​ឲ្យ​ចប់​តង់​ទី​១ ក្រុម​ទាំង​ស្មើ​គ្នា។

ចូល​ដល់​តង់​ទី​២​ នាទី​៥៦ Salah រក​បាន​១​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ជ័យ​ជម្នះ​ បន្ទាប់​ពី​ខ្សែ​បម្រើ Claudio Marchisio របស់​ Juventus ​បញ្ជូន​បាល់​មិន​បាន​ល្អ
ធ្វើ​ឲ្យ​កីឡាករ​កំពុង​ឡើង​ជើង​រូប​នេះ​ ឆាប​បាន ហើយ​ក៏​ស៊ុត​​បំប៉ោង​សំណាញ់​ទី​តែ​ម្ដង។

​ការ​ប្រកួត​ជើង​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Stadio Artemio Franchi របស់​ Fiorentina វិញ​ម្ដង នា​ថ្ងៃ​ទី​០៧ ខែ​មេសា​ខាង​មុខ។ រីឯ​​អ្នក​​ឈ្នះ​វគ្គ​នេះ នឹង​ឡើង​ទៅ​ប៉ះ​ក្រុម Lazio ឬ Napoli នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕



Post a Comment

 
Top