GuidePedia

0
ONE Fighting Championship (ONE FC) ដែល​​អង្គភាព​រៀបចំ​ការ​ប្រកួត​​យុទ្ធគុន​ចម្រុះ (MMA) ឈាន​មុខ​គេ​ប្រចាំ​ទ្វីប​អាស៊ី​នោះ កំពុង​តែ​ធ្វើឲ្យ​​កីឡា​ប្រយុទ្ធ​មួយ​នេះ​កាន់តែ​មាន​ប្រជាប្រិយភាព និង​រីកចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ទូទាំង​តំបន់ និង​ទូទាំង​ពិភពលោក​​។

កីឡាការិនី​សំ ថារ័ត្ន (ស្តាំ) ព្យាយាម​ក្លេដៃ វី ស្រីឆៃ ក្នុង​ការ​ប្រកួត ONE FC នៅ​កោះពេជ្រ


បើ​យើង​ក្រឡេក​ទៅ​មើល​កាលពី​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​ទៅ យុទ្ធគុន​ចម្រុះ​​ក្នុង​ទ្វីប​អាស៊ី បាន​ស្ថិត​ក្នុង​កម្រិត​យ៉ាង​ក្មេង​ខ្ចី ប្រសិន​បើ​ប្រៀបធៀប​ទៅ​នឹង​កម្មវិធី​​ប្រកួត​ល្បីៗ​នៅ​ទឹកដី​អឺរ៉ុប និង​អាមេរិក​​ដូចជា UFC ជាដើម​។

ខណៈ​ដែល​កីឡា​នេះ​មាន​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឥត​ឈប់ឈរ​នៅ​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក របត់​​ផ្សេងៗ​​ហាក់​ដូចជា​មាន​ការ​អភិវឌ្ឍ​បន្តិច ហើយ​រាល់​អ្វីៗ​ទាំងអស់​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង​នៅពេល​ដែល ONE Fighting Championship បាន​ចាប់ផ្តើម​រៀបចំ​​កម្មវិធី​ប្រកួត​របស់​ខ្លួន​កាលពី​ឆ្នាំ​ ២០១១ ​។
​ ONE FC បាន​បោះ​ជំហាន​ចូល​ក្នុង​កីឡា​យុទ្ធគុន​នេះ ហើយ​អង្គភាព​នេះ​​បាន​ផ្តល់​នូវ​ភាព​រំភើប​ជា​បន្តបន្ទាប់ និង​កំពុង​​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច​។

នៅក្នុង​រយៈពេល​​ត្រឹម​តែ​ប៉ុន្មាន​​ឆ្នាំ​សោះ អង្គភាព​រៀបចំ​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ​មួយ​នេះ បាន​ក្លាយ​ជា​ប្រភព​ព័ត៌មាន​កីឡា​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ទ្វីប​អស៊ី ហើយ​នេះ​ជា​សមិទ្ធផល​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ បើ​ប្រៀបធៀប​ទៅ​នឹង​​អង្គភាព​​កីឡា​ធំៗ​ជាច្រើន​ទៀត​ក្នុង​​ពិភពលោក​ដូចជា​ការ​ប្រកួត​ក្របខ័ណ្ឌ​កីឡា​​បាល់ទាត់​អង់គ្លេស Premier League ជាដើម​។

រូបមន្ត​ដ៏ជោគជ័យ​​របស់ ONE FC បាន​កើតឡើង​​តាមរយៈ​ការ​ប្រមូលផ្តុំ​​កីឡាករ​ឆ្នើមៗ និង​ល្បីៗ​ទូទាំង​ពិភពលោក​ឲ្យ​ធ្វើការ​ប្រកួត​គ្នា​ដើម្បី​ផ្តល់​ភាព​រំភើប​ដល់​​អ្នក​​ទស្សនា មិន​ចាញ់​​​ការ​ប្រកួត​ដ៏កក្រើក​នៅលើ​ទឹកដី​​អាមេរិក និង​​អឺរ៉ុប ឡើយ​។

ពួកគេ​​បាន​​នាំឲ្យ​មាន​ការ​ទាក់ទាញ​ដល់​​តារា​ល្បី​ជាច្រើន ហើយ​​ប្រជាប្រិយភាព​ផ្សេងៗ​កាន់តែ​​កើន​​​ឥត​ឈប់ឈរ​តាមរយៈ​ការ​​រៀបចំ​ការ​ប្រកួត​របស់​ពួកគេ​ទូទាំង​​ទ្វីប​អាស៊ី​។

ដោយឡែក នៅ​​ប្រទេស​កម្ពុជា MMA ក៏​​កំពុង​តែ​មាន​ប្រជាប្រិយភាព​ផង​ដែរ ក្រោយ ONE FC ​បាន​​រៀបចំ​​ការ​ប្រកួត​ដ៏អស្ចារ្យ​មួយ​​ដែល​មាន​ឈ្មោះ​ថា ONE FC: Rise of the Kingdom ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​​រោង​មហោស្រព​កោះពេជ្រ កាលពី​ថ្ងៃ​ទី​ ១២ ខែ​​កញ្ញា ឆ្នាំ​ ២០១៤​។

ក្រៅពី​​ការ​ផ្គូផ្គង​ឲ្យ​កីឡាករ​ល្បីៗ​របស់​កម្ពុជា​ឲ្យ​ជួប​គ្នា អង្គភាព ONE FC ក៏​បាន​នាំ​យក​កីឡាករ​ឆ្នើមៗ​ទូទាំង​ពិភពលោក​ឲ្យ​ធ្វើការ​បង្ហាញ​នូវ​ទេពកោសល្យ​របស់​ពួកគេ​នៅ​ពី​មុខ​អ្នក​គាំទ្រ​​កម្ពុជា​ផង​ដែរ ជាពិសេស​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ពិភពលោក​របស់ ONE FC រវាង​កីឡាករ​​ប្រេស៊ីល Adriano Moraes និង​​កីឡាករ​ហ្វីលីពីន Geje Eustaquio​។

លើសពី​នេះ​ទៅ​ទៀត ONE FC ក៏​បាន​អញ្ជើញ​កីឡាករ​ជើង​ខ្លាំង​​ប្រចាំ​កម្ពុជា​ឲ្យ​​​ទៅ​ធ្វើការ​ប្រកួត​​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​កីឡាករ​​ឃីម ឌីម៉ា តក់ សោភ័ណ្ឌ កីឡាការិនី សំ ថារ័ត្ន ហើយ​កីឡាករ​​ចុងក្រោយ​គេ​ដែល​នឹង​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹកដី​ម៉ាឡេស៊ី​ក្នុង​កម្មវិធី Age of Champions ​នា​ថ្ងៃ​ទី​ ១៣ ខែ​មីនា ខាង​មុខ​នោះ គឺ ចាន់ រតនា​។

លោក​ វ៉ាត់ ចំរើន ប្រធាន​សមាគម​កីឡា​យុទ្ធសិល្ប៍​​កម្ពុជា បាន​ឲ្យ​ដឹង​​បន្ទាប់ពី​ការ​ប្រកួត​កាលពី​​ឆ្នាំ​មុន​ថា៖ «ONE FC បាន​​រៀបចំ​​ប្រកប​ដោយ​ស្តង់ដារ ហើយ​ខ្ញុំ​សូម​អបអរសាទរ​​​ចំពោះ​ការ​​បង្ហាញ​នេះ ហើយ​វា​ជា​ការ​អប់រំ​មួយ​ដល់​អ្នក​​ទស្សនា​។ ONE FC បាន​ស្នើ​ដល់​សមាគម​កីឡា​យុទ្ធសិល្ប៍​​កម្ពុជា​​ដើម្បី​​រៀបចំ​ការ​ប្រកួត​មួយ​ទៀត​នៅ​​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៥ ​»​​​៕

Post a Comment

 
Top