GuidePedia

0
កីឡាករ ម៉ាប់​ ឆៃយ៉ា​ ​មកពី​ក្លិប​ខ្លារខិន​មានរិទ្ធ និង អ្នក​ប្រដាល់ ​ឯក កៃឈៀង​ ក្លិប​មកុដរាជសីហ៍ ​បាន​ណាត់​ជួប​ប្រកួត​គ្នា​ជាថ្មី​ នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍ ក្នុង​កម្មវិធី​​​ស្រាបៀរ Black Cat នា​​រាត្រី​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ​​គឺ​ក្រោយ​ពេល​ដែល​អ្នក​ប្រដាល់​ទាំង​ពីរ​នេះ​ បាន​​ស្មើ​គ្នា​ទាំង​មិន​អស់​ចិត្ត នា​ជំនួប​​នៅ​ខេត្ត​កណ្តាល ​កាលពី​ថ្ងៃ​ ១៤ ខែ​កុម្ភៈ កន្លងមក​នេះ។

ឯក កៃឈៀង បាន​ម៉ាត់​ទៅលើ​ផ្ទៃមុខ ម៉ាប់ ឆៃយ៉ា នា​ជំនួប​នៅលើ​ទឹកដី​ខេត្ត​កណ្តាល នាពេល​កន្លង​មក


លោក ​រាជ ​សុផែន​ ប្រធាន​ផ្គូផ្គង​ប្រចាំ​សង្វៀន​អាស៊ីអាគ្នេយ៍​ បាន​ឲ្យ​ដឹង​ថា​៖ «​ពួកគេ​បាន​ដាក់​ឲ្យ​សងសឹក​គ្នា​ក្នុង​ទម្ងន់​ ៦៥ ​គីឡូក្រាម ​ក្នុង​ឋានៈ​ជា​គូពិសេស​ទី​ ៣ ​ដែល​ជក់​ចិត្ត​បំផុត​»។

ឯក កៃឈៀង ​និង ​ម៉ាប់​ ឆៃយ៉ា​ មាន​កម្ពស់​ ១,៧០ ម៉ែត្រ​ដូច​គ្នា ​ប៉ុន្តែ​កម្រិត​បច្ចេកទេស​វិជ្ជាគុន​មាន​លក្ខណ​ពិសេស​ខុស​ពី​គ្នា​ដាច់ ​គឺ​ ​ឯក កៃឈៀង មាន​​ជំនាញ​ក្បាច់​កណ្តាប់ដៃ​ និង​ទាត់​ឆ្ងាយ​ធ្ងន់​ ​ឯ ​​ម៉ាប់ ​ឆៃយ៉ា ​វិញ​មាន​ជំនាញ​ប្រើ​ក្បាច់​ជង្គង់​បាន​ល្អ​ និង​មាន​ថាមពល​ប្រកួត​បាន​ថេរ​៥​ទឹក​។

ទោះបី​យ៉ាងណា​ ​គូ​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ស្វិតស្វាញ​ និង​ទាក់ទាញ​បំផុត ​ពិសស​កីឡាករ ​ឯក ​កៃឈៀង ​ដែល​ឡើង​ប្រកួត​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក ​គឺ​បាន​សាង​ភាពល្បីល្បាញ​ដោយ​ផ្តួល​ដៃគូ​ខ្លាំង​ភាគច្រើន​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ​ឯង​។

កីឡាករ ​ឯក ​កៃឈៀង​ មាន​ប្រវត្តិ​ប្រកួត​បាន​ ៣៧ ​​ដង ​​ឈ្នះ​ ២៤​ និង​ចាញ់​ ១៣​ ​ហើយ​ការ​ឈ្នះ​ទាំង​​ ២៤ ​លើក​នោះ​ គឺ​បាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន​រហូត​ដល់​ ១៥ ​ដង​ឯណោះ​ តែ​​ ២ ​ប្រកួត​ចុងក្រោយ​គេ​បាន​ចាញ់​ពិន្ទុ វ៉ាន់ ​ចាន់វ៉េត​ និង​ស្មើ​ពិន្ទុ​ជាមួយ ​ម៉ាប់ ឆៃយ៉ា​ នេះ​ឯង​។

កៃឈៀង ​និយាយ​ថា​៖ «​លើក​នេះ​មិន​អាច​ស្មើ​បាន​ទេ​ ពីព្រោះ​ការ​ហ្វឹកហាត់ និង​តាំងចិត្ត​ប្រកួត ​គឺ​មាន​សង្ឃឹម​ឈ្នះ​ ៨០ ភាគរយ ​ប៉ុន្តែ​​ខ្ញុំ​​ស្នើសុំ​​ផ្តល់​ពិន្ទុ​ឲ្យ​មាន​ភាព​សុក្រឹត យុត្តិធម៌»​។

ចំណែក​លោក ឈិន ក្វាន់ចៃ ជា​​គ្រូបង្វឹក បាន​​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ អាឈៀង វ៉ៃ​ឲ្យ​សន្លប់​ដើម្បី​កុំ​ឲ្យ​លំបាក​ដល់​ចៅក្រម​ដាក់​ពិន្ទុ​ ​ព្រោះ​កន្លងមក​បើ​វា​វ៉ៃ​គេ​មិន​សន្លប់​ទេ ​គឺ​វេទនា​ឈ្នះ​ណាស់»​។

កីឡាករ ម៉ាប់ ​ឆៃយ៉ា​ មិន​ទទួល​បាន​ប្រវត្តិ​ប្រកួត​ច្បាស់លាស់​ទេ​ ប៉ុន្តែ​គេ​ធ្លាប់​ឡើង​សង្វៀន​ចាស់​វស្សា​ជាង​ ឯក ​កៃឈៀង ​ហើយ​មិន​សូវ​ទទួល​បាន​ភាពល្បីល្បាញ​ និង​​ប្រជាប្រិយភាព​ប៉ុន្មាន​ទេ​។​ ម៉ាប់ ឆៃយ៉ា ​ក្រោយពី​ស្មើ​ពិន្ទុ​ជាមួយ ​កៃឈៀង​ គេ​​បាន​ប្រកួត​ឈ្នះ​ មាស ឆូយ ​ផង​ដែរ​។

ចំណែក​​គូ​ប្រដាល់​ថ្នាក់​ឯក ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​តម្រូវ​ទៅលើ​កីឡាករ​ វ៉ែន ​សុវណ្ណ​ មកពី​ក្លិប​កេងកង​ខេត្ត​បាត់ដំបង ត្រូវ​​ប៉ះ​ជាមួយ ​អ្នក​ប្រដាល់​ជា​ទាហាន​ជើងទឹក មាស ភិរម្យ​ មកពី​ក្លិប​កងទ័ព​ជើងគោក​ ក្នុង​ទម្ងន់​ ៧៣ ​គីឡូក្រាម​ ដែល​ជា​កីឡាករ​ចាស់វស្សា​ដូច​គ្នា ​ប៉ុន្តែ​ភាគច្រើន​មិន​សូវ​ឃើញ​ឡើង​ប្រកួត​ញឹកញាប់​ឡើយ​៕

Post a Comment

 
Top