GuidePedia

0
កីឡាករ​វាយ​កូនបាល់ Kei Nishikori ដែល​បាន​​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​ ៤ ​នៅលើ​​តារាង​ចំណាត់ថ្នាក់​​ពិភពលោក​នៅ​សប្តាហ៍​នេះ នឹង​​ដឹកនាំ​ក្រុម​ភ្ញៀវ​ជប៉ុន​ក្នុង​ការ​ប្រកួត​ពាន Davis Cup ជុំ​ទី​១​នៅ​ថ្ងៃ​សុក្រ​នេះ​នៅពេល​ដែល​ជួប​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​កាណាដា​របស់​កីឡាករ Milos Raonic​។


Nishikori ដែល​ជា​ម្ចាស់​ជើងឯករង​ក្នុង US Open កាលពី​ឆ្នាំ​មុន មាន​​កំណត់ត្រា​ឈ្នះ​៤​លើក និង​ចាញ់​២​លើក​ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង Raonic ដែល​បាន​ឈាន​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Wimbledon វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ​មុន​​។ ពួកគេ​បាន​កត់ត្រា​ជ័យជម្នះ​លើ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ប្រកួត​របស់​កម្មវិធី Grand Slam ក្នុង​ឆ្នាំ​ ២០១៤ ​។

ការ​ជួប​ប្រកួត​គ្នា​យ៉ាងស្វិតស្វាញ​ក៏​​បាន​នាំឲ្យ Nishikori ផ្តួល Raonic ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​​​នៅ​ទីក្រុង​តូក្យូ​​កាលពី​​ឆ្នាំ​ ២០១២ និង​ ២០១៤​​ ក៏​ដូចជា​ក្នុង​កម្មវិធី ATP Madrid Masters វគ្គ​​ ១៦ ​នាក់​ចុងក្រោយ​កាលពី​ឆ្នាំ​ ២០១៤ ផង​ដែរ ប៉ុន្តែ Raonic បាន​ស្តារ​មុខមាត់​វិញ​ក្នុង​ការ​​ប្រកួត​យ៉ាងស្វិតស្វាញ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ​របស់​ពួកគេ​​ក្នុង​​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ទីក្រុង Brisbane​។

ទាក់ទង​នឹង Raonic កីឡាករ Nishikori បាន​ឲ្យ​ដឹង​ថា៖ «វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​រូប​គេ​។ ប៉ុន្តែ ខ្ញុំ​ក៏​រីករាយ​ក្នុង​ការ​លេង​ជាមួយ​នឹង​គេ​ផង​ដែរ​»​។ Raonic ដែល​មាន​ភាព​ល្បីល្បាញ​ទៅលើ​ការ​វាយ​សេវា​ដ៏ខ្លាំង​របស់​គេ​នោះ កំពុង​តែ​មាន​កំណត់ត្រា​​លើ​ទឹកដី​ខ្លួនឯង​​ចំនួន​៨​លើក​ជាប់ៗ​គ្នា​ក្នុង​ការ​ប្រកួត Davis Cup ហើយ​នឹង​សម្លឹង​រក​​ការ​សងសឹក​ទៅលើ​ការ​រងបរាជ័យ​ក្នុង​ជុំ​ទី​១​​នៃ Davis Cup របស់​កាណាដា ក្នុង​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​មុន ដែល​នៅពេល​នោះ Raonic បាន​រងរបួស​។


Raonic បាន​ឲ្យ​ដឹង​ថា៖ «ការ​ទទួល​បាន​ឱកាស​មួយ​ក្នុង​ការ​លេង​ជាមួយ​នឹង​រូប​គេ​នៅលើ​ទឹកដី​ខ្លួនឯង គឺជា​​អ្វី​ដែល​ខ្ញុំ​រង់ចាំ​​ជា​យូរ​មក​ហើយ​»​។

Post a Comment

 
Top