GuidePedia

0
Louis van Gaal ​អ្នកចាត់ការ​​ក្រុម​ Manchester United ​នឹង​បន្ត​​ប្រើ​ប្រាស់​លុយ​ធំ​ជា​ថ្មី​ម្ដង​ទៀត នា​រដូវ​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ​ ដើម្បី​​ទិញ​កីឡាករ​ខ្លាំងៗ ដែល​មាន​បទពិសោធន៍​ច្រើន​ស្រាប់ ​មក​ចូល​រួម​ក្រុម និង​ត្រៀម​ប្រជែង​យក​ពាន​រង្វាន់​ Premier League ​សាជា​ថ្មី​​វិញ នៅ​រដូវ​កាល​ក្រោយ។


អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់ វ័យ​៦៣​ឆ្នាំ​រូប​នេះ នឹង​​បង្វែរ​ចំណាប់​អារម្មណ៍​​ទៅ​លើ​តែ​​កីឡាករ​ឆ្នើម​ ដែល​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​ល្បីៗ​តែ​ប៉ុណ្ណោះ ដោយ​លោក​មិន​ចង់​ប្រថុយ​ប្រថាន​​ទិញ​​យក​កីឡាករ​ក្មេងៗ ដែល​មាន​តម្លៃ​ថ្លៃ​ ហើយ​មិន​អាច​ជួយ​ឲ្យ​ក្រុម​រឹងមាំ ដល់​កម្រិត​អាច​ប្រជែង​យក​ពាន​រង្វាន់​​នោះ​ទេ។

​​​​កាល​ពី​រដូវ​​កាល​មុន​ Man Utd ​បាន​ចំណាយ​លុយ​ប្រមាណ​ ១៥០​លាន​ផោន​ (ជាង​២២២,៥​លាន​ដុល្លារ) ​ដើម្បី​​យក​កីឡាករ​មក​ពង្រឹង​ក្រុម ដែល​ក្នុង​​នោះ​ក៏​ទិញ​បាន​កីឡាករ​ល្បីៗ ដូច​ជា​ Radamel Falcao (ខ្ចី​ជើង)​ និង Angel di Maria ​ផង​ដែរ ប៉ុន្តែ​ជា​លទ្ធផល​កីឡាករ​ទាំង​២​នេះ ពុំ​សូវ​បាន​ជួយ​ឲ្យ​បិសាច​ក្រហម​ទទួល​បាន​ផ្លែផ្កា​ប៉ុន្មាន​ទេ។

​ដោយ​ឡែក​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ទោះ​បាន​ ឬ​មិន​បាន​កៅអី​ទៅ​លេង​ Champions League ​នៅ​រដូវ​កាល​ក្រោយ​​ក៏​ដោយ Man Utd ​នៅ​តែ​ត្រៀម​ទឹក​ប្រាក់​មហាសាល ១០០​លាន​ផោន (​ជាង​១៤៨​លាន​ដុល្លារ) ​ដើម្បី​ត្រៀម​ទិញ​ជើង​ខ្លាំង​ស្រាប់ៗ​ចូល។


​​ខ្សែ​ការពារ​​វ័យ​២៦​ឆ្នាំ​ Mats Hummels ​របស់​ Borussia Dortmund ​និង​ម្ចាស់​ជ័យ​លាភី​ជើង​ឯក​ World Cup ​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ គឺ​ជា​គោលដៅ​​ទី​១ សម្រាប់​លោក Van Gaal។ រីឯ​ Super Star ​វ័យ​ក្មេង​របស់​ Juventus ​កីឡាករ​ Paul Pogba ​ដែល​ជា​ខ្សែ​បម្រើ​ដ៏​មុត​ស្រួច​របស់​ពិភពលោក​នោះ គឺជា​គោល ដៅ​ទី២ ខណៈ​ដែល​​ខ្សែ​ការពារ​ស្ដាំ Dani Alves ​របស់​ FC Barcelona ​គឺជា​គោល ​ដី​ទី​៣៕

បើ​ Man Utd ​អាច​ទិញ​បាន​កីឡាករ​កំពូល​ទាំង​៣​ខាង​លើ​នេះ​មែន ​តើ​ប្រិយ​មិត្ត​យល់​ថា​បិសាច​ក្រហម អាច​លើក​ពាន​បាន​​ដែរ​ឬ​ទេ រដូវ​កាល​ក្រោយ?

Post a Comment

 
Top