GuidePedia

0
ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រាបៀរ​ អាន់ឆ័រ​ (Anchor Beach Party)​ លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​ បាន​ប្រារព្ធ​ធ្វើ​ឡើង​ប្រកប​ដោយ​ជោគជ័យ​ចំនួន​បី​ថ្ងៃ​ជាប់​គ្នា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ នា​ថ្ងៃ​ពី ​១៤​ ដល់​ ១៦​ ខែ​មេសា ​ នៅ​ឆ្នេរ​​​​អូរ​ឈើ​ទាល​ ខេត្ត​ព្រះសីហនុ។​


កម្មវិធី​ Anchor Beach Party ​ដំបូង​បង្អស់​របស់​ស្រាបៀរ​ អាន់ឆ័រ​ មិន​ត្រឹមតែ​ផ្ដល់​ជូន​ ទស្សនិកជន​នូវ​សកម្មភាព​ប្រកួត​បាល់ទះ​យ៉ាង​ស្វិតស្វាញ​នៅ​លើ​ឆ្នេរ​ខ្សាច់​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​​មាន​សកម្មភាព​​​​សប្បាយ​រីករាយ​​ជា​ច្រើន​​​ដូច​ជា ការ​ប្រគំ​តន្ត្រី​រយៈពេល​បី​ថ្ងៃ​នៅ​ពេល​រាត្រី​ដែល​ចូលរួម​សម្ដែង​ដោយ​កំពូល​តារាល្បីៗ​ ដូចជា ​ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ​ពេជ្រ សោភា ​ណុប ប៉ាយ៉ារិទ្ធ ​ទេពបូព្រឹក្ស​ ខេមរៈ សិរីមន្ត សុខពិសី​ ព្រម​ទាំង​តារា​ចម្រៀង​កំពុង​និយម​ជាច្រើន​រូប​ទៀត​ និង​មាន​កម្មវិធី​ពិសេស​ជា​ច្រើន​ផងដែរ។

កម្មវិធី​នេះ​ក៏​មាន​ការ​ផ្សាយបន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ហង្សមាស ​HDTV ។​ ដោយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡា​បាល់ទះ​ ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ​ដែល​មក​លេង​ក្រុង​ព្រះសីហនុ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ បាន​ចូលរួម​ទស្សនា​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​របស់​ក្រុម​កីឡាករ​នៅ​ពេល​ថ្ងៃ​ ក៏​ដូចជា​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រាបៀរ​អាន់ឆ័រ ​ នា​ពេល​រាត្រី។ ស្រាបៀរ​ អាន់ឆ័រ ​មាន​គោលបំណង​ផ្ដល់​ជូន​បទ​ពិសោធន៍​បាល់​ទះ​ដែល​​មាន​លក្ខណៈ​ពិសេស​ និង​មិន​អាច​បំភ្លេច​បាន​ចំពោះ​មហាជន ​និង​អ្នក​គាំទ្រ​បាល់ទះ​កម្ពុជា​ ជា​ពិសេស​ជួយ​ពង្រឹង​វិស័យ​បាល់​ទះ​នៅ​កម្ពុជា ។​

ចំពោះ​វគ្គ​ប្រកួត​ជម្រុះ​រយៈពេល​ពីថ្ងៃ​ជាប់​គ្នា​​ចាប់​ថ្ងៃ​ពី​ ១៤​ ដល់ ​១៥​ ខែមេសា​ នៅ​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល​ ខេត្តព្រះសីហនុ ​​មាន​ការ​ចូលរួម​ពី​ក្រុម​បាល់​ទះ​ ៣២ ក្រុម គេ​បាន​រក​ឃើញ​ក្រុម​ជើង​ឯក​ ចំនួន ០២ ​ ក្រុម​ដើម្បី​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ​ហើយ​រី​ឯ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រាបៀរ ​អាន់ឆ័រ​ មាន​ការចូលរួម​ពី​ក្រុម​កំពូល​ចំនួន​០៨ ​ក្រុម​មក​ពី​ខេត្ត​បាត់ដំបង​ សៀមរាប​ កំពង់ចាម​ និង​ព្រះសីហនុ ​ដែល​បាន​ធ្វើ​ឡើង​ថ្ងៃ​ទី​ ១៦ ខែមេសា​ នៅ​ឆ្នេរ​សមុទ្រ​អូរ​ឈើទាល ​ខេត្តព្រះសីហនុ គេ​បាន​រក​ឃើញ​ក្រុម​ជើង​ឯក​ ចំនួន ​ ៣​ ក្រុម​គឺ​ក្រុម​ កងពល​ធំ​អន្តរាគមន៍​លេខ​ ៣​​ (៣)​ បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​ក្នុង​ក្របខ័ណ្ឌ​ពាន​រង្វាន់​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រាបៀរ​ អាន់ឆ័រ ​ដែល​ទទួល​បាន​រង្វាន់ជា​ទឹកប្រាក់​ ៣០០០ ដុល្លារ​​ និង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​សម្រាប់​ក្រុម​ជើងឯក។

​ចំពោះ​ជើងឯក​រង​បាន​ទៅ​លើ​ក្រុម​ កង​ពល​ធំ​អន្តរាគមន៍​លេខ ​៣ (២) ទទួល​បាន​រង្វាន់ជាទឹកប្រាក់​ ១៥០០​ ដុល្លារ ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​ ៣​ បាន​ទៅ​លើ​ ក្រុម​ កងពលធំអន្តរាគមន៍លេខ ៣ (១) ​និង​ក្រុម​ខេត្ត​ស្វាយរៀង (១) ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ ស្ទួន ​ទទួល​បាន​រង្វាន់​ទឹក​ប្រាក់ ​៥០០ ដុល្លារ​ ព្រម​ទាំង​រង្វាន់​ជាច្រើន​ផ្សេង​ទៀត​ សម្រាប់​កីឡាករ​ដែល​ទទួល​ជយលាភី៕

Post a Comment

 
Top