GuidePedia

0
Zlatan Ibrahimović ​​បាន​ហៅ​ប្រទេស​បារាំង​ថា “Shit country” បន្ទាប់​ពី​ក្រុម​ Paris Saint-Germain ​ចាញ់​ក្រុម​ Bordeaux ៣-២ ​ក្នុង​ការ​ប្រកួត​​ Ligue 1 សប្ដាហ៍​ទី​២៩​ កាល​ពី​យប់​មិញ។ យ៉ាង​ណា​ក្ដី ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ក៏​បាន​ចេញ​មក​សុំ​ទោស​ហើយ​ដែរ ដោយ​និយាយ​ថា ​ខ្លួន​​គ្មាន​បំណង​​ដៀល​ដល់​ប្រជាជន​បារាំង​នោះ​ទេ។


កីឡាករ​អន្តរជាតិ​ស៊ុយអែត​​រូប​នេះ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​២​គ្រាប់ ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​បារាំង​​បាន​ស្មើ​ ប៉ុន្តែ​គ្រាប់​បាល់​ចុង​ម៉ោង​របស់ Diego Rolan នៃ​ក្រុម​ Bordeaux បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Laurent Blanc ​​បាត់​បង់​ឱកាស​​ឡើង​ឈរ​លើ​កំពូល​តារាង។

​​​​​ក្នុង​ការ​ប្រកួត​ ដែល​លោក​អាជ្ញាកណ្ដាលLionel Jeffredo ​សម្រេច​ចិត្ត​​​ច្រើន​លើក​ច្រើន​សារ​ ដូច​ជា​លំអៀង​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ខ្លាំង​ពេក​នោះ Zlatan បាន​និយាយ​ថា៖ “រយៈពេល​១៥​ឆ្នាំ​នេះ ខ្ញុំ​មិន​ដែល​ឃើញ​អាជ្ញាកណ្ដាល​រូប​ណា​មួយ​ល្អ​នោះ​ទេ នៅ​ក្នុង​ “Shit Country” នេះ។ វា​មិន​ស័ក្ដិសម​សម្រាប់​ក្រុម​ PSG ហើយ​អ្នក​ក៏​មិន​មែន​កំពុង​តែ​លេង​សិល្បៈ​ដែរ”។

បន្ទាប់​ពី​ដឹង​ខ្លួន​ថា ​សម្ដី​ដូច​ជា​ធ្ងន់ៗ​ខ្លាំង​ពេក អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម AC Milan រូប​នេះ ក៏​បាន​ចេញ​មក​និយាយ​សុំ​ទោស​ផង​ដែរ​ថា៖ “ខ្ញុំ​ចង់​បញ្ជាក់​ថា សម្ដី​​របស់​ខ្ញុំ​គឺ​សំដៅ​ទៅ​តែ​លើ​ប្រទេស​តែ​ប៉ុណ្ណោះ មិន​មែន​ប្រជាជន​​បារាំង​ទេ។ ខ្ញុំ​និយាយ​ពី​បាល់​ទាត់​ មិន​មែន​រឿង​អ្វី​ផ្សេង​ទេ ហើយ​ខ្ញុំ​សូម​អភ័យ​ទោស​ ដល់​ប្រជាជន​បារាំង​ទាំង​អស់ បើ​ខ្ញុំ​ជ្រុល​ជ្រួស​​សម្ដី”។


​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​​ ដែល​ទើប​តែ​រួច​ផុត​ពី​ការ​ពិន័យ​២​ប្រកួត​ កាល​ពី​សប្ដាហ៍​មុន​ពេល​ប៉ះ​ក្រុម Lens រូប​នេះ​ ​អាច​នឹង​ជាប់​ពិន័យ​ទៀត បើ​សិន​ជា​ខាង​សហព័ន្ធ​បាល់​ទាត់​បារាំង​រក​ឃើញ​ថា មាន​កំហុស​ឆ្គង​ក្នុង​ពាក្យ​​សម្ដី​​មិន​សមរម្យ​នេះ​ពិត​មែន៕

Post a Comment

 
Top