GuidePedia

0
ក្រុមកីឡាវាយកូនបាល់ ជម្រើសជាតិកម្ពុជា បានរក្សាចំណាត់ថ្នាក់ ក្នុងក្រុមកម្រិត III នៃព្រឹត្តិការណ៍ Davis-Cup ជាលើកទី៣ បន្ទាប់ពីទម្លាក់ ក្រុមកីឡាករ ជម្រើសជាតិកាតា ក្នុងការប្រកួត កីឡាវាយកូនបាល់ ប្រចាំតំបន់ អាស៊ី-អូសេអានី (Asia/Oceania) ក្នុងលទ្ធផលបច្ចេកទេស ២-១ នៅលើទីលាននៃទីក្រុង កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ ។


យោងតាមព័ត៌មាននៅលើ Facebook ផ្លូវការរបស់សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា បានឲ្យដឹងថា ក្រោយធ្វើការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល ៤ ថ្ងៃ ជាប់គ្នា ចាប់ពីថ្ងៃទី២៥-២៨ ខែមីនានេះ ក្រុមកីឡាវាយកូនបាល់ ជម្រើសជាតិកម្ពុជា មិនសូវជាទទួលបានលទ្ធផលល្អនោះទេ ពោលគឺក្នុងការប្រកួត ជម្រុះពូល B កម្ពុជា បានប្រកួតចាញ់៣ប្រទេសជាប់គ្នា ក្នុងនោះចាញ់ ស៊ីរី ២-១ ចាញ់ទួកមេនីស្ថាន ២-១ និងមួយប្រកួតចុងក្រោយ គឺត្រូវក្រុមកីឡាករ វៀតណាម វាយបំបាក់ ក្នុង លទ្ធផល ៣-០ ដាច់ ។

បន្ទាប់ពីបរាជ័យក្នុងពូល B ក្រុមកីឡាករកម្ពុជា ក៏បន្ដប្រកួតជាមួយ ក្រុមចាញ់ដូចគ្នា នៅពូល A ពោលគឺកម្ពុជា ត្រូវប៉ះក្រុមកីឡាករជម្រើសជាតិកាតា ដើម្បីប្រកួត រក្សា តំណែង ក្នុងក្រុមកម្រិត III ។ ជាលទ្ធផល ក្រុមកីឡាករជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមកីឡាករកាតា ២-១ ដោយកីឡាករ ម៉ម ផល្គុន យកឈ្នះ កីឡាករ កាតា Ali Mutawa ២-០ (៦-២ និង ៦-១) កីឡាករ ប៊ុន កេន្នី ឈ្នះកីឡាករ Al Harrasi ២-០ (៧-៥ និង ៦-៣) ប៉ុន្ដែវិញ្ញាសាវាយគូកីឡាករកម្ពុជា ឡុង សំនៀង និងកីឡាករ ឌឿម សុជាភារុន ប្រកួតចាញ់កីឡាករកាតា Ali និង Zayed ក្នុងលទ្ធផល ២-០ ជាមួយនឹងពិន្ទុ ៦-២ និង ៦-១ ។

នេះគឺជាលើកទី៣ហើយ ដែលក្រុមកីឡាករ វាយកូនបាល់កម្ពុជា រក្សាចំណាត់ថ្នាក់ក្នុងក្រុមកម្រិត III នៃព្រឹត្តិការណ៍វាយកូនបាល់ ប្រចាំតំបន់អាស៊ី-អូសេអានី ខណៈឆ្នាំ២០១៣ និងឆ្នាំ២០១៤ កម្ពុជាក៏ទទួលបានលទ្ធផលបែបនេះដែរ ពោលគឺពុំមានឱកាសឡើងទៅកម្រិត II នោះទេ ក្រៅពីចូលរួមលើកទី១ កាលពី ឆ្នាំ ២០១២ កីឡាករវាយកូនបាល់កម្ពុជា បានដណ្ដើមកៅអីឡើងពីក្រុមកម្រិត IV មកក្រុមកម្រិត III រហូតដល់បច្ចុប្បន្ន ។


រីឯក្រុមកីឡាវាយកូនបាល់ ជម្រើសជាតិស៊ីរី ក៏រក្សាចំណាត់ថ្នាក់ ក្នុងក្រុមកម្រិត III ដែរ ក្រោយទម្លាក់ ក្រុមកីឡាករអារ៉ាប់រួម ក្នុងលទ្ធផលបច្ចេកទេស ៣-០ នៅមុននេះបន្ដិចដែរ ។ ចំណែកគូប្រជែងដណ្ដើម កៅអីក្រុមកម្រិត II កំពុងតែដំណើរការ យ៉ាងស្វិតស្វាញ នៅលើទីលាននៃទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី គឺមានវៀតណាម ប៉ះហុងកុង និងទួកមេនីស្ថាន ប៉ះម៉ាឡេស៊ី ៕

Post a Comment

 
Top