GuidePedia

0
ក្រុម​ក្លិប​បាល់ទាត់​បឹងកេតអង្គរ សមាជិក​ក្នុង​លីក​បាល់ទាត់​កម្ពុជា កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា វិញ នៅ​ថ្ងៃ​ទី ៣០ ខែ មីនា ឆ្នាំ ២០១៥ នេះ ក្រោយ​ចប់​យុទ្ធនាការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ ជាមួយ​ក្លិប​លីក​កំពូល​នៅ​ប្រទេស​ថៃ ចំនួន ២ ប្រកួត។

ជម្រើស ១១ នាក់​ដំបូង​របស់ ក្រុម​បឹងកេតអង្គរពេល​ប្រកួត​ជាមួយ Sisaket FC យប់​មិញ


លោក បែ មករា អ្នកចាត់ការ​ក្រុម និង លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ថ្មី បាន​ដឹកនាំ​កីឡាករ​ចំនួន ២២ នាក់ (អវត្តមាន​កីឡាករ រស់ សំអឿន និង ចាន់ វឌ្ឍនាកា ជាប់​ជម្រើស​ជាតិ U-22) បាន​ធ្វើ​ដំណើរ​ទៅ​​ប្រទេស​ថៃ តាំង​ពី​ថ្ងៃ​ទី ២៤ ខែ មីនា ​ម្ល៉េះ។

ឆ្លង​កាត់ ២ ប្រកួត​នៅ​ទឹកដី​ថៃ បឹងកេតអង្គរ បាន​ប្រកួត​ស្មើ​គ្នា ១ ទល់ ១ ជាមួយ​ក្រុម Nakhon Ratchasima Mazda កាល​ពី​ថ្ងៃ​ទី ២៦ ខែ មីនា នៅ​កីឡដ្ឋាន King’s 80th Birthday Anniversary និង ប្រកួត​ចាញ់​ម្ចាស់​ផ្ទះ Sisaket FC ដោយ​លទ្ធផល ២ ទល់ ១ កាល​ពី​យប់​ថ្ងៃ​ទី ២៩ ខែ មីនា ម្សិលមិញ នៅ​កីឡដ្ឋាន Sri Nakhon Lamduan Stadium ។

យោង​តាម​លោក យ៉ុង ម៉ុងហាក់ ជំនួយការ​អ្នកចាត់ការ​​ក្លិប​បឹងកេតអង្គរ បាន​ប្រាប់ Sabay មក​ពី​ព្រំដែនកម្ពុជា-ថៃ ថា​ទោះ​ជា​ចាញ់​នៅ​ប្រកួត​ចុង​ក្រោយ​​ដោយ​បាល់​ហ្វ្រីឃីត របស់​ម្ចាស់​ផ្ទះ​មែន តែ Sisaket FC សរសើរ​ពី​ទម្រង់​លេង​របស់​ក្រុម​លោក ហើយ​ថែម​​ទាំង​មាន​គម្រោង​អញ្ជើញ​ទៅ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​មួយ ​នៅ​ទីនោះ​ម្ដង​ទៀត ក្រោយ​ចប់​ប្រកួត​​លីក​បាល់ទាត់​ថៃ។

ប្រភព​បន្ថែម​ថា មាន​ក្រុម​មួយ​ចំនួន​ទាក់ទង ប្រកួត​មិត្តភាព​ដែរ តែ​​ក្រុម​លោក​បដិសេធ ព្រោះ​​ដល់​ថ្ងៃ​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ៕

Post a Comment

 
Top